នៅពេលទទួលទានផ្លែឪឡឹក នរណាៗក៏បោះចោលសំបកឪឡឹកវាដែរ ព្រោះយល់ថាគ្មានប្រយោជន៍អ្វីទេ។ ប៉ុន្តែតាមពិតសំបកឪឡឹក ក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពដែរ ដោយសារវាមានផ្ទុកវីតាមីន B6 វីតាមីន C ប៉ូតាស្យូម ម៉ាញ៉េស្យូម និងស័ង្កសី ត្រូវប្រមូលផ្តុំនៅក្នុងសំបក។
ការសិក្សាជាច្រើនបានរកឃើញថា ៩៦ភាគរយ នៃតម្លៃអាហាររូបត្ថម្ភរបស់ផ្លែឪឡឹកមានផ្ទុកនៅក្នុងសំបក ជាពិសេសសារធាតុសំខាន់មួយដែលគេហៅថា លីកូពីន (Lycopene)។ សារធាតុនេះ មានឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្ម ហើយអាចការពាររាងកាយពីជំងឺផ្សេងៗយ៉ាងមានប្រសិទ្ធភាពបំផុត។
លើសពីនេះ សំបកឪឡឹកមានផ្ទុកអាស៊ីតអាមីណូ និងសារធាតុ citrulline ដែលចាំបាច់បំផុតសម្រាប់សុខុមាលភាពនៃសាច់ដុំ និងបញ្ចុះទឹកនោម។ ចំពោះអ្នកដែលចង់សម្រកទម្ងន់ក៏អាចទទួលទានសំបកឪឡឹកបានដែរ ដោយសារតែវាមានផ្ទុកជាតិសរសៃ សារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ ដែលអាចជួយស្រកទម្ងន់យ៉ាងឆាប់រហ័ស៕