បើប្រៀបធៀប មនុស្សស្រីមានអត្រានៃការស្លាប់ដោយសារជំងឺគាំងបេះដូង កម្រិតខ្ពស់ជាង ស្លាប់ដោយសារជំងឺមហារីក។ មូលហេតុដែលធ្វើឲ្យស្រ្តីត្រូវប្រឈមនិងហានិភ័យខ្ពស់បែបនេះ ក៏ព្រោះតែកត្តាការរស់នៅប្រចាំថ្ងៃ ការខ្ជិលធ្វើលំហាត់ប្រាណ ជាពិសេសព្រងើយកន្តើយជាមួយនឹងរោគសញ្ញាមួយចំនួន។
១.ងងុយគេង ហើយអស់កម្លាំងខុសប្រក្រតី
ស្ត្រីដែលមានបញ្ហាបេះដូង ប្រាកដជាមានអារម្មណ៍អស់កម្លាំងងងុយគេងខុសធម្មតា ទោះបីជាអ្នកបានគេងច្រើនម៉ោង ហើយមិនបានធ្វើការអ្វីធ្ងន់ៗឲ្យអស់កម្លាំងក៏ដោយ។ ដូច្នេះ ប្រសិនបើអ្នកកើតមានបញ្ហាបែបនេះមែន កុំព្រងើយកណ្តើយឲ្យសោះ។
២.បែកញើស និងពិបាកដកដង្ហើម
ស្ត្រីមួយចំនួនអាចមានការយល់ច្រឡំរោគសញ្ញ បែកញើស ថាជាជំងឺផ្តាសាយ។ ប៉ុន្តែ បើរោគសញ្ញាមួយនេះ ឧស្សាហ៍កើតមាន ទោះជាអ្នកកំពុងសម្រាកស្ងៀមក៏ដោយ ហើយថែមទាំងមានអាការ:ឈឺទ្រូង ជាពិសេសបន្ទាប់ពីធ្វើលំហាត់ប្រាណរួច វាអាចសញ្ញានៃជំងឺបេះដូង។
៣.ឈឺចាប់ តំបន់មួយចំនួននៃរាងកាយ
រោគសញ្ញានៃជំងឺបេះដូង មិនមែនឈឺតែដើមទ្រូងនោះទេ វាអាចឈឺនៅកន្លែងមួយចំនួនទៀតដូចជា ឈឺថ្គាម ឈឺខ្នង និងឈឺដៃជាដើម។
៤.ក្អួតចង្អោរ
ស្ត្រីជាច្រើន ប្រហែលជាបានជួបប្រទះការក្អួតចង្អោរ ហើយពួកគេតែងយល់ថា ជាបញ្ហាក្រពះ។ ប៉ុន្តែប្រសិនបើក្រពះរបស់អ្នកមិនមានបញ្ហាអ្វីទេនោះ វាអាចជារោគសញ្ញានៃជំងឺគាំងបេះដូង ផងដែរ។
៥.ឈឺដើមទ្រូង
អាការ:ឈឺដើមទ្រូង ឧស្សាហ៍កើតមានចំពោះស្រ្តីណាស់ នៅពេលមករដូវម្តងៗ។ សញ្ញាមួយនេះថ្វីបើពិបាកសម្គាល់បន្តិចមែន ប៉ុន្តែប្រសិនបើអ្នកមានការ:ឈឺទ្រូងកើតឡើងជាញឹកញាប់ក្នុងរយ:ពេលត្រឹម២-៣នាទី ក៏បាត់ទៅវិញ មានន័យថា អ្នកកំពុងតែប្រឈមនឹងជំងឺបេះដូងហើយ។
ដូច្នេះប្រសិនអ្នកដឹងថាខ្លួនកំពុងតែមានអាការ:មួយចំនួនដូចខាងលើ សូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យឲ្យបានត្រឹមត្រូវ៕