ហេតុអ្វីអ្នកជំនាញហាមមិនឲ្យស្ត្រីមានផ្ទៃពោះផឹកភេសជ្ជៈប៉ូវកម្លាំង? ការសិក្សាមួយបានបង្ហាញ ការផឹកទឹកក្រូចសូដា ឬភេសជ្ជៈប៉ូវកម្លាំង អំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យធាត់ទ្វេដងចំពោះកូន។ អ្នកជំនាញបានអះអាងថា ស្ត្រីគួរទម្លាប់ផឹកទឹក ជំនួសភេសជ្ជៈដែលមានជាតិស្ករច្រើន ព្រោះជាតិស្ករសិប្បនិម្មិតនៅក្នុងភេសជ្ជៈទាំងនោះ អាចធ្វើឲ្យកូនរបស់អ្នកក្លាយជាមនុស្សធាត់ជ្រុលទៅថ្ងៃក្រោយ។
អ្នកជំនាញបានបង្ហាញទៀតថា ស្ត្រីមានផ្ទៃពោះដែលផឹកភេជ្ជៈសម្បូរជាតិស្ករមួយថ្ងៃមួយកំប៉ុង អាចបណ្តោលឲ្យកូនមានហានិភ័យធាត់កើតឡើងទ្វេដង នៅពេលពួកគេមានអាយុ ៧ឆ្នាំ។ មិនតែប៉ុណ្ណោះ កុមារក៏អាចប្រឈមនឹងការកើតជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល នៅពេលពួកគេធំពេញវ័យផងដែរ។
ការស្រាវជ្រាវនៅក្នុងប្រទេស ដាណឺម៉ាក បានបង្ហាញទៀតថា ការផឹកភេជ្ជៈមានផ្ទុកជាតិស្ករច្រើន អាចបង្កើនហានិភ័យនៃភាពធាត់សម្រាប់កុមារច្រើនជាង ៦០ភាគរយ បើធៀបទៅនឹងស្ត្រីដែលមានទម្លាប់ផឹកទឹក។ លើសពីនេះ ប្រសិនបើអ្នកម្តាយផឹកទឹកច្រើនអំឡុងពេលមានផ្ទៃពោះ អាចកាត់បន្ថយហានិភ័យនៃភាពធាត់ចំពោះកុមារចំនួន ១៧ភាគរយ។
ផលវិបាកមួយផ្សេងទៀតដែលអ្នកស្រាវជ្រាវរកឃើញ គឺការផឹកភេសជ្ជៈមានផ្ទុកជាតិស្ករច្រើន អាចប្រឈមនឹងការកើតមិនគ្រប់ខែ ៣៨ភាគរយ បើធៀបទៅនឹងស្ត្រីមិនទម្លាប់ទទួលទាន។ ហេតុនេះ ដើម្បីជៀសវាងហានិភ័យផ្សេងចំពោះកុមារនៅពេលកើតមក អ្នកម្តាយគួរតែផ្អាកផឹកភេសជ្ជៈប៉ូវកម្លាំង បណ្តោះអាសន្នសិនទៅ៕