ជាទូទៅ ស្ត្រីត្រូវបានលើកទឹកចិត្តអោយសម្រាលបុត្រតាមផ្លូវធម្មជាតិ ព្រោះផលវិបាកនៃការសម្រាលតាមធម្មជាតិ មានតិចតួចជាងការវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ ប៉ុន្តែបច្ចុប្បន្ននេះអត្រានៃការសម្រាលបុត្រដោយការវះកាត់ មានការកើនឡើងជាលំដាប់គួរអោយព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្ត្រីមួយចំនួនយល់ខុសថា ការសម្រាលកូនដោយវះកាត់ មាន ភាពងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការឈឺពោះសម្រាល និងមើលរំលងផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។ ដូច្នេះ តើមានផលវិបាកអ្វីខ្លះអំឡុង និងក្រោយពេលការវះកាត់សម្រាលកូន?
ក) ផលវិបាកអំឡុងពេលវះកាត់៖
– ផលវិបាកនៃថ្នាំសណ្តំ (Syndrome de Mendelson)
– ការបាត់បង់ឈាមច្រើនពេលវះកាត់
– ការដាច់រហែកកស្បូនខ្លាំង
– របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ
ខ) ផលវិបាកក្រោយពេលវះកាត់ភ្លាមៗ ១០% ទៅ ៤២%៖
– ការបង្ករោគផ្សេងៗ មានដូចជាៈ ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម។
– ការហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក
– ភាពស្លេកស្លាំង
– ផលវិបាកស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួតធ្វើអោយមានវិបត្តិផ្លូវដង្ហើម
គ) ផលវិបាកក្រោយពេលវះកាត់ នៅពេលមានផ្ទៃពោះលើកក្រោយ ស្ត្រីអាចប្រឈមនឹង៖
– ការវះកាត់យកកូនសារជាថ្មី
– ការធ្លាយស្បូន
– សុកពាំងមាត់ស្បូន
– សុកចាក់ឬសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោម
ផលវិបាកទាំងអស់នេះមិនសូវកើតមានជាញឹកញាប់ទេ តែករណីខ្លះអាចគំរាមគំហែងដល់អាយុជីវិតស្ត្រីបាន។ ដូច្នេះរាល់ការសម្រាលទាំងអស់ ស្ត្រីគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏ សមស្រប និងមានសុវត្ថិភាពទាំងម្តាយ និងកូន។
“ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនិងរោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត នឹងផ្តល់ដំបូន្មាន និងពត៌មានលំអិតបន្ថែម ជូនលោកអ្នក ក្នុងការជ្រើសរើសវិធីសម្រាលបុត្រ”។
សារធាតុអាហារសំខាន់ ៤យ៉ាង ដែលចាំបាច់បំផុតក្នុងអំឡុងពេលមានគភ៌
ស្ត្រីមានគភ៌ត្រូវការកម្លាំងថាមពលថែមឡើងពី150-350កាឡូរីក្នុងមួយថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលីហ្ស៊ឹមដែលកើនឡើងរបស់មាតា។ ជាទូទៅលោកគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុងមួយថ្ងៃ និងខាងក្រោមនេះគឺជាសារធាតុអាហារសំខាន់ៗដែលស្ត្រីមានគភ៌ចាំបាច់ត្រូវតែបានទទួល។
សារធាតុដែក
ស្ត្រីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើង ដើម្បីផលិតគ្រាប់ឈាម គេហទំព័រ មាតា និងទារក សូមណែនាំឱ្យទទួលយកសារធាតុដែកពីអាហារ30-60មីល្លីក្រាមក្នុងមួយថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះ ត្រូវឱ្យបានពី300-600មីល្លីក្រាមក្នុងមួយថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដានឹងពិចារណាក្នុងការផ្តល់សារធាតុដែកបន្ថែមចំពោះតែស្ត្រីណាដែលរកឃើញថាមានជំងឺឈាមស្លេកដែលបណ្តាលមកពីការខ្វះសារធាតដែកតែប៉ុណ្ណោះ។សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើនទើបកន្លែងខ្លះមានគ្រោងការបន្ថែមសារធាតុដែក និងហ្វូលេតដល់ស្ត្រីវ័យជំទង់ដើម្បីកាត់បន្ថយការកើនឡើងនៃរោគឈាមស្លេកតាំងពីពេលមុនតាំងគភ៌។
វីតាមីន B12
បើមានកម្រិតទាប រួមជាមួយកម្រិតហ្វូលេតដែលខ្ពស់នៅលើស្ត្រីមានគភ៌នោះ នឹងក្លាយជាបច្ច័យប្រថុយប្រថានអាចនឹងធ្វើឱ្យទារកមានសភាវឌឺនឹងសារធាតុអុីនស៊ូលីននាពេលអនាគតបាន។
កាល់ស្យូម
មានភាពសំខាន់សម្រាប់ការអភិវឌ្ឍឆ្អឹងរបស់ទារកស្ត្រីមានគភ៌មានតម្រូវការកាល់ស្យូមកើនឡើង122-167% ឬគួរបានទទួលយ៉ាងតិចបំផុត1ក្រាមក្នុងមួយថ្ងៃ។ តាមរយៈការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថា កាល់ស្យូមនឹងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នៅលើស្ត្រីមានគភ៌ កាត់បន្ថយភាពប្រថុយប្រថានចំពោះគភ៌មានជាតិពុលបានទៀតផង។
វីតាមីន A
មានសម្ពន្ធភាពជាមួយកម្រិតសារធាតុដែក បើទទួលបានមិនគ្រប់គ្រាន់ក្នុងខណៈមានគភ៌នឹងក្លាយជាមូលហេតុបណ្តាលឱ្យកើតរោគលោហិតស្លេកបាន។ បរិមាណដែលលោកគ្រូពេទ្យណែនាំឱ្យទទួលទាននោះគឺ មួយថ្ងៃ5,000IU បើទទួលបានច្រើនជាង10,000IUទារកនៅក្នុងផ្ទៃនឹងប្រថុយក្នុងការកើតសភាវពិការ ជាពិសេសប្រព័ន្ធបញ្ចេញទឹកមូត្រ។
ដូច្នេះហើយទើបនឹងជ្រើសរើសប្រើអាហារបំប៉នក្នុងអំឡុងពេលមានគភ៌ អ្នកគួរស្ថិតនៅក្នុងការមើលថែរបស់លោកគ្រូពេទ្យដើម្បីទទួលបានពាក្យណែនាំដែលត្រឹមត្រូវ និងការប្រើថ្នាំដែលស័ក្តិសម និងដើម្បីឱ្យទាំងអ្នកម្តាយ និងទារកក្នុងផ្ទៃមានសុវត្ថិភាព រឹងប៉ឹង និងមានវិវឌ្ឍនាការដ៏ល្អ៕
អាហារសំរាប់ស្ត្រីមានផ្ទៃពោះ!
ក្នុងពេលពរពោះ ស្ត្រីគួរមានការយកចិត្តទុកដាក់ខ្ពស់ទៅលើរបប និងប្រភេទចំណីអាហារ ពីព្រោះការបរិភោគ អាហារត្រឹមត្រូវ ធ្វើអោយកូនក្នុងផ្ទៃមានការលូតលាស់ល្អ និងកូនកើតមកឆ្លាតវៃ។ ផ្ទុយទៅវិញ បើស្ត្រីបរិភោគអាហារមិនត្រឹមត្រូវទេ អាចមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពកូនក្នុងផ្ទៃ និងសុខភាពកូនពេលកើតមក។
ដោយមានការបំរែបំរួលសរីរាង្គរបស់ស្ត្រីក្នុងពេលពរពោះ អង្គការពារខ្លួនរបស់ស្ត្រីនឹងធា្លក់ចុះ ធ្វើអោយអាហារមួយចំនួនដែលធ្លាប់បរិភោគពីមុន អាចនឹងមានផលប៉ះពាល់នៅពេលបរិភោគ ក្នុងពេលមានផ្ទៃពោះ។
១) ទាក់ទងទៅនឹងប្រភេទ និងរបបអាហារ កំឡុងមានផ្ទៃពោះស្ត្រីគួរប្រតិបត្តិដូចតទៅ៖
– បរិភោគអាហារអោយបាន គ្រប់មុខ មានទាំងបន្លែ សាច់ សុ៑ត គ្រាប់ធញ្ញជាតិ និងផ្លែឈើ។ ក្នុង១ថ្ងៃ ស្ត្រីគួរបរិភោគយ៉ាងហើចអោយបានបន្លែ៥មុខ និងផ្លែឈើ៥មុខ ហើយផ្លាស់ប្តូរគ្នាជារៀងរាល់ថ្ងៃ ព្រោះអាហារដែលមានពណ៌ខុសៗគ្នា ផ្ទុកនូវវីតាមីន ជាតិមីនេរាល់និងប្រូតេអីនផ្សេងៗគ្នា។
– បរិភោគអាហារដែលចំអិនឆ្អិនល្អ ទាំងសាច់ ស៊ុត និងបន្លែ។ ផ្លែឈើត្រូវលាងអោយស្អាត មុននឹងបរិភោគ។
– បរិភោគអាហារដែលមានវីតាមីន C និងអាស៊ីតហ្វូលីកអោយបានគ្រប់គ្រាន់ ក្នុងរយៈពេល ១២ សប្តាហ៍ដំបូង។
– ជ្រើសរើសអាហារណាដែលមានជាតិសរសៃច្រើនដូចជា នំបុ័ង សេរេអាល់ គ្រាប់សណ្តែក បន្លែពណ៌បៃតង។
– ត្រូវបរិភោគអាហារ ឬភេសជ្ជៈដែលមានផ្ទុកនូវជាតិកាល់ស្យូមច្រើន យ៉ាងតិចអោយបាន 1000-1300 មីលីក្រាមក្នុងមួយថ្ងៃ ក្នុងពេលមានផ្ទៃពោះ។
– ត្រូវបរិភោគអាហារណាដែលមានជាតិដែកអោយបានយ៉ាងតិច 27 មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា សាច់ក្រហមសុទ្ធ ស្ពៃខៀវ គ្រាប់សណ្តែក និងសេរេអាល់។
– ត្រូវបរិភោគអាហារដែលមានជាតិអ៊ីយ៉ូដអោយបានយ៉ាងតិច 220 មីក្រូក្រាម ដើម្បីជួយក្នុងការលូតលាស់ខួរក្បាលកូន។ អាហារទាំងនោះមានដូចជាទឹកដោះគោ ឈីស យោហ្គឺត(yogurt) និងអាហារសមុទ្រមួយចំនួនដូចជាត្រីសមុទ្រ ត្រីសាល់ម៉ុង បង្គា ។
– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនសេ រាល់ថ្ងៃយ៉ាងតិច 80-85 មីលីក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនោះមានដូចជា ក្រូច មឺឡុង ទំពាំងបាយជូ ស្តរបូរី ល្ហុង ប៉េងប៉ោះ ម្ទេសខៀវ ផ្កាខាត់ណា ប្រូកូលី ស្ពៃក្តោបពណ៌ខៀវ សាឡាត់ខៀវ និងស្ពៃខៀវ។
– ត្រូវបរិភោគអាហារដែលមានជាតិហ្វូឡាត ឬអាស៊ីតហ្វូលីក រាល់ថ្ងៃយ៉ាងតិច 0.64 មីលីក្រាមក្នុងមួយថ្ងៃ ដើម្បីជួយការពារ ការរបើកឆ្អឹងកងខ្នងកូនពីកំនើត ដែលអាចអោយកូនមានភាពពិការជើងទាំងសងខាង។ អាហារទាំងនោះមានដូចជា បន្លែបៃតង សាច់សុទ្ធ គ្រាប់សណ្តែក ជាដើម។
– ត្រូវបរិភោគអាហារដែលមានជាតិវីតាមីនអា រាល់ថ្ងៃ ដូចជា ការ៉ុត ល្ពៅ ដំឡូងក្រហម ស្ពៃខៀវ ននោង ស្លឹកបន្លែដែលមានមើម និងផ្លែមឺឡុង។
២) អាហារដែលស្ត្រីមានផ្ទៃពោះត្រូវជៀសវាងមានដូចជា៖
– ជាតិអាល់កុល: ព្រោះវាអាចបណា្តលអោយមានការសំរាលកូនមុនខែ បាត់បង់នូវភាពឆ្លាតរបស់កូន ការលូតលាស់របស់កូនក្នុងពោះតូចជាងធម្មតា និងអាចបណា្តលអោយមានភាពខុសប្រក្រតីមួយចំនួនលើកូនក្នុងផ្ទៃ។
– ជាតិកាហ្វេអីន: មិនត្រូវបរិភោគលើសពី 300 មីលីក្រាមក្នុងមួយថ្ងៃទេ។
– ជាតិស្ករ រឺផ្អែម មិនត្រូវបរិភោគច្រើនពេកទេ។
– ជាតិខ្លាញ់ និងកូឡេសស្តេរ៉ុល: ត្រូវកាត់បន្ថយ មកត្រឹមតែ 300 មីលីក្រាមក្នុងមួយថ្ងៃ។
– សាច់ត្រីសមុទ្រធំៗ មួយចំនួន ដូចជាត្រីឆ្លាម: ព្រោះមានផ្ទុកនូវជាតិបារ៉តដែលអាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។
– ឈីសដែលមិនបានឆ្លងកាត់ការរំងាប់មេរោគ (unpasteurized) ព្រោះវាអាចផ្ទុកនូវមេរោគ listeria
– សាច់ រឺបន្លៃឆៅ ព្រោះវាអាចមានផ្ទុកនូវពពួកបាក់តេរី ឬសត្វល្អិតមួយចំនួនអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។
“ ដើម្បីអោយកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ ក្រុមការងារវេជ្ជបណ្ឌិត និងគិលានុបដ្ថាកជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សំណូមពរអោយអ្នកមា្តយគ្រប់រូបត្រូវចេះជ្រើសរើសអាហារបរិភោគដែលប្រកបដោយផាសុកភាពទាំងក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅដោះកូន។ ”
ប្រភព៖ Calmette Hospital