ជំងឺរលាកសួតអាចកើតមានចំពោះសួតតែម្ខាង ឬក៏ទាំងពីរ ដែលបង្កឡើងដោយសារតែការឆ្លងមេរោគ។ នៅពេលមេរោគឆ្លងចូលទៅដល់សួត ថង់ខ្យល់នៅក្នុងសួតនឹងពោរពេញទៅដោយស្លេស បង្កឲ្យពិបាកដកដង្ហើម ឬអុកស៊ីសែនដែលផ្គត់ផ្គង់ទៅក្នុងឈាមមិនបានគ្រប់គ្រាន់។
កត្តាដែលនាំឲ្យអ្នកងាយនឹងកើតជំងឺរលាកសួត គឺការជក់បារី ជំងឺហឺត ឆ្លងមេរោគក្នុងផ្លូវដង្ហើម និងដុះដុំសាច់ក្នុងសួត។ លើសពីនេះទៅទៀត អ្នកដែលបានស្រូបយកធូលីដី មេរោគផ្សិត ផ្សែងបារីពីអ្នកជក់ច្រើនពេក… ក៏ជាមូលហេតុនាំឲ្យកើតជំងឺរលាកសួតដែរ។
ដូច្នេះ អ្នកត្រូវស្វែងយល់ពីអាការនៃជំងឺរលាកសួតឲ្យបានច្បាស់ ដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា។
១.ក្អកខ្លាំង
អ្នកជំងឺដែលកំពុងតែកើតមានជំងឺរលាកសួត ច្បាស់ជាមានអាការក្អកធ្ងន់ធ្ងរ ជាពិសេស អាចក្អកមានស្លេស ឬមានឈាម មកជាមួយផង។
២.ពិបាកដកដង្ហើម
ដោយសារតែមេរោគកំពុងតែវាយប្រហារទៅលើសរីរាង្គសួត ទើបធ្វើឲ្យផ្លូវដង្ហើមរបស់អ្នកជំងឺសម្បូរស្លេស ហើយពិបាកក្នុងការដកដង្ហើម។
៣.ឈឺដើមទ្រូង
មេរោគរលាកសួត អាចធ្វើឲ្យរាងកាយរបស់អ្នកជំងឺមានការឈឺចាប់ ក្នុងនោះដើមទ្រូង គឺជាចំណុដែលត្រូវកើតជាញឹកញាប់ជាងគេ។
៤.មានអារម្មណ៍ធុញថប់ និងអស់កម្លាំង
អ្នកជំងឺរលាកសួត អាចកើតមានអាការធុញថប់ និងអស់កម្លាំង ខុសពីមនុស្សធម្មតា ជាពិសេសបន្ទាប់ពីពួកគេធ្វើលំហាត់ប្រាណរួច។
៥.បែកញើសច្រើនខុសធម្មតា
អាការក្តៅខ្លួនខ្លាំង រួមទាំងបែកញើសច្រើន គឺជារោគសញ្ញាដែលអ្នកជំងឺរលាកសួតភាគច្រើនតែងតែជួបប្រទះ។ ក្នុងដំណាក់កាលនេះ សូម្បីតែដង្ហើមក៏ពិបាកដក ហើយចង្វាក់បេះដូងក៏លោតញាប់ខុសប្រក្រតីដែរ៕