៣ចំណុច ដែល​ស្ត្រី​មានគភ៌​លើកដំបូង​ត្រូវតែ​ស្វែងយល់ និង​ប្រុងប្រយ័ត្ន

0

ស្ត្រី​តាំង​គភ៌​លើកដំបូង​ក្នុង​ជីវិត​ដែល​មិន​ធ្លាប់មាន​បទពិសោធ​ពីមុនមក ច្រើន​តែមាន​កង្វល់​ពាក់​ព័ន្ធ​នឹង​ការមើល​ថែទាំ​សុខភាព​រាងកាយ​របស់​ខ្លួន ព្រោះ​បើ​ធ្វើ​អ្វីមួយ​ទៅ​ប៉ះពាល់​នឹង​កូនតូច​នៅក្នុង​គភ៌ ពិតជា​ហុច​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ការ​ចម្រើន​ធំធាត់​តាម​មក​ដែរ។ ពេល​ដឹងថា ខ្លួន​តាំង​គភ៌​ហើយ រឿង​ដែល​គួរ​រឭក​នឹក​ដល់​នោះ​គឺ សុវត្ថិភាព​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ បង្កើនកម្រិត​ភាព​ប្រយ័ត្នប្រយែង​ឱ្យ​ច្រើនឡើង​ជាពិសេស។ ចូរ​រឭក​ដឹង​ជាប់​ជានិច្ច​ថា សភាព​បរិស្ថាន​ជុំវិញផ្សេងៗអាច​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​គភ៌​បាន​គ្រប់ពេល។

1/ មាន​អារម្មណ៍​តានតឹង​ធុញថប់​រហូត​ហុច​ផលប៉ះពាល់​ដល់​ទារក​ក្នុង​គភ៌

ក្នុងអំឡុងពេល​តាំង​គភ៌ ភាព​ធុញថប់​តានតឹង​ក្នុង​អារម្មណ៍​នឹង​ហុច​ផលប៉ះពាល់​ខ្លាំង​ឡើង​ចំពោះ​ស្ត្រី​មានគភ៌ ទោះបី​គ្រាន់តែ​ជា​ភាព​តានតឹង​អារម្មណ៍​ក្នុង​រយៈពេលខ្លីៗក៏ដោយ ក៏​ច្រើនតែ​ធ្វើឱ្យ​កើត​ផលប៉ះពាល់​ដល់​វិវឌ្ឍនាការ​របស់​ទារក​យ៉ាងខ្លាំង។ ភាព​តានតឹង​ក្នុង​អារម្មណ៍​រ៉ាំរ៉ៃ​ជាមួយ​ការតាំង​គភ៌​អាចធ្វើឱ្យ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​របស់​ទារក​ថយចុះ​នៅពេល​កើត​ដំបូង អ្នក​ម្តាយ​មាន​សភាវ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ប្រថុយប្រថាន​នឹង​កើត​ជំងឺ​បេះដូង។ គេ​សង្កេតឃើញថា អ្នក ដែលមាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង ច្រើនតែ​ជួបនឹង​សភាវ​ប្រសូត​មុន​កំណត់ ហើយ​ទារក​កើតមក​មាន​ទម្ងន់​ខ្លួន​ទាប​ជាង​ប្រក្រតី។

2/ ចូល​គេ​យប់​ជ្រៅ​រហូត​ក្លាយជា​ទម្លាប់

មុនពេល​មានគភ៌ បើ​ស្ត្រី​មានគភ៌​ជាម​នុស្ស​ដែលមាន​និស្ស័យ​ចូលចិត្ត​ចូល​គេង​យប់​ជ្រៅ​រហូត​សឹងតែ​ជិត​ភ្លឺ​ទៅហើយនោះ ពេល​មានគភ៌ បើ​នៅតែមាន​ទង្វើ​បែប​នោះ​ដដែល ឬ​គេង​បាន​តិចជាង5ម៉ោងជាប់ៗគ្នា​រាល់ថ្ងៃ នឹងធ្វើ​ឱ្យ​ងាយ​កើត​ជំងឺផ្សេងៗក្នុងអំឡុងពេល​មានគភ៌ ដែលជា​គ្រោះថ្នាក់​មួយ​ដល់​ខ្លួន​ស្ត្រី​ជា​ម្តាយ និង​កូនតូច​ក្នុង​ផ្ទៃ។

3/ ប្រយ័ត្នប្រយែង​មែនទែន​ក្នុង​ការធ្វើការងារ​ផ្ទះ

កុំ​គិតថា ជាការ​ងារងាយៗ សប្បាយៗ និង​មិន​ធ្វើឱ្យ​កើតមាន​អន្តរាយ​អ្វី ដូចជា  ការ​ជូត​ឥដ្ឋ លាង​បន្ទប់ទឹក​ជាដើម​នោះ ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​ស្ត្រីមានគភ៌​រអិលដួល​បាន ឬ​សូម្បីតែ​ភេសជ្ជៈ​មួយចំនួន​ដូចជា ទឹកតែ កាហ្វេ ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​ក៏​មិនគួរ​ទទួលទាន​ដែរ ព្រោះ​អ្វី​ទាំងអស់នេះ​សុទ្ធតែជា​គ្រោះថ្នាក់​ដែល​អាច​កើតឡើងនៅក្នុង​ផ្ទះ​បាន​ទាំងអស់ ក្រៅពីនេះ​ក៏​នៅមាន​សារធាតុ​គីមី ការ​បោស​ជូត​សម្អាត​លាមក​សត្វ​ចិញ្ចឹម  ពន្លឺ​ពី​ទូរទស្សន៍  កម្តៅ  ទីកន្លែង​ដែល​មិនសូវមាន​សុវត្ថិភាព ក៏​ជា​អ្វីដែល​គួរ​ចៀសវាង​បំផុត។

បើ​ស្ត្រី​ម្នាក់​ណា​កំពុង​តាំង​គភ៌ ត្រូវ​ប្រយ័ត្នប្រយែង និង​មើលថែទាំ​សុខភាព​ខ្លួនឯង​ឱ្យ​ល្អ កុំ​បណ្តោយឱ្យ​ការរស់នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ប៉ះពាល់​ដល់​វិវឌ្ឍនាការ​របស់​កូនតូច​ឱ្យសោះ៕