ពាក្យសម្តីត្រឹមតែពីរបីម៉ាត់ដែលលោកប្តីនិយាយទៅកាន់ភរិយាដែលកំពុងមានផ្ទៃពោះ ទោះជាតាំងចិត្ត ឬមិនបានតាំងចិត្តក៏ដោយ ពាក្យសម្តីខ្លះអាចធ្វើឱ្យភរិយាតូចចិត្ត និងនាំឱ្យភរិយាពិបាកចិត្តបាន ដូច្នេះពាក្យដែលលោកប្តីមិនគួរនិយាយសោះពេលភរិយាកំពុងពពោះនោះគឺ
1 . បងមិនយល់សោះ មិនដឹងថាអូនឯងមានអារម្មណ៍នឿយហត់អីក៏ច្រើនសម្បើមម្ល៉េះ!
ការពិតទៅលោកប្តីជាច្រើននាក់ប្រហែលជាមិនយល់ ឬមិនដឹងមែនហ្នឹងឯងថា គ្រាន់តែមានផ្ទៃពោះសោះ ហេតុអីបានភរិយាមានអារម្មណ៍នឿយហត់អីក៏ខ្លាំងម្ល៉េះ? តែពេលនេះសូមជ្រាបទៅថា ដោយសារតែអ័រម៉ូនដែលរាងកាយបញ្ចេញមកដែលធ្វើឱ្យស្ត្រីមានផ្ទៃពោះមានអារម្មណ៍ថា ហត់នឿយ ចង់តែគេងសម្រាកនោះ វាបុកមកតែលើភរិយាតែម្នាក់ឯង វាជារឿងដែលពិបាកអធិប្បាយពន្យល់ឱ្យអ្នកណាដឹងបានណាស់ ដូច្នោះ ស្វាមីសូមកុំនិយាយពាក្យនេះទៅភរិយាអី។
2 . ឃើញពោះអូនឯងចេះតែធំឡើងៗអ៊ីចឹង បងខ្លាចដល់ហើយ…
សម្តីនេះអាចធ្វើឱ្យភរិយាមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សគួរឱ្យខ្លាច និងមានអារម្មណ៍ថា ឯកាគ្មានអ្នកយល់ចិត្ត ដែលអារម្មណ៍បែបនេះមិនល្អទាល់តែសោះសម្រាប់ស្ត្រីមានផ្ទៃពោះ តែសូមស្ត្រីជាភរិយាទាំងឡាយកុំយកពាក្យសម្តីនោះមកទុកដាក់ក្នុងចិត្តអី ព្រោះការពិតទៅ លោកប្តីគ្រាន់តែប្រើពាក្យខុសប៉ុណ្ណោះ ដោយសារលោកប្តីប្រហែលជារំភើបជាមួយនឹងការមានបុត្រលើកនេះខ្លាំងពេក ទើបចេះតែលួចសម្លឹងមើលពោះរបស់ភរិយាដែលចេះតែធំឡើងជារឿយៗ ដោយចិត្តនឹកកង្វល់បារម្ភប៉ុណ្ណឹងឯង។
3 . ហេតុអីបានអូនឯងចេះតែយំញឹកញាប់ម្ល៉េះ?
ការពិតទៅស្វាមីមិនគួរនិយាយពាក្យនេះទេ តែគួរត្រេកអរទៅវិញទេ ដែលមិនបានប៉ះនឹងអារម្មណ៍ដែលប្រែប្រួលទៅមកដោយសារតែអ័រម៉ូនដូចភរិយានោះ ព្រោះនៅពេលតាំងគភ៌ រាងកាយ និងអ័រម៉ូនក្នុងរាងកាយនឹងប្រែប្រួលរហ័សណាស់ បន្តិចអ៊ីចេះ បន្តិចអ៊ីចុះ ជួនកាលចង់នៅតែម្នាក់ឯង អផ្សុក ខូចចិត្ត បាក់ទឹកចិត្ត យំខ្សឹកខ្សួល ត្រេកអរ រំភើប គឺអារម្មប្រែប្រួលទៅមកគ្រប់ពេលវេលា។ លោកប្តីមិនចាំបាច់ធ្វីអ្វីច្រើនទេ បើឃើញភរិយាស្ថិតក្នុងអារម្មណ៍បែបនោះ គ្រាន់តែដើរចូលទៅឱបភរិយា ហើយលួងលោមទៅ តែប៉ុណ្ណឹងអាការភរិយានឹងបានធូរស្រាលវិញហើយ។
4 . អាការចង់ញ៉ាំនេះ ចង់ញ៉ាំនោះរបស់អូនឯងកំពុងធ្វើឱ្យបងជិតឆ្កួតហើយ
អូយ!! កុំនិយាយឱ្យសោះអាពាក្យហ្នឹង ព្រោះវានឹងធ្វើឱ្យភរិយាមានអារម្មណ៍ស្អប់លោកប្តីភ្លាមតែម្តង។ ដូចអ្នកគ្រូ ឆវី បានប្រាប់ពីខាងដើមរួចមកហើយថា អ្វីជាច្រើនយ៉ាងដែលភរិយាធ្វើប្លែកៗ ឬចង់ញ៉ាំអីបែបប្លែកៗក្នុងអំឡុងពេលមានគភ៌នោះ គឺជារឿងរបស់អ័រម៉ូនដែលធ្វើឱ្យអារម្មណ៍ឡើងចុះៗទាំងអស់ ដូច្នេះសម្រាប់លោកប្តី អ្វីដែលភរិយាចង់បាន ក៏រកៗមកឱ្យទៅ បើសិនវាមិនលើសពីសមត្ថភាពខ្លួននោះ។
5 . យប់ថ្មើរហ្នឹងហើយ អូននៅចង់ញ៉ាំទៀតឬ?
គឺមនុស្សមានពោះ មានពុង ច្រើនតែភ្ញាក់គ្រប់ពេលវេលា មិនទៀងទាត់ ហើយពេលភ្ញាក់ឡើង ក៏អាចនឹងឃ្លាន ដែលបើសិនជានៅក្នុងផ្ទះមិនបានត្រៀមអ្វីទុកញ៉ាំផងនោះ វាគឺជាភារកិច្ចរបស់លោកប្តីដែលនឹងត្រូវចេញទៅរកចំណីអាហារមកឱ្យភរិយា
ហើយ ដូច្នេះចូរកុំរអ៊ូ ព្រោះអាការឃ្លាននេះ ឃ្លាននោះមិនចេះចប់នេះ គឺដោយសាររាងកាយរបស់ភរិយា និងកូនក្នុងផ្ទៃកំពុងត្រូវការហើយ៕