ទឹកកក ត្រូវបានគេប្រើប្រាស់សម្រាប់ក្លាសេ ឬដាក់ក្នុងភេសជ្ជ:ផ្សេងៗ ដើម្បីបង្កើនរសជាតិ និងងាយស្រួលក្នុងការទទួលទាន។ ប៉ុន្តែ ក្រៅពីបន្ថែមក្នុងភេសជ្ជៈផ្សេងៗ គ្រប់គ្នាប្រហែលជាមិនទាន់ដឹងទេថា ទឹកកកក៏មានអត្ថប្រយោជន៍សម្រាប់សម្រស់ផងដែរ។
កម្ចាត់បញ្ហាមុន
បញ្ហាមុននៅលើផ្ទៃមុខ ធ្វើឲ្យអ្នកមានអារម្មណ៍នៅមិនសុខ ចង់តែយកដៃទៅប៉ះ ឬញិចនោះទេ។ ប៉ុន្តែដើម្បីកាត់បន្ថយ អ្នកត្រូវប្រើទឹកកក ព្រោះភាពត្រជាក់របស់វាអាចធ្វើឲ្យមុនក្រាបមកវិញបាន។
បង្រួមរន្ធញើស
ភាពត្រជាក់នៃទឹកកក មានប្រសិទ្ធភាពបំផុតក្នុងការបង្រួមរន្ធញើសធំៗ ឲ្យប្រែក្លាយជាតូចៗរហូតមើលលែងឃើញ។ អ្នកអាចប្រើទឹកកកម៉ាស្សារាល់ថ្ងៃ ផ្ទៃមុខនឹងប្រែជាស្រស់ស្អាតគួរឲ្យទាក់ទាញ។
ប្រឆាំងរង្វង់ភ្នែកខ្មៅ
វិធានការដើម្បីប្រឆាំងនឹងបញ្ហារង្វង់ភ្នែកខ្មៅ គឺទឹកកក។ ព្រោះការស្អំទឹកកកអាចជួយឲ្យសរសៃឈាមក្រោមស្បែករត់បានល្អ ហើយស្នាមខ្មៅៗនឹងរលាយបាត់ទៅវិញបន្តិចម្តងៗ។
ដោះស្រាយបញ្ហាហើមភ្នែក
នៅពេលដែលអ្នកក្រោកឡើង តើធ្លាប់មានបញ្ហាហើមភ្នែកដែរឬទេ? បញ្ហានេះអាចកើតមានដោយសារតែអ្នកគេងបានតិច ឬគេងជ្រុលពេក។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកត្រូវប្រើកន្លែងតូចមួយរុំទឹកកក រួចស្អំនៅត្រង់កន្លែងដែលហើម។ មិនយូរទេស្ថានភាពហើម នឹងស្រកទៅវិញ៕