ក្រុមអ្នកជំនាញបានបង្ហាញថា ស្នាមអុជខ្មៅបង្កឡើងដោយសារតែ វ័យ កម្តៅព្រះអាទិត្យ កង្វះសារធាតុចិញ្ចឹម ព្រមទាំងខូចមុខងារថ្លើម ជាដើម។ ជាទូទៅស្នាមអុជខ្មៅកើតមាននៅលើផ្ទៃមុខ ក និងដៃ ហើយវាមិនបង្កឲ្យមានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្តែប្រសិនបើស្នាមអុជខ្មៅកើតឡើងច្រើន អាចធ្វើឲ្យប៉ះពាល់ដល់សម្រស់ ដូច្នេះអ្នកគួរព្យាបាលដោយប្រើប្រភេទឱសថធម្មជាតិទើបប្រសើរ។
ខាងក្រោមនេះជារូបមន្តធម្មជាតិ២យ៉ាង ដែលអាចកម្ចាត់ស្នាមអុជខ្មៅគ្មានសល់៖
រមៀត
រមៀតមិនត្រឹមតែជាគ្រឿងទេសប៉ុណ្ណោះទេ វាក៏ត្រូវបានគេប្រើជាឱសថ សម្រាប់ព្យាបាលបញ្ហាស្នាមអុជខ្មៅផងដែរ។ អ្នកអាចយកម្សៅរមៀត១ស្លាព្រា លាយជាមួយនឹងទឹកដោះគោយ៉ាអួ១ស្លាព្រាដូចគ្នា រួចលាបនៅលើផ្ទៃមុខឲ្យសព្វល្អ។ ក្នុងរយៈពេល១៥ ទៅ២០នាទីទើបលាងសម្អាតចេះ ប៉ុន្តែអ្នកត្រូវតែព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ២-៣សប្តាហ៍ ទើបទទួលបានប្រសិទ្ធិភាព។
ដំឡូងបារាំង
សូមចិតដំឡូងបារាំងជាបន្ទះស្តើងៗ ហើយបិតលើកន្លែងដែលមានស្នាមជាំ។ ម្យ៉ាងទៀត អ្នកអាចយកដំឡូងបារាំងមួយមើមទៅកិនឲ្យក្លាយជាល្បាយ ហើយលាបលើផ្ទៃមុខមួយថ្ងៃម្តងជាប្រចាំ ស្នាមអុជខ្មៅនឹងរលាយបាត់បន្តិចម្តងៗរហូតទាល់តែអស់៕