Skip to content

ប្រយ័ត្នគ្រោះថ្នាក់ស្រីៗ បើឃើញរោគសញ្ញាទាំងនេះមិនព្រមអើពើ

តាមពិតរាងកាយរបស់យើងតែងតែបង្ហាញរោគសញ្ញាមួយចំនួន ដែលបញ្ជាក់ពីបញ្ហាសុខភាព ប៉ុន្តែមនុស្សភាគច្រើនយល់ថា ជារឿងធម្មតា ហើយមិនសូវអើពើឡើយ។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកជួបនឹងបញ្ហាមួយចំនួនខាងក្រោម គួរតែប្រញាប់រកដំណោះស្រាយភ្លាម៖

១.ការហូរឈាមក្រោយពេលអស់រដូវ

នៅពេលដែលឈាមហូរចេញតាមទ្វារមាស ក្រោយពេលអស់រដូវ គឺជាមូលហេតុមួយដ៏គួរឲ្យព្រួយបារម្ភ។ ករណីនេះ អាចបង្កឡើងដោយកង្វះអ័រម៉ូន ឬអាចជាសញ្ញានៃជំងឺមហារីក ស្បូន និងដៃស្បូន។

២.ស្រកទម្ងន់ភ្លាមៗ

ប្រសិនបើអ្នកស្រាប់តែស្រកទម្ងន់ភ្លាមៗ ដោយគ្មានហេតុផល ត្រូវប្រយ័ត្នឲ្យមែនទែន ព្រោះវាអាចបង្កឡើងដោយជំងឺទឹកនោមផ្អែម ឬភាពមិនប្រក្រតីនៃអ័រម៉ូន។ ក្នុងករណីមួយចំនួន ការស្រកទម្ងន់ភ្លាមៗដោយសារតែកើតជំងឺមហារីកពោះវៀន។

៣.ហើមពោះជាប់ជានិច្ច

ជារឿងធម្មតាទេ បើពោះរបស់អ្នកមានអាការ:ហើមម្តងម្កាល ជាពិសេសក្នុងពេលមករដូវ។ ប៉ុន្តែចំពោះអ្នកដែលហើមពោះជានិច្ច ដោយគ្មានហេតុផល អាចបណ្តោលមកពីជំងឺមហារីកក្រពេញអូវែ។

៤.គេងគ្រប់គ្រាន់ហើយនៅតែអស់កម្លាំង

ប្រសិនបើអ្នកគេងរយ:ពេល ៨ម៉ោងហើយ នៅតែមានអារម្មណ៍អស់កម្លាំង ហើយមិនចង់ទៅធ្វើការអ្វីសោះ អាចបណ្តោលមកពី ជំងឺស្លេកស្លាំង ជំងឺធ្លាក់ទឹកចិត្ត ជំងឺផ្លូវអារម្មណ៍…។

ដូច្នេះហើយ ប្រសិនបើអ្នកកើតមានរោគសញ្ញា ដែលបានរៀបរាប់ខាងលើ សូមទៅពិនិត្យ និងធ្វើការព្យាបាលកាន់តែឆាប់កាន់តែល្អ៕