នៅពេលមានផ្ទៃពោះ ស្ត្រីត្រូវការរបបអាហារគុណឡើងទ្វេរដង ដើម្បីបំពេញតម្រូវការមនុស្សពីរនាក់ ហើយអាហារទាំងនោះក៏ត្រូវតែមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ផងដែរ។ ប៉ុន្តែ អ្នកត្រូវដឹងថា ស្ត្រីមានផ្ទៃពោះមិនអាចញ៉ាំអាហារតាមតែអំពើចិត្តដូចមនុស្សធម្មតាបាននោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ទារក្នុងផ្ទៃ។ ជាពិសេស នៅក្នុង ៣ខែដំបូង អ្នកត្រូវមានការប្រុងប្រយ័ត្ន ព្រោះនេះជាពេលដែលទារកកំពុងតែលូតលាស់ ហើយក៏ងាយប្រឈមនឹងញ្ហាផងដែរ។
ខាងក្រោមនេះ គឺជាអាហារ ៣ប្រភេទ ដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង៖
សាច់ឆៅ
ជាទូទៅមនុស្សមួយចំនួនចូលចិត្តទទួលទានសាច់ឆៅ ព្រោះយល់ថា ប៉ូវកម្លាំង ក៏ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះមិនដូចគ្នានោះទេ។ សាច់ឆៅ មានផ្ទុកប៉ារ៉ាស៊ីត បាក់តរី ឬមេរោគផ្សិតជាច្រើន ដែលអាចនាំឲ្យមានផលលំបាកដល់សុខភាព ហើយបើធ្ងន់ធ្ងរអាចរលូតកូនបាន។ ដូច្នេះ សូមព្យាយាមទទួលទានសាច់ដែលត្រូវឆ្លងកាត់ការចម្អិនត្រឹមត្រូវ ទើបមានសុវត្ថិភាព។
ផ្លែម្នាស់
ម្នាស់ជាផ្លែឈើធម្មជាតិដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ក៏ប៉ុន្តែវាមិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ ម្នាស់ត្រូវបានគេរកឃើញថា មាផ្ទុកសារធាតុ Bromelain ដែលអាចធ្វើឲ្យស្បូន មានសភាពទន់ខ្សោយ និងកន្ទ្រាក់។ ហេតុនេះស្ត្រីមានផ្ទៃពោះ គួរតែជៀសវាងផ្លែម្នាស់ ជាពិសេសអំឡុងពេលត្រីមាសដំបូងតែម្តង។
ផ្លែល្ហុង
ទន្ទឹមនឹងផ្តល់អត្ថប្រយោជន៍មិនអាចកាត់ថ្លៃបាន ផ្លែល្ហុងក៏ផ្តល់មកនូវគុណវិបត្តវិញផងដែរ ចំពោះស្ត្រីដែលកំពុងពពោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះអំឡុងពេល ៣ខែ ដំបូង ត្រូវតែជៀសវាងល្ហុងខ្ចី ព្រោះវាអាចបណ្តោលឲ្យទារករលូតបាន។
ដូច្នេះក្នុងចំណោមអាហារទាំង៣យ៉ាងនៅខាងលើនេះ ស្ត្រីមានផ្ទៃពោះគួរតែតម ហើយព្យាយាមបន្ថែមអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន ជំនួសវិញ៕
ស្ត្រីពពោះហាមដាច់ខាតទទួលទានផ្លែល្ហុង
ល្ហុង គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលរាងកាយត្រូវការជាចាំបាច់។ ក៏ប៉ុន្តែ ទន្ទឹមនឹងមានផលល្អសម្រាប់រាងកាយ ផ្លែល្ហុងក៏ផ្តល់នូវផលអាក្រក់វិញផងដែរ សម្រាប់មនុស្សមួយចំនួន។
គ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ
កម្រិតខ្ពស់នៃជាតិជ័រនៅក្នុងល្ហុងខ្ចី និងស្រស់ៗ អាចបណ្តោលឲ្យស្បូនមានការឈឺចាប់ ហើយនាំឲ្យរលូតកូនយ៉ាងងាយ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះមិនគួរតែទទួលទានខ្ចីទាំងឆៅនោះទេ។
ជំងឺផ្លូវដង្ហើម
ប្រសិនបើអ្នកកំពុងតែមានជំងឺផ្លូវដង្ហើមដូចជា ហឺត ឬប្រតិកម្មអាឡែស៊ី ត្រូវមានការប្រុងប្រយ័ត្នចំពោះផ្លែល្ហុង។ ពេលខ្លះលំអងល្អិតៗដែលនៅជាប់នឹងសំបកខាងក្រៅនៃផ្លែល្ហុង ក៏អាចបណ្តោលឲ្យមានបញ្ហាស្បែកផងដែរ។
ឈឺពោះ
ការញ៉ាំផ្លែល្ហុងច្រើនពេកអាចបណ្តោលឲ្យឈឺពោះ ជាមួយនឹងរោគសញ្ញាដូចជាក្អួត ចង្អោរ ឬឈឺចាប់ជាដើម។ វត្តមាននៃជាតិសរសៃ និងប្លាស្ទិចនៅក្នុងសំបកល្ហុង គឺជាអ្នកគាំទ្រនៅពីក្រោយរោគសញ្ញាទាំងនេះ។
បញ្ហាអាឡែស៊ី
ចំពោះមនុស្សមួយចំនួនដែលកើតមានបញ្ហាអាឡែកស៊ី អាចជួបប្រទះនូវបញ្ហាហើមមាត់ ហើមមុខ រមាស់នៅជុំវិញមាត់បំពងក ក្នុងមាត់ និងអណ្តោត កន្ទួល វិលមុខ ឈឺក្បាល ឈឺពោះ ពិបាកដកដង្ហើម។
ដូច្នេះហើយ ចំពោះអ្នកដែលកំពុងតែជួបបញ្ហាដូចដែលបានបង្ហាញខាងលើនេះ គួរជៀសវាងឲ្យឆ្ងាយពីល្ហុងខ្ចី ជាពិសេសល្ហុងឆៅតែម្តង៕
មិនចង់ឱ្យរលូតកូន គួរអនុវត្តតាមគោលការណ៍៤ចំណុចនេះ
គ្មានស្ត្រីរូបណាចង់ជួបប្រទះបញ្ហារលូតកូននោះឡើយ ព្រោះវាជារឿងដ៏គួរឲ្យសោកសៅបំផុត ស្ទើរតែចង់ផ្តាច់ជីវិតទៅតាមកូន លើកលែងតែអ្នកមិនចង់ទុកទើបសប្បាយចិត្ត។ ដូច្នេះហើយ ដើម្បីបង្ការកុំឲ្យ រឿងដ៏អាក្រក់មួយនេះ កើតមានឡើង គូស្នេហ៍ទាំងពីរគួរតែអនុវត្តាមវិធីសាស្ត្រ ៤ចំណុច។
១. លះបង់ភេសជ្ជៈដែលមានជាតិអាល់កុល
មុននឹងសម្រេចចិត្តមានផ្ទៃពោះ អ្នកគួរតែលះបង់គ្រប់ភសេជ្ជៈដែលមានផ្ទុកជាតិអាល់កុលទាំងអស់ ព្រោះវា អាចកាត់បន្ថយលទ្ធិភាពក្នុងការយកកូន។ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកមានកូនឲ្យនៅតែការមិនលះបង់ទៀត ឱកាសនៃការរលូតកូន កើតមានកាន់តែខ្ពស់។
២. បោះបង់ទម្លាប់ជក់បារី
ទម្លាប់ជក់បារី មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនោះទេ សូម្បីតែមេជីវិតឈ្មោលរបស់បុរស និងប្រដាប់បន្តពូជមនុស្សស្រីក៏មានគ្រោះថ្នាក់ដែរ។ ហេតុនេះហើយ ដើម្បីគេចចេញឲ្យឆ្ងាយពីបញ្ហារលូតកូន អ្នកម្តាយគួរតែឈប់ជក់បារី ឬនៅឲ្យឆ្ងាយពីកន្លែងដែលមានផ្សែងបារី។
៣. ទទួលទានអាហារបំប៉ន់
ការទទួលទានអាហារដែលសម្បូរទៅដោយជីវជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ត្រីដែលមានបំណងចង់បានកូន ព្រោះវាអាចជួយរក្សាតុល្យភាពអ័រម៉ូន ក៏ដូចជាពង្រឹងសុខភាពបន្តពូជផងដែរ។ ប្រភេទអាហារដែលអ្នកគួរតែញ៉ាំ គឺអាហារដែលសម្បូរសារធាតុកាល់ស្យូម ស័ង្កសី ម៉ាញ៉េស្យូម វីតាមីន C … ។
៤.ជៀសវាងអាហារឆៅ
រាងល់អាហារឆៅទាំងអស់អ្នកត្រូវតែជៀសវាង ព្រោះវាអាចផ្ទុកមេរោគផ្សេងៗដែលមានគ្រោះថ្នាក់ ហើយអ្នកមិនអាចមើលឃើញនឹងភ្នែកទទេបាននោះទេ។ ជាពិសេស អ័យស្ទើរ បង្ការ ត្រីសមុទ្រ សាច់គោ និងស៊ុត ជាដើម។ ប្រសិនបើអ្នកចង់ទទួលទាន គួរតែចម្អិនឲ្យបានឆ្អិនល្អជាមុនសិន៕
ភាពឈឺចាប់ រំភើប លាយឡំជាមួយនឹងហានិភ័យគ្រោះថ្នាក់គ្រប់បែបយ៉ាង សុទ្ធតែជាបទពិសោធន៍ដែលស្ត្រីគ្រប់រូបត្រូវឆ្លងកាត់ នៅពេលដែលពួកគេមានផ្ទៃពោះ។ នេះហើយជាមូលហេតុ ដែលគេចាត់ទុកការមានផ្ទៃពោះ ជាពេលវេលាដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់មនុស្សស្រី។ ក៏ប៉ុន្តែ ប្រសិនបើការពរពោះមិនបានជោគជ័យ ដោយជួបឧបទវហេតុណាមួយដែលធ្វើឲ្យបាត់បង់កូនក្នុងផ្ទៃ ពួកគេច្បាស់ជាក្រៀមក្រំ ឬខូចចិត្តយ៉ាងខ្លាំង។