ទឹកដោះគោ ជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលសម្បូរទៅដោយអាហាររូបត្ថម្ភដ៏សម្បូរបែប ព្រមទាំងអាចការពារជំងឺបានច្រើនមុខ។ នៅក្នុងផ្លែទឹកដោះគោ ១០០ក្រាម មានផ្ទុក ៦៧,២កាឡូរី វីតាមីនB1 វីតាមីនB2 វីតាមីនB3 វីតាមីនC ជាពិសេសជាតិដែក ជាតិសរសៃ ប្រូតេអ៊ីន…រួមទាំងសារធាតុសំខាន់ៗផ្សេងទៀត។
ហេតុនេះហើយ ប្រសិនបើអ្នកទទួលទានវាជាប្រចាំ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
ជំនួយដល់ឆ្អឹង និងកម្ចាត់ខ្លាញ់ដែលលើស
កាល់ស្យូម ដែលមានវត្តមាននៅក្នុងផ្លែទឹកដោះគោមានចំនួន ១០ភាគរយ គឺអាចបំពេញតម្រូវការជាតិកាល់ស្យូមរបស់យើងជាមធ្យមក្នុងមួយថ្ងៃបាន។ វាមិនត្រឹមតែអាចជួយកសាងឆ្អឹងឲ្យរឹងមាំប៉ុណ្ណោះទេ ថែមទាំងអាចកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីរាងកាយថែមទៀត។
ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
សារធាតុកាល់ស្យូម ផូស្វ័រ ដែក និងម៉ាញេស្យូម នៅក្នុងផ្លែទឹកដោះគោ គឺជាសមាសភាគសំខាន់បំផុត ដែលអាចជួយដល់ស្ត្រីមានផ្ទៃពោះ និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ។
ជាប្រភពវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម
ប្រសិនបើអ្នកទទួលទានផ្លែទឹកដោះគោរាល់ថ្ងៃ រាងកាយនឹងស៊ាំជាមួយភ្នាក់ងារបង្ករោគ។ លើសពីនេះសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា អាចជួយទប់ស្តាត់ និងកម្ចាត់ជាតិពុល រួមទាំងរ៉ាឌីកាល់សេរីចេញពីរាងកាយ។
ផ្តល់កាបូនអ៊ីដ្រាតសម្រាប់រាងកាយ
រាងកាយរបស់យើងត្រូវការថាមពលកាបូនអ៊ីដ្រាតចំនួន ៦០ភាគរយ នៃថាមពលសរុប។ បើគ្មានសមាសភាគនេះទេ ដំណើរការរបស់សរសៃប្រសាទនឹងមានការរំខាន។ ដូច្នេះ ការទទួលទានផ្លែទឹកដោះគោប្រចាំថ្ងៃ អាចបំពេញតម្រូវការមួយនេះបាន។
ផ្តល់ជាតិសរសៃ
ផ្លែទឹកដោះគោសម្បូរទៅដោយជាតិទឹក និងសរសៃ ដែលអាចជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។
ដូច្នេះ ផ្លែឈើមួយប្រភេទនេះសាកសមសម្រាប់អ្នកដែលមិនចង់ឡើងទម្ងន់ ឬចង់សម្រកទម្ងន់។ ក្រៅពីនេះ វាអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងការពារជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធិភាព៕