ភាពឈឺចាប់ រំភើប លាយឡំជាមួយនឹងហានិភ័យគ្រោះថ្នាក់គ្រប់បែបយ៉ាង សុទ្ធតែជាបទពិសោធន៍ដែលស្ត្រីគ្រប់រូបត្រូវឆ្លងកាត់ នៅពេលដែលពួកគេមានផ្ទៃពោះ។ នេះហើយជាមូលហេតុ ដែលគេចាត់ទុកការមានផ្ទៃពោះ ជាពេលវេលាដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់មនុស្សស្រី។ ក៏ប៉ុន្តែ ប្រសិនបើការពរពោះមិនបានជោគជ័យ ដោយជួបឧបទវហេតុណាមួយដែលធ្វើឲ្យបាត់បង់កូនក្នុងផ្ទៃ ពួកគេច្បាស់ជាក្រៀមក្រំ ឬខូចចិត្តយ៉ាងខ្លាំង។
បើយោងតាមការសិក្សារបស់អ្នកជំនាញបានព្រមានថា ស្ត្រីចំនួន ២០ភាគរយក បានរលូតកូននៅក្នុងអំឡុងពេល ៣ខែដំបូង ហើយនេះជាពេលវេលាដែលស្ត្រីមានផ្ទៃពោះត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុត។ ជាពិសេសត្រូវចេះសង្កេតមើលអាការមិនស្រួលមួយចំនួន ដែលបង្ហាញដូចខាងក្រោម៖
ហូរឈាមខុសប្រក្រតី៖ប្រសិនបើអ្នកសង្កេតឃើញការហូរឈាមច្រើនខុសប្រក្រតី ឬឈាមមានពណ៌ត្នោតនៅសប្តាហ៍ទី ៤ គួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំង ព្រោះវាអាចជាសញ្ញាមួយដែលបង្ហាញពីការរលូតកូន។ យកល្អ អ្នកគួរតែទៅមន្ទើរពេទ្យ ដើម្បីពិនិត្យមើលឲ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗចំពោះសុខភាព។
សង្កេតមើលចង្វាក់នៃការដកដង្ហើម៖ការពិបាកដកដង្ហើម ដកដង្ហើមញាប់ ឬថប់ៗ ជាគឺជាសញ្ញាជាក់លាក់មួយទៀត ដែលបង្ហាញពីបញ្ហារលូតកូន។ ជួបកាលបញ្ហារលូតកូន អាចកើតឡើង ប្រសិនបើអ្នកជាមនុស្សដែលមានការព្រួយបារម្ភច្រើន ឬស្ត្រេសខ្លាំង ដូច្នេះអ្នកគួរតែរៀនកាត់បន្ថយស្ថានភាពដោយខ្លួនឯង។
ចុកពោះខ្លាំង៖រោគសញ្ញាមួយទៀតនៃការរលូតកូន គឺឈឺចាប់ខ្លាំងនៅសប្តាហ៍ទី៤ ។ ជាពិសេស ប្រសិនបើអាការចុកពោះ អមទៅដោយការហូរឈាមតាមទ្វាមាស ផងដែរនោះ អ្នកគួរតែប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យភ្លាម។
ហូរទឹករំអិលស្អិតៗខុសប្រក្រតី៖លំហូរទឹករំអិលស្អិតៗ ក៏ជារោគសញ្ញាមួយទៀតនៃការរលូតកូន មិនខុសពីលំហូរឈាមដែរ។ ដូច្នេះ ប្រិនបើអ្នកសង្កេតឃើញមានលំហូរទឹករំអិលច្រើន ខុសប្រក្រតីនៅសប្តាហ៍ទី ៤ គួរតែពិគ្រោះជាមួយពេទ្យជំនាញឲ្យបានត្រឹមត្រូវ។
ប្រសិនបើមានករណីរលូតកូនមែននោះ អ្នកនឹងមានការហូរឈាមបន្តរហូត យ៉ាងតិចបំផុតរយៈពេល ១៤ថ្ងៃ ដែលតម្រូវឲ្យអ្នកថែទាំខ្លួនដោយយកចិត្តទុកដាក់ប្រសិន ដូចស្ត្រីដែលសម្រាលកូនដែរ៕
មិនចង់រលូតកូន គួរអនុវត្តតាមគោលការណ៍៤ចំណុច
គ្មានស្ត្រីរូបណាចង់ជួបប្រទះបញ្ហារលូតកូននោះឡើយ ព្រោះវាជារឿងដ៏គួរឲ្យសោកសៅបំផុត ស្ទើរតែចង់ផ្តាច់ជីវិតទៅតាមកូន លើកលែងតែអ្នកមិនចង់ទុកទើបសប្បាយចិត្ត។ ដូច្នេះហើយ ដើម្បីបង្ការកុំឲ្យ រឿងដ៏អាក្រក់មួយនេះ កើតមានឡើង គូស្នេហ៍ទាំងពីរគួរតែអនុវត្តាមវិធីសាស្ត្រ ៤ចំណុច។
១. លះបង់ភេសជ្ជៈដែលមានជាតិអាល់កុល
មុននឹងសម្រេចចិត្តមានផ្ទៃពោះ អ្នកគួរតែលះបង់គ្រប់ភសេជ្ជៈដែលមានផ្ទុកជាតិអាល់កុលទាំងអស់ ព្រោះវា អាចកាត់បន្ថយលទ្ធិភាពក្នុងការយកកូន។ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកមានកូនឲ្យនៅតែការមិនលះបង់ទៀត ឱកាសនៃការរលូតកូន កើតមានកាន់តែខ្ពស់។
២. បោះបង់ទម្លាប់ជក់បារី
ទម្លាប់ជក់បារី មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនោះទេ សូម្បីតែមេជីវិតឈ្មោលរបស់បុរស និងប្រដាប់បន្តពូជមនុស្សស្រីក៏មានគ្រោះថ្នាក់ដែរ។ ហេតុនេះហើយ ដើម្បីគេចចេញឲ្យឆ្ងាយពីបញ្ហារលូតកូន អ្នកម្តាយគួរតែឈប់ជក់បារី ឬនៅឲ្យឆ្ងាយពីកន្លែងដែលមានផ្សែងបារី។
៣. ទទួលទានអាហារបំប៉ន់
ការទទួលទានអាហារដែលសម្បូរទៅដោយជីវជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ត្រីដែលមានបំណងចង់បានកូន ព្រោះវាអាចជួយរក្សាតុល្យភាពអ័រម៉ូន ក៏ដូចជាពង្រឹងសុខភាពបន្តពូជផងដែរ។ ប្រភេទអាហារដែលអ្នកគួរតែញ៉ាំ គឺអាហារដែលសម្បូរសារធាតុកាល់ស្យូម ស័ង្កសី ម៉ាញ៉េស្យូម វីតាមីន C … ។
៤.ជៀសវាងអាហារឆៅ
រាងល់អាហារឆៅទាំងអស់អ្នកត្រូវតែជៀសវាង ព្រោះវាអាចផ្ទុកមេរោគផ្សេងៗដែលមានគ្រោះថ្នាក់ ហើយអ្នកមិនអាចមើលឃើញនឹងភ្នែកទទេបាននោះទេ។ ជាពិសេស អ័យស្ទើរ បង្ការ ត្រីសមុទ្រ សាច់គោ និងស៊ុត ជាដើម។ ប្រសិនបើអ្នកចង់ទទួលទាន គួរតែចម្អិនឲ្យបានឆ្អិនល្អជាមុនសិន៕