ក្នុងយុគសម័យបច្ចុប្បន្ន ស្ត្រីយើងទោះជារៀបការហើយក៏ដោយ ក៏នៅតែត្រូវចេញទៅធ្វើការក្រៅផ្ទះដើម្បីជួយសម្រាលបន្ទុកការចាយវាយក្នុងគ្រួសារដែរ តែនៅពេលណាដែលស្ត្រីយើងចាប់ផ្ដើមគិតចង់បានបុត្រ ឬដឹងខ្លួនថា ចាប់ផ្ដើមមានគភ៌ហើយនោះ ក្ដីកង្វល់ដែលតែងតែកើតមាននោះគឺថា តើការចេញទៅធ្វើការងារក្នុងខណៈដែលខ្លួនឯងតាំងគភ៌នោះ នឹងមានផលប៉ះពាល់ដល់ទារកក្នុងគភ៌ដែរឬទេ? ថ្ងៃនេះ Baby and Mom មានចម្លើយមកជម្រាបជូនដូចខាងក្រោមនេះ។
នៅក្នុងផ្នែកវេជ្ជសាស្ត្រនៅមិនទាន់មានការបញ្ជាក់យ៉ាងច្បាស់លាស់ថា ហាមស្ត្រីដែលកំពុងមានគភ៌ធ្វើការអ្វីនោះឡើយ មានត្រឹមតែពាក្យណែនាំថា មិនគួរលើករបស់ធ្ងន់ៗ និងមិនគួរមានសភាវតានតឹងធុញថប់ក្នុងអារម្មណ៍ឡើយ ព្រោះនៅពេលរាងកាយរបស់ស្ត្រីមានគភ៌តានតឹងធុញថប់(អាចបណ្ដាលមកពីរឿងការងារ ឬមួម៉ៅធុញថប់ដោយសារតែរឿងធ្វើដំណើរតាម
ផ្លូវដែលកកស្ទះខ្លាំង)រាងកាយនឹងបញ្ចេញសារធាតុម្យ៉ាងចេញមក ដែលបើសិនជាការតាំងគភ៌ក្នុងរយៈពេល3ខែដំបូងផងនោះ អាចនឹងមានឱកាសរលូតបុត្របាន។
ក្រៅពីនោះ តាមធម្មជាតិវិញ ក្នុងអំឡុង3ខែដំបូងនៃការតាំងគភ៌ ស្ត្រីមានគភ៌នឹងមានអារម្មណ៍ថាទន់ល្វើយអស់កម្លាំង ដោយសារតែជាអំឡុងពេលដែលទារកក្នុងគភ៌កំពុងវិវឌ្ឍ និងធំធាត់ឡើង ដែលជារឿងប្រក្រតី ដូច្នេះទើបការសម្រាករបស់ស្ត្រីមានគភ៌ត្រូវមានច្រើនជាងមនុស្សប្រក្រតី។ បើរាងកាយនឿយល្វើយហើយនៅត្រូវទៅធ្វើការ ហើយត្រូវជួបនឹងសភាវធុញថប់តានតឹងផ្សេងៗទៀត
ផងនោះ ក៏នឹងរឹតតែធ្វើឱ្យរាងកាយលែងបានសម្រាក និងអស់កម្លាំងខ្លាំងលើសដើមទៅទៀត។
ដូច្នេះអ្នកដែលឆ្លើយតបនឹងសំណួរខាងលើបានល្អបំផុតនោះគឺ ស្ត្រីមានគភ៌ខ្លួនឯងដែលគួរតែគិតថា ការងារដែលទៅធ្វើនោះ បើធ្វើហើយមានសេចក្ដីសុខ ក៏អាចធ្វើតទៅទៀតបាន ព្រោះបើរាងកាយមានសេចក្ដីសុខ ក៏នឹងមានផលល្អដល់ទារកក្នុងគភ៌ដែរ តែបើដឹងខ្លួនថា ធ្វើហើយគ្មានសេចក្ដីសុខ ត្រូវមួម៉ៅធុញថប់ ក៏គួរតែសម្រាកបន្តិចទៅ ហើយក៏គួរតែជ្រើសរើសយកកូនជារឿងសំខាន់ជាងវិញប្រសើរជាង។
ក្រៅពីនេះនៅមានរឿងដែលគួរប្រយ័ត្នប្រយែងនៅក្នុងកន្លែងធ្វើការ រួមទាំងការធ្វើដំណើរក្នុងខណៈតាំងគភ៌ដូចតទៅ ៖
1. ស្ត្រីដែលកំពុងតាំងគភ៌ គួរចៀសវាងការធ្វើការងារណាដែលពាក់ព័ន្ធជាមួយម៉ាស៊ីន X-Ray យ៉ាងដាច់ខាត ព្រោះទារកនៅក្នុងគភ៌នឹងមានឱកាសពិការ ឬកើតមហារីកក្នុងគ្រាប់ឈាមសដែលបណ្ដាលមកពីកាំរស្មីបាន។
2. បើលក្ខណៈការធ្វើការងារត្រូវឈរ ឬអង្គុយក្នុងរយៈពេលយូរៗ ក៏គួរតែផ្លាស់ប្ដូរឥរិយាបថរៀងរាល់1ម៉ោងម្ដង ជាពិសេសនៅពេលចាប់ផ្ដើមតាំងគភ៌ក្នុងអំឡុងពេល6ខែតទៅ ដូចជា អាចប្រើការដើរទៅមក ឆ្លាស់គ្នានឹងការអង្គុយសម្រាកជាដើម។
3. ការចង់កម្រើកខ្លួន ឬប្ដូរឥរិយាបថ ត្រូវប្រយ័ត្នខ្លួនជាពិសេស ព្រោះអាចកើតការពង្រឹងខ្លួនរបស់ស្បូនបាន បើសិនជាផ្លាស់ប្ដូរឥរិយាបថលឿនរហ័សជ្រុលពេក។
4. សម្រាប់ការធ្វើដំណើរទៅធ្វើការ ឡារ៉ែន មិនណែនាំឱ្យជិះម៉ូតូទេ ទោះជាតាំងគភ៌ប៉ុន្មានខែក៏ដោយ។
5. បើមិនចាំបាច់ មិនគួរធ្វើដំណើរទៅណាឆ្ងាយៗឡើយ ព្រោះការជិះឡានយូរដោយមិនផ្លាស់ប្ដូរឥរិយាបថ នឹងធ្វើឱ្យឈឺខ្នង ស្ពឹកតាមដៃ-ជើង ព្រោះប្រព័ន្ធឈាមរត់អាចនឹងធ្វើការមិនបានល្អដូចពេលរាងកាយប្រក្រតីនោះទេ។
6. គួរតមការបើកបររថយន្តដោយខ្លួនឯង ព្រោះការបើកបររថយន្ត ក្រៅតែពីធ្វើឱ្យមានអារម្មណ៍តានតឹងធុញថប់ហើយ នៅមានផលដល់ការពង្រឹងខ្លួនរបស់ស្បូនទៀតផង។
7. ហាមទប់បត់ជើងតូចជាដាច់ខាត ព្រោះការទប់មិនព្រមទៅបត់ជើងតូចនឹងធ្វើឱ្យរលាកប្លោកនោម។ ការទៅធ្វើការក្រៅផ្ទះ ពេលខ្លះអាចនឹងមិនសូវងាយស្រួលក្នុងការចូលបន្ទប់ទឹក ទើបស្ត្រីជាច្រើនជ្រើសរើសយកការទ្រាំ ដូច្នេះស្ត្រីមានគភ៌ត្រូវរៀបចំផែនការរឿងការបន្ទោបង់នេះឱ្យបានល្អ៕
ពេលមានផ្ទៃពោះ ហើយត្រូវឈរធ្វើការយូរៗ អាចធ្វើឱ្យស្ត្រីពពោះ……
មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮរួចមកហើយថា ពេលមានគភ៌ មិនគួរឈរយូរពេកទេ ព្រោះអាចកើតសភាវហើមជើង ឈឺខ្នង ឬវៀចសរសៃឈាមបានងាយជាងប្រក្រតី តែស្ត្រីមានគភ៌ខ្លះក៏អាចធ្វើការបែបឈរបានរហូតពេញមួយថ្ងៃដោយមិនមានកើតអ្វីធ្ងន់ធ្ងរឡើយ។ ភាគច្រើនបញ្ហាដែលពាក់ព័ន្ធនឹងការឈរធ្វើការរហូតធ្វើឱ្យកើតសភាវទាំងនោះ នឹងកើតឡើងចំពោះស្ត្រីមានគភ៌ក្នុងអំឡុងត្រីមាសចុងក្រោយ ព្រោះត្រូវទទួលទ្រទម្ងន់ដែលកាន់តែច្រើនឡើង និងក្បាលពោះក៏ធំឡើង អាចធ្វើឱ្យកើតអាការឈឺខ្នងខ្លាំងបំផុត។
ស្ត្រីមានផ្ទៃពោះដែលត្រូវឈរធ្វើការយូរៗ គួរធ្វើយ៉ាងណា?
បើស្ត្រីមានផ្ទៃពោះចៀសវាងការធ្វើការដែលត្រូវឈររហូតមិនបានមែនទែននោះ ស្ត្រីមានគភ៌គួរតែរកពេលអង្គុយ ឬដើរ ដើម្បីបន្ធូរបន្ថយសាច់ដុំឱ្យបានញឹកញាប់បំផុត ព្រោះនៅពេលឈរធ្វើការច្រើន ទឹកក្នុងរាងកាយដែលមានច្រើនជាងប្រក្រតីក្នុងអំឡុងពេលតាំងគភ៌ នឹងហូរចុះតាមកម្លាំងទំនាញផែនដីមករកជើង និងបាតជើងច្រើនជាងផ្នែកដទៃ រហូតធ្វើឱ្យម្តុំបរិវេណនោះត្រូវច្របាច់ណែនដោយឈាម និងទឹក ធ្វើឱ្យកើតអាការហើមនៅលើជើង និងបាតជើងខ្លាំងជាងគេបំផុតលើរាងកាយ។
ការប្តូរផ្លាស់ស្បែកជើងក៏ជារឿងសំខាន់ដែរ គួរផ្លាស់ប្តូរស្បែកជើងឱ្យសមល្មមនឹងជើងដែលរីកធំឡើងតាមអំឡុងអាយុគភ៌ ព្រោះវានឹងជួយកាត់បន្ថយអាការហើមបាន។
នៅពេលសម្រាកពីការងារ ស្ត្រីមានគភ៌អាចកាត់បន្ថយអាការហើមជើងបាន ដោយការអង្គុយត្រាំជើងនឹងទឹកក្តៅឧណ្ហៗ និងគេងដាក់ជើងឱ្យខ្ពស់ជាងកម្ពស់ដងខ្លួន ហើយត្រូវតមអាហារដែលមានរសជាតិប្រៃ តែបើស្ត្រីមានគភ៌សង្កេតឃើញថា មានអាការហើមជើងខ្លាំងខុសប្រក្រតី គួរប្រញាប់ទៅប្រឹក្សាជាមួយលោកគ្រូពេទ្យជាបន្ទាន់ ព្រោះអាចនឹងមានអាការជ្រៀតជ្រែកពីសភាវដទៃបាន ដូចជាសភាវលើសឈាមជាដើម៕