ស្រីៗគួរស្វែងយល់ រោគសញ្ញានៃជំងឺមហារីកគ្រាប់ឈាម

0
1

មហារីកគ្រាប់ឈាម ជាជំងឺដ៏កាចសាហាវមួយ ដែលអាចធ្វើឲ្យសុខភាពរបស់អ្នកទ្រុឌទ្រោមបន្តិចម្តងៗរហូតដល់ថ្ងៃស្លាប់។ ប៉ុន្តែ ប្រសិនបើជំងឺនេះ ស្ថិតនៅក្នុងដំណាក់កាលដំបូង យើងអាចការពារ និងព្យាបាលបាន។

ដូច្នេះ រឿងដំបូងដែលអ្នកត្រូវធ្វើ គឺត្រូវចេះសង្កេតមើលរោគសញ្ញាដោយខ្លួនឯង។

១.ងងុយគេង ហើយអស់កម្លាំង
អាការងងុយគេង ហើយអស់កម្លាំង អាចកើតមានចំពោះមនុស្សគ្រប់គ្នា នៅពេលដែលគេងមិនបានគ្រប់គាន់ និងធ្វើការងារធ្ងន់ពេក។ ក៏ប៉ុន្តែអ្នកអាចនឹងមានជំងឺមហារីកគ្រាប់ឈាម ប្រសិនអ្នកឧស្សាហ៍ងងុយគេង ទោះបានគេងច្រើនម៉ោងក៏ដោយ ហើយឧស្សាហ៍អស់កម្លាំងទោះមិនបានធ្វើសកម្មភាពអ្វីទាល់តែសោះ។

២.ស្លេកស្លាំង
ក្រុមអ្នកជំនាញបានឲ្យដឹងថា អាការស្លេកស្លាំង កើតឡើងដោយសារជំងឺមហារីកគ្រាប់ឈាម បានបំផ្លាញកោសិកាឈាមល្អៗ និងរារាំងមិនឲ្យគ្រាប់ឈាមកកើតឡើងវិញ។ ហេតុនេះហើយទើបធ្វើឲ្យអ្នកមើលទៅមានភាពស្លេកស្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងទៀត អ្នកដែលកើតជំងឺនេះ ក៏អាចនឹងមានអាការត្រជាក់បាតដៃ មិនព្រមបាត់ផងដែរ។

៣.របួសមិនងាយជា
ជំងឺមហារីកគ្រាប់ឈាម អាចធ្វើឲ្យរបួសដែលទទួលរងពីការមុត ឬដាច់រលាត់សាច់នៅកន្លែងណាមួយនៃរាងកាយរបស់អ្នកជំងឺ មិនងាយនឹងជាសះស្បើយ ឬមិនអាចនឹងជារៀងរហូត។

៤.ឧស្សាហ៍ក្តៅខ្លួន
កោសិកាឈាម ជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ តែប្រសិនបើវារងនូវការវាយប្រហារពីជំងឺមហារីកគ្រាប់ឈាម នោះប្រព័ន្ធភាពស៊ាំនៃរាងកាយនឹងចុះខ្សោយ ហើយអាចធ្វើឲ្យជំងឺឱកាសនិយម អាចឆ្លៀតចូលក្នុងខ្លួនបានយ៉ាងងាយ។

៥.ពិបាកដកដង្ហើម
អាការពិបាកដកដង្ហើម ឬដកដង្ហើមញាប់ៗ គឺបណ្តាលមកពីថាមពលក្នុងរាងកាយរបស់អ្នកកំពុងចុះខ្សោយ។ អ្នកអាចសង្កេតមើលដោយខ្លួនឯង នៅពេលធ្វើការងារធ្ងន់បន្តិចស្រាប់តែមានអារម្មណ៍ថា ដកដង្ហើមមិនចង់ដល់គ្នា នេះក៏អាចជារោគសញ្ញានៃជំងឺមហារីកគ្រាប់ឈាមផងដែរ។

៥.រោគសញ្ញាបន្ទាប់បន្សំ
រោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀត នៃជំងឺមហារីកគ្រាប់ឈាម មានដូចជាបែកញើសនៅពេលយប់ ឈឺសន្លាក់ ស្រកទម្ងន់ ឧស្សាហ៍ឈាមច្រមុះ គ្រុនញាក់ និងហើមកូនកណ្តុរ ជាដើម។

អាស្រ័យហេតុនេះប្រសិនបើអ្នកកំពុងតែជួបប្រទះរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here