មនុស្សដែលសំខាន់បំផុតមិនអាចឃ្លាតឆ្ងាយបាន នៅពេលប្រពន្ធមានផ្ទៃពោះ គឺស្វាមី ព្រោះមានតែស្វាមីម្នាក់ទេដែលអាចដឹងចិត្តប្រពន្ធ និងមើលថែប្រពន្ធទាំងថ្ងៃទាំងយប់បាន។ ដូច្នេះក្នុងនាមជាស្វាមីគួរដឹងរឿងមួយចំនួនដែលត្រូវធ្វើ នៅពេលប្រពន្ធមានផ្ទៃពោះ ដើម្បីផ្តល់ក្តីសុខ ក៏ដូចជាថែរក្សាសុខភាពប្រពន្ធនឹងកូនឲ្យមានសុខភាពល្អ។
កុំជក់បារី
ផ្សែងបារី មានផ្ទុកសារពុលរាប់រយប្រភេទដែលបណ្តោលឲ្យមានគ្រោះថ្នាក់ដល់សុខភាព ហើយមិនត្រឹមតែអ្នកជក់ទេដែររងនូវផលប៉ះពាល់ សូម្បីតែស្ត្រី និងកូនក្នុងផ្ទៃក៏មានផលប៉ះពាល់ដូចគ្នាដែរ។ ហេតុនេះ ក្នុងនាមអ្នកជាស្វាមី ត្រូវតមបារីឲ្យបាន ជាពិសេសពេលនៅក្បែរប្រពន្ធ។
ធ្វើកិច្ចផ្ទះដោយមិនចាំបាច់ប្រពន្ធបញ្ជារ
ក្រៅពីកិច្ចរកស៊ីប្រចាំថ្ងៃ អ្នកក៏គួរតែឆ្លៀតជួយធ្វើកិច្ចផ្ទះរបស់ប្រពន្ធផងដែរ ព្រោះពេលមានផ្ទៃពោះ នាងមានអារម្មណ៍ហត់នឿយ និងត្រូវការសម្រាកច្រើន។ ដូច្នេះបន្ទុកមួយនេះគួរតែធ្លាក់មកលើស្វាមីបណ្តោះអាសន្នសិន ទំរាំតែប្រពន្ធរបស់អ្នកសម្រាលកូនរឹងដៃរឹងជើង។
ជូនប្រពន្ធទៅពិនិត្យអេកូសាស្ត្រឲ្យទៀងទាត់
រឿងមួយនេះក៏មានសារៈសំខាន់ផងដែរ ព្រោះការអូសអេកូ អាចជួយឲ្យអ្នកដឹងពីការលូតលាស់របស់ទារខុសប្រក្រតី ឬធម្មតា។ ប្រសិនបើមានភាពមិនប្រក្រតីណាមួយ គ្រូពេទ្យអាចជួយដោះស្រាយបានទាន់ពេលវេលា។
ម៉ាស្សាឲ្យប្រពន្ធ
ស្ត្រីមានផ្ទៃពោះជៀសមិនផុតពីមានបញ្ហាចុករោយឆ្អឹងខ្នង ឬស្ពឹក ដៃជើងនោះទេ ហេតុនេះប្រសិនបើអ្នកអាចឈ្លីចំណុចទាំងនេះរយៈពេលត្រឹមតែ ៥ ទៅ១០នាទី នាងច្បាស់ជាមានអារម្មណ៍ធូរស្រាលឡើងវិញ។
ចេះមើលថែប្រពន្ធក្រោយពេលសម្រាល
ក្រោយពេលសម្រាលកូនរួច ស្ត្រីច្បាស់ជាគ្មានកម្លាំងកំហែង និងមានការឈឺចាប់ ដែលត្រូវការពេលវេលាយូរទើបអាចមានសុខភាពល្អឡើងវិញ។ ជាពិសេសអំឡុងពេល ៣ខែដំបូង អ្នកត្រូវស្វែងរកអាហារបំប៉នល្អៗសម្រាប់នាង ហើយត្រូវចេះផ្តល់កម្លាំងចិត្តឲ្យនាងជានិច្ច៕