គ្រប់ផ្នែកនៃសរីរាង្គទាំងអស់នៅក្នុងរាងកាយមនុស្សសុទ្ធតែមានសារ:សំខាន់ ជាពិសេសវាធ្វើការទៅតាមពេលវេលាកំណត់ច្បាស់លាស់។ ប៉ុន្តែទង្វើមួយចំនួនដែលអ្នកធ្វើរាល់ថ្ងៃ គឺកំពុតែបំផ្លាញមុខងាររបស់សរីរាង្គទាំងនោះដោយមិនដឹងខ្លួនហើយ។
នៅពេលដែលបញ្ហាគេងមិនលក់ក្លាយទៅជាទម្លាប់ ស្ថិតក្នុងចន្លោះម៉ោងណាមួយដដែលៗជារៀងរាល់យប់ គឺបញ្ជាក់ថា សារពាង្គកាយរបស់អ្នកកំពុងមានភាពមិនប្រក្រតីមួយចំនួន។
ម៉ោង ៩ ទៅ១១យប់
នៅចន្លោះម៉ោងនេះ ជាពេលវេលាល្អបំផុតសម្រាប់មនុស្សទូទៅចូលគេង ប៉ុន្តែបើអ្នកពិបាកគេងទៅវិញ គឺបង្ហាញថា អ្នកកំពុងមានបញ្ហាស្ត្រេស ច្របូលច្របល់ អារម្មណ៍រវើរវាយ និងគិតផ្តេសផ្តាសមិនចេះចប់។ អាស្រ័យហេតុនេះ អ្នកត្រូវព្យាយាមចូលគេងឲ្យបានទៀងម៉ោង និងធ្វើសម្មាធិមុនពេលចូលគេង ដើម្បីឲ្យអារម្មណ៍ស្ងប់ស្ងាត ។
ម៉ោង ១១ ទៅ១យប់
បើសិនជាអ្នកឧស្សាហ៍ភ្ញាក់ នៅចន្លោះម៉ោងនេះ គឺបណ្តាលមកពីអ្នកបានបរិភោគអាហារ ដែលមិនល្អសម្រាប់សុខភាព និងអាហារដែលសម្បូរជាតិខ្លាញ់ខ្ពស់ពេក។ ដូច្នេះអ្នកគួរជ្រើសយកអាហារ ដែលមានប្រយោជន៍សម្រាប់សុខភាព ជាពិសេសមុនពេលចូលគេង គួរទទួលទានផ្លែប៉ោម និងទឹកដោះគោ ព្រោះមានផលល្អដល់ការគេង។
ម៉ោង ១ ទៅ៣យប់
មនុស្សភាគច្រើនតែងតែភ្ញាក់ម្តងក្នុងចន្លោះម៉ោងនេះ ប៉ុន្តែលោកអ្នកមិនដឹងមូលហេតុពិតឡើយ។ បញ្ហាស្ត្រេស ខឹងច្រើន រសាប់រសល់ និងក្តីបារម្ភ បានធ្វើឲ្យថ្លើមមានដំណើរការខ្លាំង ហើយជាលទ្ធផលអ្នកត្រូវភ្ញាក់ក្នុងចន្លោះម៉ោងនេះ។ ដូច្នេះ អ្នកគួរព្យាយាមធ្វើសម្មាធិ គិតវិជ្ជមាន និយាយវិជ្ជមាន និងព្យាយាមទទួលទានអាហារណាដែលត្រជាក់ៗ។
ម៉ោង ៣ ទៅ៥ទៀបភ្លឺ
ក្នុងចន្លោះម៉ោងនេះ សួតកំពុងធ្វើការងារយ៉ាងសំខាន់ជាងម៉ោងណាទាំងអស់ ដើម្បីបង្កើនថាមពលក្នុងរាងកាយរបស់អ្នក។ ប៉ុន្តែបើអ្នកមានអារម្មណ៍មិនសប្បាយចិត្ត មានទុក្ខព្រួយ អាចធ្វើឲ្យសួតរបស់អ្នកពិបាកដំណើរការ ហើយជាលទ្ធផលអ្នកត្រូវភ្ញាក់ក្នុងចន្លោះម៉ោងនេះ។ ដូច្នេះ អ្នកគួរព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯង រៀនរស់ទៅតាមធម្មជាតិ ហើយឧស្សាហ៍ដកង្ហើមឲ្យបានវែងៗ៕