ផ្កាសាយ ត្រូវបានគេចាត់ទុកជាជំងឺទូទៅមួយប្រភេទ ដែលកើតមានចំពោះមនុស្សគ្រប់វ័យ ជាពិសេសក្នុងរដូវរងារ។ ពេលដែលកើតជំងឺផ្កាសាយភ្លាម មនុស្សភាគច្រើតែងតែមានទម្លាប់ទៅរកទិញថ្នាំលេប ក៏ប៉ុន្តែពួកគេមិនទាន់ដឹងថា នៅក្នុងស្ថានភាពបែបនេះគួរតែតមអាហារប្រភេទណាឡើយ។
ដូច្នេះខាងក្រោមនេះ ជាអាហារ ៤ប្រភេទ ដែលអ្នកជំងឺផ្តាសាយគួរតែជៀសវាងព្រោះវាអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងបង្កឲ្យមានបញ្ហាផ្សេងៗ។
១. ប្រភេទភេសជ្ជ:កំប៉ុង
នៅពេលដែលអ្នកកំពុងតែកើតជំងឺផ្កាសាយ ហៀរសំបោរ មិនគួរទទួលទានភេសជ្ជ:កំប៉ុងផ្សេងៗឡើយ។ ដោយសារតែភេសជ្ជ:ទាំងនោះមានផ្ទុកជាតិស្ករច្រើន ធ្វើឲ្យសមត្ថភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរបស់កោសិកាឈាម ត្រូវកាត់បន្ថយ។ បើទោះបីជាទឹកផ្លែឈើមួយចំនួនមានផ្ទុកវីតាមីន C កម្រិតខ្ពស់ក៏ដោយ ក៏វាមិនល្អសម្រាប់រាងកាយអ្នកជំងឺដែរ។
២.អាហារចៀន ឬបំពង
ខណ:ពេលដែលអ្នកកំពុងតែមានជំងឺផ្តាសាយ គួរតែនៅឲ្យឆ្ងាយពីអាហារចៀន ឬបំពង ព្រោះវាសម្បូរជាតិខ្លាញ់ដែលអាចកាត់បន្ថយភាពស៊ាំនៃរាងកាយ។ នៅពេលដែលអ្នកទទួលទានអាហារសម្បូរជាតិខ្លាញ់ច្រើនពេក ធ្វើឲ្យកើតមានបញ្ហារលាក ចំនួនកាឡូរីកើនឡើង និងគ្រោះថ្នាក់ផ្សេងៗដល់រាងកាយ។
៣.គ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាភេសជ្ជ:ដ៏អាក្រក់បំផុតសម្រាប់អ្នកដែលមានជំងឺផ្កាសាយ។ ការទទួលទានគ្រឿងស្រវឹងមិនត្រឹមតែធ្វើឲ្យជំងឺផ្កាសាយកាន់តែមានសភាពធ្ងន់ធ្ងរប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យរាងកាយខ្វះជាតិទឹក ហើយប្រព័ន្ធភាពស៊ាំចុះខ្សោយថែមទៀត។ ហេតុនេះហើយ ក្នុងពេលមានជំងឺផ្កាសាយអ្នកគួរតែតមគ្រឿងស្រវឹងឲ្យបាន។
៤.អាហារសម្បូរជាតិអាស៊ីត និងហឹរ
ខណ:ដែលអ្នកកំពុងមានជំងឺផ្កាសាយ ក្រពះងាយនឹងទទួលរងពីបញ្ហារលាកគ្រប់ពេល ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងចំពោះការញ៉ាំអាហារ។ អាហារហឹរអាចធ្វើឲ្យអ្នកកណ្តាស់ និងហៀរសំបោរកាន់តែច្រើន ជាពិសេសប៉ះពាល់ដល់ក្រពះ។ នៅពេលដែលភ្នាសទន់ៗ ឬជញ្ជាំងរបស់ក្រពះប្រឡាក់ជាមួយនឹងអាហារដែលមានជាតិអាស៊ីត ឬហឹរ វាអាចមានប្រតិកម្មអវិជ្ជមានភ្លាម។ យកល្អ ប្រសិនបើអ្នកចង់ទទួលទានអាហារប្រភេទនេះ គួរតែរងចាំឲ្យជំងឺផ្កាសាយជាសះស្បើយសិន៕