៥ចំណុច បើដឹងហើយនៅតែបន្តទៀត ប្រយ័ត្នខូចតម្រងនោម

0
1

ប្រសិនបើសរីរាង្គតម្រងនោមខូច នោះការច្រោះជាតិពុលចេញពីក្នុងឈាមបញ្ចេញចោលតាមរយ:ទឹកនោម នឹងត្រូវបានផ្អាកដំណើរការ។ ហេតុនេះកាកសំណល់ រួមទាំងជាតិពុលទាំងឡាយដែលមាននៅក្នុងរាងកាយចាប់ផ្តើមកើនឡើងកាន់តែច្រើនទៅៗ ធ្វើឲ្យអ្នកត្រូវប្រឈមនឹងហានិភ័យគ្រោះថ្នាក់ដល់ជីវិតខ្លាំងបំផុត។

ខាងក្រោមនេះជាទម្លាប់ដ៏អាក្រក់មួយចំនួន ដែលអ្នកគួរតែកែប្រែ ព្រោះវាធ្វើតម្រងនោមឆាប់ខូច៖

១.មិនសូវទទួលទានទឹក
ការទទួលទានទឹកមិនគ្រប់គ្រាន់ ធ្វើឲ្យលំហូរឈាមរត់ឆ្ពោះទៅតម្រងនោមមិនបានល្អ ដែលធ្វើឲ្យការច្រោះជាតិពុលក្នុងខ្លួនមិនបានត្រឹមត្រូវ។ ដូច្នេះអ្នកគួរតែព្យាយាមទទួលទានទឹកឲ្យបាន២ទៅ៣លីត្រក្នុងមួយថ្ងៃ។

២.ទទួលទានកាហ្វេលើសកម្រិត
ការទទួលទានកាហ្វេច្រើនពេក អាចបង្កើនចំនួនកាល់ស្យូមខ្ពស់ក្នុងទឹកនោម ដែលជាហេតុបង្កឲ្យមានដុំគ្រោះក្នុងតម្រងនោមទៅថ្ងៃមុខ។ យកល្អក្នុងមួយថ្ងៃអ្នកគួរតែទទួលទានកាហ្វេ១ពែងបានហើយ។

៣.ទទួលអាហារប្រៃខ្លាំង
ការទទួលទានអាហារប្រៃពេក អាចប៉ះពាល់ដល់តម្រងនោមខ្លាំងបំផុត ព្រោះវាត្រូវធ្វើការហួសកម្រិតក្នុងចម្រោះយកសូដ្យូម ដែលមានក្នុងអំបិល។ ហេតុនេះ អ្នកគួរតែទទួលទានអំបិលត្រឹម៥ក្រាមក្នុងមួយថ្ងៃទើបល្អ។

៤.ទទួលទានគ្រឿងស្រវឹងច្រើនពេក
ការទទួលទានគ្រឿងស្រវឹងច្រើនពេក បាននាំគ្រោះថ្នាក់ជាច្រើនដល់សុខភាព ជាពិសេសតម្រងនោមតែម្តង។ កម្រិតជាតិអាស៊ីតខ្ពស់ ដែលបានមកពីគ្រឿងស្រវឹង អាចធ្វើឲ្យតម្រងនោមចុះអន់ខ្សោយជាខ្លាំង។ ដូច្នេះ ក្នុងមួយថ្ងៃមនុស្សប្រុសគួរតែទទួលទានគ្រឿងស្រវឹង ១ទៅ ២កែវ ហើយសម្រាប់មនុស្សស្រីវិញ១កែវ គឺសមល្មមបំផុត។

៥.គេងមិនគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យខូចតម្រងនោមនោះទេ វាក៏អាចធ្វើសេរីរាង្គដ៏ទៃទៀតជួបបញ្ហាផងដែរ។ នៅពេលដែលមនុស្សកំពុងគេងលក់ សេរីរាង្គទាំងអស់ក៏កំពុងបង្កើនថាមពលរបស់ខ្លួន តែបើលោកអ្នកមិនបានគេង នោះសេរីរាង្គក៏មិនបានបង្កើនថាមពសម្រាប់ ធ្វើការនៅថ្ងៃស្អែកឡើយ។ ម្យ៉ាងទៀតការគេងមិនបានគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកមានជំងឺលើសឈាម ដែលជាសត្រូវដ៏ធំបំផុតរបស់តម្រងនោម។ ដូច្នេះលោកអ្នកគួរតែគេងឲ្យបាន ៦ទៅ ៨ម៉ោងក្នុងមួយយប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here