ការតាំងគភ៌គឺជាបទពិសោធដ៏គួរឱ្យអស្ចារ្យម្យ៉ាងសម្រាប់អ្នកម្តាយគ្រប់រូប ទំរាំតែពពោះ ថែទាំបំប៉នគភ៌មកយ៉ាងល្អដល់ទៅ9ខែ លុះដល់ពេលប្រសូត តើនឹងមានរឿងអ្វីកើតឡើងខ្លះនោះ ស្ត្រីមានគភ៌គួរតែសិក្សា និងត្រៀមខ្លួនទប់ទល់នឹងរឿងការប្រសូត3ដំណាក់កាលនេះឱ្យជាប់ក្នុងចិត្ត។
1.ការពង្រីកខ្លួនរបស់មាត់ស្បូន និងរង់ចាំមាត់ស្បូនបើកឱ្យពេញទំហឹងសិន
អំឡុងពេលនេះអ្នកត្រូវរង់ចាំសិន ពេលវេលាអាចនឹងកន្លងទៅយឺតខ្លាំងណាស់សម្រាប់អ្នក តែអ្នកក៏ត្រូវតែរង់ចាំឱ្យមាត់ស្បូនបើកឱ្យដល់10សង្ទីម៉ែត្រសិនដែរ។ ការបើករបស់មាត់ស្បូននឹងបែងចែកជា3រយៈពេលដូចតទៅនេះ ៖
ចាប់ផ្តើមដំបូងមាត់ស្បូននឹងបើកត្រឹមតែ0-4សង្ទីម៉ែត្រប៉ុណ្ណោះហើយមាត់ស្បូននឹងបើកជារឿយៗទៅទៀតប្រមាណជា1សង់ទីម៉ែត្រក្នុង1ម៉ោង។ ស្ត្រីមានគភ៌ខ្លះអាចត្រូវរង់ចាំឱ្យមាត់ស្បូនបើកពេញទំហឹងប្រមាណជា6-10ម៉ោង ទំរាំនឹងប្រសូតបាន អ្នកខ្លះត្រូវរង់ចាំយូរជាងនោះទៅទៀត អាស្រ័យលើបទពិសោធ និងសភាពរាងកាយ ហើយពេលនោះក៏នឹងមានអាការឈឺពោះខ្លាំងឡើងជារឿយៗ អ្នកម្តាយខ្លះទឹកភ្លោះអាចនឹងបែកតាំងពីពេលនេះបាត់ទៅហើយ។
អំឡុងពេលបន្ទាប់មកទៀត មាត់ស្បូនរបស់អ្នកនឹងបើកចេញប្រមាណជា3-7សង្ទីម៉ែត្រ ហើយការរង់ចាំប្រសូតបុត្រនឹងនៅសល់ប្រមាណជា3-6ម៉ោងទៀតប៉ុណ្ណោះ អាស្រ័យលើបទពិ-សោធរបស់ស្ត្រីមានគភ៌ម្នាក់ៗ តែអ្វីដែលប្រាកដច្បាស់នោះគឺ ស្បូនកំពុងតែច្របាច់ខ្លួនយ៉ាងខ្លាំង និងញឹកញាប់ឡើង អាចនឹងរៀងរាល់3-5នាទី ហើយស្ត្រីមានគភ៌ខ្លះអាចនឹងមានទឹករំអឹលលាយឈាមពណ៌ផ្កាឈូកៗហូរចេញមកទៀតផង។
អំឡុងពេលចុងក្រោយ មាត់ស្បូនបានបើកដល់10សង្ទីម៉ែត្រ ហើយពេលវេលាប្រសូតបុត្រនៅសល់ត្រឹមតែ20នាទី-2ម៉ោងទៀតប៉ុណ្ណោះ។ សម្រាប់ការប្រឹងប្រសូតបុត្រ កូននឹងចេញមកលឿន ឬយឺតនោះអាស្រ័យលើការប្រឹងរបស់អ្នកម្តាយ និងចង្វាក់នៃការប្រឹង។ ក្នុងអំឡុងពេលនេះស្បូននឹងច្របាច់ខ្លួនខ្លាំងឡើង និងញាប់ខ្លាំងណាស់ អ្នកម្តាយខ្លះអាចនឹងនឿយហត់ និងមានអាការក្អួតចង្អោរ ឈឺផ្សារនៅលើមាត់ស្បូន។
2.ខ្យល់ប្រឹងក្នុងរាងកាយ និងការប្រសូតបុត្រ
ដំណាក់កាលនេះនឹងត្រៀមជាស្រេច ហើយក៏ជាពេលដែលមាត់ស្បូនបើកចេញយ៉ាងពេញទំហឹងដែរ។ អ្នកនឹងមានអារម្មណ៍ដឹងពីការជំរុញយ៉ាងខ្លាំងក្លាពីខាងក្នុង មានអារម្មណ៍ដឹងពីកម្លាំងរុញច្រាន និងដឹងពីស្បូនច្របាច់ខ្លួនខ្លាំងក្លា និងញាប់ឡើង។ ជាអំឡុងពេលដែលឈឺចាប់បំផុត ពេលនេះគ្រូពេទ្យអាចនឹងកាត់ត្រង់ប្រឡោះមាត់ស្បូនបន្តិច ដើម្បីឱ្យប្រឡោះស្បូនបើកធំខ្លាំងឡើង។ ក្នុងអំឡុងពេលដែលត្រូវប្រើកម្លាំងប្រឹងប្រសូតនេះ ពេលមានអារម្មណ៍ដឹងពីកម្លាំងរុញច្រាន ឬខ្យល់ប្រឹងក្នុងរាងកាយហើយនោះ ចូរអ្នកប្រមូលកម្លាំង និងប្រឹងឱ្យពេញទំហឹងតម្រង់ចំណុចកណ្តាលនៃការប្រឹងឆ្ពោះ ទៅរកទ្វារធំ(រន្ធគូទ)។ នៅពេលមានចង្វាក់ហើយ ក៏ប្រឹងចេញមកឱ្យខ្លាំងអស់ពីកម្លាំងកាយ កុំហារមាត់ ឬបញ្ចេញសំឡេងស្រែក ព្រោះកម្លាំងប្រឹងនឹងរុញទៅខាងលើធ្វើឱ្យពិបាកប្រសូត ហើយត្រូវប្រើពេលវេលាយូរ។ ពេលអ្នកប្រឹងដើម្បីប្រសូតនឹងមានអារម្មណ៍ថា ផ្នែកក្បាលរបស់កូនចេញមកហើយ អ្នកនឹងមានអារម្មណ៍ថា ធូរស្រាលឡើងបន្តិច ដូច្នេះចូររង់ចាំគ្រូពេទ្យឱ្យសញ្ញាម្តងទៀត ដើម្បីចាប់ផ្តើមប្រឹងប្រសូតខ្លួនកូនចេញមកម្តងទៀត ពេលនោះខ្លួនរបស់កូននឹងរអឹលចេញមកដោយស្រួល និងមានសុវត្ថិភាព។
3.នៅពេលអ្នកប្រសូតបុត្រចេញមកដល់ដៃគ្រូពេទ្យហើយ
គ្រូពេទ្យនឹងធ្វើការកាត់ខ្សែទងផ្ជឹតចេញ និងធ្វើការសម្អាតខ្លួនប្រាណឱ្យកូន អ្នកនឹងមានអារម្មណ៍ដឹងពីកម្លាំងប្រឹងម្តងទៀត មិនមែនព្រោះអ្នកប្រសូតកូនភ្លោះនោះទេ តែអ្នកត្រូវប្រសូតដុំសុកចេញមកផងដែរ ជាវិធីខាងធម្មជាតិនៅពេលប្រសូតបុត្រ ហើយក៏ត្រូវតែប្រសូតដុំសុកចេញមកដែរ។ នៅពេលប្រសូតដុំសុកចេញមកហើយ អ្នកអាចនឹងមានអារម្មណ៍ថា មានអាការរងាញ័រ ដែលវាជារឿងប្រក្រតី ហើយបើអ្នកមិនមានអារម្មណ៍ថានឿយហត់ជ្រុលពេកទេនោះ អ្នកគួរតែសុំឱ្យគ្រូពេទ្យយកកូនមកដាក់នៅលើដើមទ្រូងរបស់អ្នក និងឱ្យកូនចាប់ផ្តើមបៅដោះ ដើម្បីជំរុញទឹកដោះបានភ្លាមតែម្តង។
អ្នកម្តាយខ្លះនឹងមានបទពិសោធក្នុងការប្រសូតមិនដូចគ្នាទេ អ្នកខ្លះក៏ជួបនឹងសភាវជ្រៀតជ្រែកផ្សេងៗក្នុងអំឡុងពេលរង់ចាំប្រសូតជាច្រើនយ៉ាង រហូតមិនអាចប្រសូតដោយខ្លួនឯងបាន ត្រូវតែធ្វើការវះប្រសូត ដើម្បីសុវត្ថិភាពរបស់ខ្លួនអ្នកម្តាយ និងទារក ដែលគ្រប់យ៉ាងស្ថិតនៅលើការពិចារណារបស់គ្រូពេទ្យដោយត្រង់តែម្តង៕