ការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ Turku នៅប្រទេសហ្វ្រាំងឡង់ បានបង្ហាញថា ការទទួលទានត្រីទៀងទាត់អំឡុងពេលមានផ្ទៃពោះ អាចបង្កើនការអភិវឌ្ឍភ្នែក និងមុខងារខួរក្បាលរបស់ទារកមិនទាន់កើតឲ្យមានភាពល្អប្រសើរ។
ការទទួលទានត្រីដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចជួយកំណត់កោសិកាសរសៃប្រសាទ ដែលទាក់ទងទៅនឹងភ្នែក ជាពិសេសតំបន់រីទីណា។ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការបង្កើតសរសៃប្រសាទ ដែលមានសារៈសំខាន់ក្នុងការដឹកជញ្ជូនរវាងសរសៃប្រសាទនៅក្នុងប្រព័ន្ធប្រសាទ។
អ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើស្ត្រីមានផ្ទៃពោះជាច្រើនអ្នក បានបង្ហាញថា ទារកដែលកើតចេញពីម្តាយ ដែលបានញ៉ាំត្រីច្រើនជាង ៣ដងក្នុងមួយសប្តាហ៍ អំឡុងពេលពពោះត្រីមាសចុងក្រោយ មានការលូតលាស់ចក្ខុវិស័យ និងមុខងារខួរក្បាល ល្អប្រសើរជាងទារកដែលកើតចេញពីម្តាយញ៉ាំត្រីតិច ឬមិនបានញ៉ាំ។ ដូច្នេះ អ្នកជំនាញបានសន្និដ្ឋានថា ការទទួលទានត្រីក្នុងពេលមានផ្ទៃពោះ គឺផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះការលូតលាស់របស់ទារកមិនទាន់កើត។
ដើម្បីធានាសុវត្ថិភាពចំពោះការញ៉ាំត្រី របស់ស្ត្រីមានផ្ទៃពោះ អ្នកគួរតែអនុវត្តដូចខាងក្រោម៖
-ត្រីត្រូវចម្អិនឲ្យបានឆ្អិនល្អ បើអ្នកទទួលទានត្រីឆៅ អាចបង្កឲ្យឆ្លងប៉ារ៉ាស៊ីត ឬបាក់តេរីផ្សេងៗ ដែលអាចចម្លងជំងឺដល់ទារកបាន។
-ជៀសត្រីដែលត្រូវបានគេកែច្នៃធ្វើជាអាហារកំប៉ុង ព្រោះវាមានផ្ទុកថ្នាំគីមីអភិរក្សត្រីកុំឲ្យឆាប់ខូច។
-ក្រៅពីត្រីដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ នៅមានអាហារមួយចំនួនទៀត ដូចជា ទឹកដោះគោយ៉ាអួ និងស៊ុត ក៏ជាអាហារសំខាន់ផងដែរ៕