នៅពេលចាប់ផ្តើមមានផ្ទៃពោះភ្លាមរាងកាយរបស់មនុស្សស្រីនឹងមានការផ្លាស់ប្តូរភ្លែត សូម្បីតែការផលិតជាតិទឹក ព្រមទាមងឈាមក៏មានការកើនឡើងដែរ ដើម្បីបំពេញតម្រូវការ។ ក្រុមគ្រូពេទ្យបានធ្វើការប៉ាន់ប្រមានថា ស្ត្រីមានផ្ទៃពោះអាចផលិតសារធាតុរាវនៅក្នុងរាងកាយច្រើនជាង ៥០ភាគរយ។
ការផលិតសារធាតុរាវនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរំអិលជាលិកា និងសន្លាក់ ដើម្បីជួយសម្រាលទុកលំបាកអំឡុងពេលមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ សារធាតុរាវអាចធ្វើឲ្យស្ត្រីឡើងទម្ងន់ ឬអវយវៈមួយចំនួនមានមានអាការហើម ហើយភាគច្រើនវាកើតឡើងនៅត្រីមាសទី ។
ខាងក្រោមនេះ គឺជាអវយវៈមួយចំនួនរបស់ស្ត្រីមានផ្ទៃពោះ ដែលត្រូវប្រឈមនឹងអាការហើម៖
ជើង៖ អាការៈហើមជើង ត្រូវាបានគេចាត់ទុកជារឿងទូទៅបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះមួយចំនួន។
សុដន់៖ស្ត្រីស្ទើរតែទាំងអស់ តែងតែជួបបញ្ហាហើម និងសុដន់តឹងណែន ដោយសារតែការផលិតទឹកដោះ ប៉ុន្តែក្រោយពេលមានផ្ទៃពោះ សុដន់នឹងចាប់ផ្តើមស្រកមកវិញ។
បបូរមាត់៖បបូរមាត់ក៏អាចប្រឈមនឹងអាការហើមផងដែរនៅពេលព្រឹកព្រលឹម តែបើសិនជាអ្នកមានការឈឺចាប់កុំបារម្ភអី អ្នកត្រូវទៅជួបជាមួយនឹងគ្រូពេទ្យ។
ច្រមុះ៖ចំពោះស្ត្រីមួយចំនួនសរសៃឈាមច្រមុះអាចចាប់ផ្តើមហើម ក្នុងអំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើមានការហូរឈាមតាមច្រមុះ ឬហើមអ្នកគ្រាន់តែប្រើទឹកកកស្អំជាការស្រេច។
អញ្ចាញធ្មេញ៖ តាមការសិក្សាមួយបានបង្ហាញថា អាការៈហើមអញ្ចាញធ្មេញអាចបណ្តោលមកពីការរលាកអញ្ចាញធ ធ្វើឲ្យមាត់ហើម។ ដំណាក់កាលនេះ អាចមានការឈឺចាប់ រង្គើធ្មេញ និងហូរឈាមតាមអញ្ចាញធ្មេញជាដើម ហេតុនេះអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យ។
មុខ៖ថ្ងៃខ្លះអ្នកអាចមានការភ្ញាក់ផ្អើលខ្លួនឯងនៅពេលឆ្លុះកញ្ចក់ឃើញមុខរបស់ខ្លួនមានសភាពហើម ប៉ុន្តែកុំភ័យអ្នកគួរតែបើមិនមានការឈឺចាប់មិនបាច់ទៅរកពេទ្យឡើយ៕
ហើមជើងនៅពេលផ្ទៃពោះ គួរធ្វើយ៉ាងណា?
បញ្ហាមួយដែលអ្នកមិនសូវចាប់អារម្មណ៍ តែវាតែងកើតមានជាទូទៅ នូវផលរំខាននៃការមានផ្ទៃពោះ នោះគឺ ការហើមប៉ោង កជើង និង ប្រអប់ជើង។ កម្រិតសារធាតុរាវ របស់ស្ត្រីមានផ្ទៃពោះ នឹងមានការកើនឡើងរហូតដល់ ៥០ភាគរយ ដែលវាជាផ្នែកមួយ ក្នុងការជួយបន្ទន់ដល់ ស្បែក និង សន្លាក់តាមដែលពួកវាបានលាតសន្ធឹង ហើយ២៥ភាគរយទៀត នៃការឡើងទម្ងន់នៅក្នុងរយៈពេលមានគភ៌នេះ គឺជាសារធាតុរាវបន្ថែម នេះបើយោងតាម ការពន្យល់របស់ សមាគមន៍សិក្សាពីការមានគភ៌នៃប្រទសអាមេរិក។
ដោយសារតែសារធាតុរាវ ត្រូវបានកើនឡើង នៅចំណុចផ្នែកខាងក្រោមតាមដែលវាអាចទៅរួច ភាគច្រើននៃជាតិទឹកដែលលើសនោះ ត្រូវបានផ្តុំគ្នានៅត្រង់ កជើង និង ប្រអប់ជើង។ តែជាសំណាងល្អ វិធានការដ៏សាមញ្ញ មួយចំនួន អាចជួយអ្នកក្នុងការ កាត់ បន្ថយ នូវការអាការៈ ហើមប៉ោងកជើង និង ប្រអប់ជើងនេះបាន។
ការដាក់ស្ថានភាព
ស្ត្រីមានគភ៌ទាំងឡាយ គួរធ្វើតាមនូវច្បាប់ទម្លាប់ជាទូទៅ ពីរយ៉ាង ជាពិសេសគឺនៅពេលដែលពួកគេ ស្ថិតនៅក្នុងត្រីមាសទីបី ។ទីមួយ៖ អ្នកមិនត្រូវឈរនោះទេ នៅពេលដែលអ្នកអាចអង្គុយបាន ហើយទីពីរនោះគឺ អ្នកមិនត្រូវអង្គុយនោះទេ នៅពេលដែលអាចសម្រាកបាន។ មិនថាពេលណាដែលអាចទៅរួច អ្នកត្រូវគេងផ្អៀងទៅ ខាងឆ្វេង តាមដែលវាអាចជួយបង្កើន ចរន្តឈាមរត់ទៅកាន់ទារក។ អ្នកត្រូវដាក់ជើង និង ប្រអប់ជើងឲ្យខ្ពស់ នៅពេលណា ដែលអ្នកអាចធ្វើបាន វិធីនេះក៏អាចជួយអ្នក ក្នុងការកាត់បន្ថយនូវភាពហើមប៉ោង នៅត្រង់កជើង និង ប្រអប់ជើងបានផងដែរ។ ហើយនាពេលយប់ អ្នកគួរធ្វើការសម្រាក ដោយដាក់កល់ជើងរបស់អ្នក ឲ្យបានខ្ពស់ បន្តិច។ ការអង្គុយគងទាក់ខ្លា គឺអាចគាបសង្កត់សសៃឈាម ហើយវាក៏អាចបង្កើនឲ្យ សារធាតុរាវ រត់ទៅរក ផ្នែកខាងចុងអវយវៈបានផងដែរ តែទោះជាយ៉ាងណាក៏ដោយ ស្ត្រីមានគភ៌ភាគច្រើន គឺមិនអាចអង្គុយបែបនេះ បានទៀតទេ នៅក្នុងរយៈពេលចុងក្រោយនៃការមានគភ៌របស់ពួកគេនេះ។ ការអង្គុយចុះ ដោយដាក់ជើងឲ្យរាង ខ្ពស់បន្តិច និង ការពត់ ឬ បង្វិលកជើង ជាញឹកញាប់ នៅពេលដែលអ្នកកំពុងអង្គុយ ក៏អាចជួយធ្វើឲ្យសារធាតុ រាវទាំងនោះ មានបំលាស់ទីបានផងដែរ។
ការស្លៀកពាក់
អ្វីដែលស្ត្រីមានគភ៌ស្លៀកពាក់ គឺពិតជាអាចបង្កើននូវឱកាសនៃការហើមប៉ោងកជើង បានជាប្រាកដ។ ការពាក់ ស្បែកជើងរលុងៗ គឺពិតជាមានអត្ថប្រយោជន៍ចំពោះអ្នក។ ស្បែកជើងដែល ដាក់សម្ពាធទៅលើផ្នែកណាមួយនៃ ប្រអប់ជើង គឺអាចបណ្តាលឲ្យ ប្រអប់ជើងអ្នកឡើងហើមបាន។ ការពាក់ស្រោមជើង ឬ ខោតឹងណែន និង គ្រឿងអលង្ការនៅកជើង ក៏អាចបង្កើននូវអាការៈហើមប៉ោងបានដែរ ដោយវាបានបន្ថយនូវ ចរន្តឈាមរត់។
ការទទួលទានអាហារ
មានប្រភេទអាហារជាក់លាក់មួយចំនួន បានបង្កើននូវការរាំងខ្ទប់សារធាតុរាវ ជាពិសេសនោះគឺ ពពួកអាហារ ដែលមានផ្ទុកជាតិសូដ្យូមខ្ពស់ ដែលរួមមានដូចជា អាហារដែលបានចំអិនស្រាប់ ឬ អាហារកំប៉ុងជាដើម។ អ្នកត្រូវ ជ្រើសរើសអាហារដែលស្រស់ៗ និង យកចេញនូវអំបិលចេញពីលើតុអាហារ របស់អ្នក។ ផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ឲ្យបាន ៨ ទៅ ១០កែវ ក្នុងមួយថ្ងៃ ដើម្បីជួយបញេ្ចញសារធាតុរាវដែលលើស និង ជាតិ សូដ្យូមចេញមកក្រៅ។ បង្កើនបរិមាណនៃជាតិប៉ូតាស្យូម និង ទទួលទានអាហារដែលមានកម្រិតប្រូតេអ៊ីន គ្រប់គ្រាន់ ក៏អាចជួយកាត់បន្ថយនូវ អាការៈហើមប៉ោងនេះបានផងដែរ។ ការទទួលទានសារជាតិប្រូតេអ៊ីនមិន បានគ្រប់គ្រាន់ គឺអាចបង្កើននូវការរាំងខ្ទប់សារធាតុរាវ ក្នុងខ្លួន។ ហើយអ្នកក៏ត្រូវ កាត់បន្ថយនូវការទទួលទាន សារជាតិកាហ្វេអ៊ីន តាមដែលវាក៏ជាមូលហេតុដែលបណ្តាល ឲ្យអ្នកអាចជួបនឹងបញ្ហានេះ។
ការធ្វើសកម្មភាព
ខណៈពេលដែលការសម្រាក នៅពេលណាដែលអ្នកអាចធ្វើបាន អាចជួយកាត់បន្ថយនូវការរាំងខ្ទប់សារធាតុ រាវ វាក៏ជាការចាំបាច់ផងដែរ ក្នុងការរក្សាតុល្យភាពរវាង ការសម្រាក និង ការធ្វើសកម្មភាពរាងកាយមួយចំនួន ដើម្បីធ្វើឲ្យជាតិទឹកទាំងនោះ មានបំលាស់ទីបាន។ បន្ទាប់ពីអ្នក បានអង្គុយក្នុងរយៈពេលដ៏យូរ នោះអ្នកគួរ ក្រោកឡើង រួចធ្វើការដើរចុះដើរឡើងបន្តិច ដើម្បីជៀសវាង ការប្រមូលផ្តុំជាតិទឹកនៅត្រង់កជើង និង ប្រអប់ជើង។ ការជ្រមុជខ្លួន ក្នុងអាងទឹក ក៏អាចជួយកាត់បន្ថយនូវបញ្ហានេះបានផងដែរ គឺថាសម្ពាធនៃទឹក ទៅលើខ្លួនប្រាណ របស់អ្នក គឺអាចកាត់បន្ថយនូវការរាំងខ្ទប់សារធាតុរាវក្នុងខ្លួនអ្នកបាន៕