គ្រាន់តែទារកចាប់ផ្តើមបង្កកំណើតនៅក្នុងផ្ទៃភ្លាម ទាំងអារម្មណ៍ និងរាងកាយរបស់មនុស្សស្រីចាប់ផ្តើមផ្លាស់ប្តូរភ្លាម ក៏ព្រោះការប្រែប្រួលនៃកម្រិតអ័រម៉ូន។ ប៉ុន្តែទន្ទឹមនឹងការប្រែប្រួលនេះ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួនផងដែរ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់។
ហូរឈាមចេញពីទ្វារមាស
នៅពេលមានផ្ទៃពោះ ស្ត្រីចៀសមិនផុតពីការហូរឈាមចេញពីទ្វារមាសតិចតួចនោះទេ ប៉ុន្តែក្នុងករណីដែលការហូរឈាមមានសភាពធ្ងន់ធ្ងរ អាចជាសញ្ញារលូតកូន ឬការមានផ្ទៃពោះក្រៅស្បូន។
កើតអាការគ្រុនក្តៅខ្លាំង
អាការគ្រុនក្តៅខ្លាំង គឺជាសញ្ញានៃការឆ្លងមេរោគ ដែលអាចគំរាមកំហែងដល់ការលូតលាស់ របស់ទារកនៅក្នុងផ្ទៃ។ ក្នុងស្ថានភាពបែបនេះ ទារកកើតមកអាចជួបប្រទះនឹងបញ្ហាកើតមិនគ្រប់គីឡូ ហើយប្រព័ន្ធភាពស៊ាំទន់ខ្សោយងាយនឹងទទួលរងនូវជំងឺផ្សេង។
ឈឺចាប់ក្នុងពោះ
ជាធម្មតា ប្រសិនបើយើងទទួលទានចំណីខុសវាអាចបង្កឲ្យមានការឈឺចាប់ក្នុងពោះ ហើយរាគថែមទៀត។ ប៉ុន្តែក្នុងករណីមានការឈឺចាប់ខ្លាំង ហើយស្ថិតនៅផ្នែកខាងក្រោមនៃពោះ វាក៏សញ្ញានៃការរលូតកូនដែរ។
មានហូរទឹករំអិលចេញពីទ្វារមាស
នេះគឺជារោគសញ្ញាមួយនៃការឆ្លងមេរោគផ្សិត ឬបាក់តេរី ដែលអាចគំរាមកំហែងខ្លាំងដល់សុខមាតា និងជីវិតរបស់ទារក។ ករណីខ្លះ ការឆ្លងមេរោគអាចធ្វើឲ្យរលូត ឬខូចអវយវ:មួយចំនួននៅពេលទារកកើតមក៕