ភាព​ព្រួ​បារម្ភ​ក្នុង​ចិត្ត៣ចំណុច ដែល​ស្ត្រី​មានគភ៌​ចង់​ឲ្យ​ស្វាមី​បានដឹង

0
1

ក្នុងពេល​មានគភ៌ ស្ត្រី​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​គ្រប់បែបយ៉ាង​ទំរាំ​តែ​ដល់​ថ្ងៃ​កើត ក៏ប៉ុន្តែ​ក្នុង​ដំណាក់​ការ​ពពោះ​នេះ ស្ត្រី​មិនត្រូវ​លាក់​រឿង​ទុក​លំបាក​ក្នុង​ចិត្ត​តែម្នាក់ឯង​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព និង​កូន​ក្នុង​ផ្ទៃ​ទៀង​ផង។ ដូច្នេះ​មានរឿង​មួយចំនួន ដែល​ស្ត្រី​មានគភ៌​គ្រប់រូប គួរតែ​ប្រាប់​ដល់​ស្វាមី ឲ្យ​បាន​ដឹងផង។

 

 

អារម្មណ៍​ភ័យខ្លាច

នៅពេលដែល​ថ្ងៃ​សម្រាល​កាន់តែ​ខិតចូល​មកដល់ ស្ត្រី​មាន​ផ្ទៃពោះ​កាន់តែ​មាន​អារម្មណ៍​ភ័យខ្លាច ព្រោះ​ដឹងថា​ខ្លួន​ត្រូវ​ឆ្លងកាត់​ការឈឺចាប់ និង​រឿង​បុក​ពោះ​ជាច្រើន​ទៀត។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រាប់​ស្វាមី​ឲ្យ​បានដឹង ពួកគេ​នឹង​ជួយ​លើកទឹកចិត្ត​ឲ្យ​មាន​ស្មារតី​រឹងមាំ​ឡើងវិញ ព្រមទាំង​មិន​ហ៊ាន​ធ្វើ​អ្វី​ឲ្យ​ទើសចិត្ត​ឡើយ។

ការប្រែប្រួល​នៃ​អ័រម៉ូន​ក្នុង​រាងកាយ

ធ្លាប់​ឮ​ទេ នៅពេល​មាន​ផ្ទៃពោះ​ស្ត្រី​មាន​អារម្មណ៍​ខុសប្លែក​ពីមុន ជាពិសេស​ឆាប់​ខឹង​ឆេ​ឆាវ? នេះ​ក៏​ដោយសារតែ​ការប្រែប្រួល​នៃ​កម្រិត​អ័រម៉ូន​ក្នុង​រាងកាយ។ នេះ​ក៏​ជា​ចំណុច​មួយ​ដែល ស្ត្រី​មានគភ៌​ចង់​ឲ្យ​ស្វាមី​បានដឹង​ដែរ ដើម្បី​ចាំ​ជួយ​លួង​លោង​នាង នៅពេល​មាន​អារម្មណ៍មិនល្អ។

 

 

អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន

ការ​មានគភ៌ ៩ខែ ១០ថ្ងៃ មិនមែនជា​រឿង​ងាយ​ធម្មតា​ឡើង សម្រាប់​ស្ត្រី​គ្រប់រូប។ ដូច្នេះហើយ ពួកគេ​ចង់​ឲ្យ​ស្វាមី របស់ខ្លួន​បានដឹង នៅពេល​ដែលមាន​អាការ​មិន​ស្រួល​ដូចជា ការ​ចាញ់កូន គ្មាន​កម្លាំងកំហែង ការឈឺចាប់​ឆ្អឹងខ្នង រមួលក្រពើ និង​ការហូរ​ទឹករំអិល​ជាដើម។

ការចេះ​យល់ចិត្ត​ប្រពន្ធ និង​ជួយផ្តល់​កម្លាំងចិត្ត អំឡុងពេល​តាំង​គភ៌​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ហេតុនេះ​ស្វាមី​គ្រប់រូប​គួរតែ​ធ្វើ​ឲ្យ​បាន៕

 

 

 

ស្វាមី​ទាំងឡាយ ហាម​និយាយ​ពាក្យ​ទាំងនេះ​ដាច់ខាត​នៅពេល​ភរិយា​កំពុង​ពពោះ

ពាក្យសម្តី​ត្រឹមតែ​ពីរ​បី​ម៉ាត់​ដែល​លោក​ប្តី​និយាយ​ទៅកាន់​ភរិយា​ដែល​កំពុងមាន​ផ្ទៃពោះ ទោះជា​តាំងចិត្ត ឬ​មិនបាន​តាំងចិត្ត​ក៏ដោយ ពាក្យសម្តី​ខ្លះ​អាចធ្វើឱ្យ​ភរិយា​តូចចិត្ត និង​នាំឱ្យ​ភរិយា​ពិបាក​ចិត្តបាន ដូច្នេះ​ពាក្យ​ដែល​លោក​ប្តី​មិនគួរ​និយាយ​សោះ​ពេល​ភរិយា​កំពុង​ពពោះ​នោះ​គឺ ៈ

 

 

1 . បង​មិន​យល់​សោះ មិនដឹងថា​អូន​ឯង​មាន​អារម្មណ៍​នឿយហត់​អី​ក៏​ច្រើន​សម្បើម​ម្ល៉េះ!

ការពិតទៅ​លោក​ប្តី​ជាច្រើន​នាក់​ប្រហែលជា​មិន​យល់ ឬ​មិនដឹង​មែន​ហ្នឹងឯង​ថា គ្រាន់​តែមាន​ផ្ទៃពោះ​សោះ ហេតុ​អី​បាន​ភរិយា​មាន​អារម្មណ៍​នឿយហត់​អី​ក៏​ខ្លាំង​ម្ល៉េះ?  តែ​ពេលនេះ​សូមជ្រាប​ទៅ​ថា ដោយសារតែ​អ័រម៉ូន​ដែល​រាងកាយ​បញ្ចេញ​មក​ដែល​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍​ថា ហត់នឿយ ចង់តែ​គេង​សម្រាក​នោះ វា​បុក​មក​តែ​លើ​ភរិយា​តែម្នាក់ឯង វា​ជា​រឿង​ដែល​ពិបាក​អធិប្បាយ​ពន្យល់​ឱ្យ​អ្នកណា​ដឹងបាន​ណាស់ ដូច្នោះ ស្វាមី​សូមកុំ​និយាយ​ពាក្យ​នេះ​ទៅ​ភរិយា​អី។

 

2 . ឃើញ​ពោះ​អូន​ឯង​ចេះតែ​ធំឡើងៗអ៊ីចឹង បង​ខ្លាច​ដល់​ហើយ…

សម្តី​នេះ​អាចធ្វើឱ្យ​ភរិយា​មាន​អារម្មណ៍​ថា ខ្លួនឯង​ជាម​នុស្ស​គួរឱ្យខ្លាច និង​មាន​អារម្មណ៍​ថា ឯកា​គ្មាន​អ្នក​យល់ចិត្ត ដែល​អារម្មណ៍​បែបនេះ​មិនល្អ​ទាល់តែសោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ  តែ​សូម​ស្ត្រី​ជា​ភរិយា​ទាំងឡាយ​កុំ​យកពាក្យ​សម្តី​នោះមក​ទុកដាក់​ក្នុង​ចិត្ត​អី ព្រោះ​ការពិតទៅ លោក​ប្តី​គ្រាន់តែ​ប្រើពាក្យ​ខុស​ប៉ុណ្ណោះ ដោយសារ​លោក​ប្តី​ប្រហែលជា​រំភើប​ជាមួយនឹង​ការ​មាន​បុត្រ​លើក​នេះ​ខ្លាំងពេក ទើប​ចេះតែ​លួច​សម្លឹងមើល​ពោះ​របស់​ភរិយា​ដែល​ចេះតែ​ធំ​ឡើងជារឿយៗ ដោយ​ចិត្ត​នឹក​កង្វល់​បារម្ភ​ប៉ុណ្ណឹង​ឯង។

 

 

 

3 . ហេតុ​អី​បាន​អូន​ឯង​ចេះតែ​យំ​ញឹកញាប់​ម្ល៉េះ?

ការពិតទៅ​ស្វាមី​មិនគួរ​និយាយ​ពាក្យ​នេះ​ទេ តែ​គួរ​ត្រេកអរ​ទៅវិញ​ទេ ដែល​មិនបាន​ប៉ះ​នឹង​អារម្មណ៍​ដែល​ប្រែប្រួល​ទៅមក​ដោយសារតែ​អ័រម៉ូន​ដូច​ភរិយា​នោះ  ព្រោះ​នៅពេល​តាំង​គភ៌ រាងកាយ និង​អ័រម៉ូន​ក្នុង​រាងកាយ​នឹង​ប្រែប្រួល​រហ័ស​ណាស់ បន្តិច​អ៊ីចេះ បន្តិច​អ៊ីចុះ ជួនកាល​ចង់​នៅតែ​ម្នាក់ឯង អផ្សុក ខូចចិត្ត បាក់​ទឹកចិត្ត យំ​ខ្សឹកខ្សួល ត្រេកអរ រំភើប គឺ​អារ​ម្ម​ប្រែប្រួល​ទៅមក​គ្រប់ពេលវេលា។ លោក​ប្តី​មិនចាំបាច់​ធ្វី​អ្វី​ច្រើន​ទេ បើ​ឃើញ​ភរិយា​ស្ថិតក្នុង​អារម្មណ៍​បែប​នោះ គ្រាន់តែ​ដើរចូល​ទៅ​ឱប​ភរិយា ហើយ​លួងលោម​ទៅ តែ​ប៉ុណ្ណឹង​អាការ​ភរិយា​នឹង​បាន​ធូរស្រាល​វិញ​ហើយ។

4 . អាការ​ចង់​ញ៉ាំ​នេះ ចង់​ញ៉ាំ​នោះ​របស់​អូន​ឯង​កំពុង​ធ្វើឱ្យ​បង​ជិត​ឆ្កួត​ហើយ

អូយ!!  កុំ​និយាយ​ឱ្យសោះ​អា​ពាក្យ​ហ្នឹង ព្រោះ​វា​នឹងធ្វើ​ឱ្យ​ភរិយា​មាន​អារម្មណ៍​ស្អប់​លោក​ប្តី​ភ្លាម​តែម្តង។ ដូច​អ្នកគ្រូ ឆវី បាន​ប្រាប់​ពី​ខាងដើម​រួចមកហើយ​ថា អ្វី​ជាច្រើន​យ៉ាង​ដែល​ភរិយា​ធ្វើប្លែកៗ ឬ​ចង់​ញ៉ាំ​អី​បែបប្លែកៗក្នុងអំឡុងពេល​មានគភ៌​នោះ គឺជា​រឿង​របស់​អ័រម៉ូន​ដែល​ធ្វើឱ្យ​អារម្មណ៍​ឡើងចុះៗទាំងអស់  ដូច្នេះ​សម្រាប់​លោក​ប្តី អ្វីដែល​ភរិយា​ចង់បាន ក៏រកៗមកឱ្យ​ទៅ បើសិន​វា​មិន​លើសពី​សមត្ថភាព​ខ្លួន​នោះ។

 

 

 

5 . យប់​ថ្មើរ​ហ្នឹងហើយ អូន​នៅ​ចង់​ញ៉ាំ​ទៀត​ឬ?

គឺ​មនុ​ស្សមាន​ពោះ មាន​ពុង ច្រើនតែ​ភ្ញាក់​គ្រប់ពេលវេលា មិន​ទៀងទាត់ ហើយ​ពេល​ភ្ញាក់ឡើង ក៏​អាច​នឹង​ឃ្លាន ដែល​បើសិនជា​នៅក្នុង​ផ្ទះ​មិនបាន​ត្រៀម​អ្វី​ទុក​ញ៉ាំ​ផង​នោះ  វា​គឺជា​ភារកិច្ច​របស់លោក​ប្តី​ដែល​នឹងត្រូវ​ចេញទៅ​រក​ចំណីអាហារ​មកឱ្យ​ភរិយា​ហើយ ដូច្នេះ​ចូរ​កុំ​រអ៊ូ ព្រោះ​អាការ​ឃ្លាន​នេះ ឃ្លាន​នោះ​មិនចេះចប់​នេះ គឺ​ដោយសារ​រាងកាយ​របស់​ភរិយា និង​កូន​ក្នុង​ផ្ទៃ​កំពុង​ត្រូវការ​ហើយ៕

 

 

 

 

តួនាទី​របស់​ស្វាមី​ក្នុងការ​មើលថែ​ប្រពន្ធ​មាន​ផ្ទៃពោះ

ការមើល​ថែទាំ​សុខភាព​ខណៈ​តាំង​គភ៌​ក្នុងអំឡុងពេល​ជិត​ប្រសូត ស្ត្រី​មានគភ៌​អាច​នឹងមាន​អារម្មណ៍​ធុញថប់​តានតឹង និង​កង្វល់​ក្នុង​ចិត្តជា​ច្រើន​រឿង តែ​រឿងនេះ​លោក​ប្តី​អាចជួយ​បាន។ ថ្ងៃនេះ​មាន​គន្លឹះល្អៗក្នុងការ​មើលថែ​ភរិយា​ដែលមាន​ផ្ទៃពោះ​គ្រប់​ខែ​ជិត​ប្រសូត 9ចំណុចងាយៗ ដែល​ស្វាមី​អាចធ្វើ​បាន​យ៉ាងពិត​ប្រាកដ។

 

 

1 ចំណីអាហារ ៖ ស្វាមី​ត្រូវ​មើលថែទាំ​រឿង​អាហារ​ការហូបចុក​សម្រាប់​ភរិយា​មានគភ៌​តាំងពី​អំឡុងពេលដំបូងៗ ជាពិសេស​ការជួយ​ឱ្យ​ភរិយា​បាន​ញ៉ាំ​អាហារ​គ្រប់5ប្រភេទ​ក្រុម​យ៉ាង​គ្រប់គ្រាន់ ហើយ​ក្នុងអំឡុង​ត្រីមាស​ចុងក្រោយ ត្រូវ​មើលថែទាំ​រឿង​អាហារ​យ៉ាង​ស័ក្តិ-សម ព្រោះ​អំឡុងពេល​ចុងក្រោយ​នៃ​ការតាំង​គភ៌ ស្ត្រី​មានគភ៌​ត្រូវ​ប្រយ័ត្ន​រឿង​ទម្ងន់​ខ្លួន​ឡើង​ខ្លាំង​ជ្រុល។ គួរ​ញ៉ាំ​អាហារ​ដែល​ស្អាត ប្រយ័ត្ន​មេរោគ និង​ការឆ្លង​មេរោគ រឹត​តែបើ​ឆ្លង​មេរោគ​ខាង​ផ្លូវអាហារ​ផង​នោះ វា​អាច​នឹង​ជំ​រុញឱ្យ​ប្រសូត​មុន​កំណត់​បាន។

2 ការហាត់​ប្រាណ ៖ មុនពេល​ប្រសូត​ស្ត្រី​មានគភ៌​អាច​មិនសូវ​ជា​ស្រួល​សប្បាយខ្លួន​ប៉ុន្មាន​ឡើយ តែ​ក៏​នៅតែ​អាច​ហាត់ប្រាណស្រាលៗ ដើម្បី​សម្រាល​អាការ​ចុក​រួយ​បានដែរ​ដោយ​ស្វាមី​អាច​នឹង​ហាត់ប្រាណ​កំដរ​ជាមួយ ឬ​នៅចាំ​ធ្វើ​ម៉ាស្សា​ខ្នង​ផ្នែក​ខាងក្រោម ធ្វើ​ម៉ាស្សា-ក​ស្មា ដើម្បី​សម្រាល​ភាព​តានតឹង​របស់​សាច់ដុំ ជួយ​ត្រៀម​ទឹក​ក្តៅឧណ្ហៗសម្រាប់​ត្រាំ​បាតជើង ធ្វើ​ម៉ាស្សា​ជើង ក៏​នឹង​ជួយ​កាត់បន្ថយ​អាការ​ហើមជើង​របស់​ភរិយា​បាន​យ៉ាង​ល្អ​ដែរ។

 

 

 

3 នៅចាំ​សង្កេតមើល​អា​ការខុស​ប្រក្រតី​ដែល​ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ ៖ ស្ត្រី​មានគភ៌​ថ្មីថ្មោង​ដែល​នៅ​មិនទាន់មាន​បទពិសោធ ត្រូវ​អាស្រ័យ​ការសង្កេតមើល​ពី​សំណាក់​ស្វាមី​ផងដែរ ដោយ​អាការ​ខុស​ប្រក្រតី​ដែល​បញ្ជាក់ប្រាប់​អំពី​ការ​ប្រសូត​មានដូចជា ពោះ​ឡើង​រឹង ឈឺពោះ​ជិត​ប្រសូត និង​បែក​ទឹកភ្លោះ​ជាដើម។ ស្វាមី​អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យដឹង​ច្បាស់​ថា តើ​អាការ​បែបណា​ទើប​ហៅថា បែក​ទឹកភ្លោះ ឬ​មាន​ទឹករំអិល​ឈាម​ចេញ​តាម​រន្ធ​ស្បូន បញ្ជាក់​ពីស​ភាវ​ដែល​មាត់ស្បូន​បើក​ជាដើម។ ក្រៅពីនេះ​ស្វាមី​ត្រូវ​នៅចាំ​សង្កេតមើល បើ​កូន​ក្នុង​ផ្ទៃ​មិនសូវ​រើ ឬ​មិន​រើ​តែម្តង ឬ​ភរិយា​មាន​អា​ការខុស​ប្រក្រតី​ពាក់ព័ន្ធ​នឹង​រោគ​ជ្រៀតជ្រែក ឬ​ជំងឺ​ប្រចាំកាយ​ផង ព្រោះ​អំឡុងពេល​ចុងក្រោយ​របស់​ការ​មានគភ៌​នេះ​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់ ការប្រែប្រួល​ខាង​រាងកាយ ឬ​អ័រម៉ូន​ប្រែប្រួល បើ​រោគ​ទាំងនោះ​កម្រើក​ឡើង​អាច​ហុច​ផលប៉ះពាល់​ដល់​ជីវិត​របស់​ភរិយា និង​កូន​បាន។

4 យកចិត្តទុកដាក់​យ៉ាង​ល្មម​សមរម្យ ៖ ក្រៅពី​នៅចាំ​សង្កេតមើល​អាការ​ខុស​ប្រក្រតី​ហើយ​នោះ គួរ​សួរនាំ​ពី​អាការ និង​បបួល​ភរិយា​ធ្វើ​កិច្ចការងារ​រួមគ្នា ដើម្បី​បន្ធូរបន្ថយ​ខាង​អារម្មណ៍ ដូចជា ធ្វើ​ម្ហូបម្ហា មើល​កុន ស្តាប់ភ្លេង​ជាមួយគ្នា​នៅ​នឹង​ផ្ទះ ព្រោះ​ភរិយា​អាច​នឹងមិន​ងាយស្រួល​ក្នុងការ​ចេញទៅ​ក្រៅ​ជាដើម។

 

 

 

5 និយាយ​លេង​ជាមួយ​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ភរិយា ៖ ក្រៅពី​បន្ធូរបន្ថយ​អារម្មណ៍​ភរិយា​ហើយ នៅ​ជា​វិធី​ជំរុញ​វិវឌ្ឍនាការ​របស់​កូនតូច​បាន​ទៀតផង។

6 ត្រៀមខ្លួន​មុន​ប្រសូត ៖ ចាប់ផ្តើម​ពី​ការប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​នឹង​វិធី​ការ​ប្រសូត ទោះជា​ភរិយា​ចង់​ជ្រើស​រើសយក​ការ​វះ​ប្រសូត ឬ​ប្រសូត​តាម​ធម្មជាតិ​ក៏ដោយ ព្រោះ​ទាំង2បែប​មានការ​ត្រៀមខ្លួន និង​ការមើល​ថែទាំ​ខុសប្លែក​ពីគ្នា។

7 ស្វាមី​គួរ​មាន​ចំណែក​រួម​ក្នុងការ​ពិចារណា​ជ្រើសរើស​មន្ទីរពេទ្យ ៖ មិនថាតែ​រឿង​របស់​ភរិយា​ដែលមាន​ជំងឺ​ប្រចាំកាយ ឬ​រឿង​របស់​កូនតូច​ក្រោយពេល​ប្រសូត​នោះឡើយ។ ការពិចារណា​ពី​មន្ទីរពេទ្យ​ដែលមានអ្វីៗគ្រប់ ជ្រើសរើស​ក្រុមគ្រូពេទ្យ​ដែលមាន​អារម្មណ៍​ជឿជាក់​ក្នុង​ចិត្ត នឹង​ជួយ​ឱ្យមាន​អារម្មណ៍​សប្បាយ​នឹង​ធូរស្រាល​បាន។

 

 

 

8 ជា​អ្នក​មើលថែទាំ​ភរិយា​ពេល​ជិត​ប្រសូត ៖ ស្វាមី​គួរ​នៅ​មើលថែទាំ​ភរិយា​យ៉ាង​ជិតដិត​គ្រប់ពេលវេលា តែបើ​មានធុរៈ​ប្រញាប់​បន្ទាន់​ឬ​មិនអាច​នៅ​មើល​បាន គួរឱ្យ​សាច់ញាតិ​ជិតស្និទ្ធ ដូចជា ឪពុកក្មេក​ម្តាយក្មេក បងប្អូន​ខាង​ខ្លួនឯង ឬ​សាច់ថ្លៃ មកជួយ​មើលថែទាំ​ភរិយា​យ៉ាង​ជិតដិត​ផង។

9 រៀបចំ​ចាត់​ត្រៀម​សភាព​បរិស្ថាន​ជុំវិញខ្លួន​សម្រាប់​កូនតូច ៖ មិន​ថា​ជា​ឧបករណ៍ របស់របរ​ប្រើប្រាស់​សម្រាប់​កូនតូច​បន្ទប់​គេង​របស់​កូន ទីកន្លែង​សម្រាប់​កូនតូច ចាត់ចែង​រៀបចំ​សភាព​ខាង​ក្នុងផ្ទះ​ឱ្យ​រួចជាស្រេច2ខែ​មុននឹង​ដល់កំណត់​ប្រសូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here