គ្មានអ្នកណាយល់ពីអារម្មណ៍នៃការពពោះអស់រយៈពេល៩ខែពេញ ក្រៅពីមនុស្សស្រីដែលធ្លាប់ធ្វើជាម្តាយរបស់គេនោះទេ ព្រោះមុនពេលក្លាយជាម្តាយរបស់គេត្រូវឆ្លងឧបសគ្គរាប់មិនអស់។ ប៉ុន្តែ ទន្ទឹមនឹងការឆ្លងកាត់ឧបសគ្គរាប់មិនអស់នេះ ស្ត្រីក៏ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អផងដែរ បើពុំដូច្នោះទេ អ្នកអាចបាត់បង់កូនទៅវិញ ឬកូនកើតមកមានបញ្ហាមិនប្រក្រតីណាមួយក៏ថាបាន។ ជាពិសេសមានរឿង ៤យ៉ាង ដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង បើពុំដូច្នោះទេ អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។
១.ជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងច្រើនពេក អាចបណ្តោលឲ្យរលូតកូន ទារកបាត់បង់អវយវៈណាមួយ និងមានបញ្ហាផ្លូវអារម្មណ៍ នៅពេលទារកធំឡើង។ យកល្អ អ្នកម្តាយគួរជៀសវាងការទទួលទានគ្រឿងស្រវឹងជាដាច់ខាត ព្រោះទារកកំពុងអភិវឌ្ឍ ងាយនឹងរងនូវផលប៉ះពាល់ខ្លាំងណាស់។
២.ជៀសឲ្យឆ្ងាយពីបារី
ផ្សែងបារី មានផ្ទុកជាតិកាបូនម៉ូណូអុកស៊ីត នីកូទីន និងសារធាតុគីមីពុលផ្សេងៗជាច្រើនទៀត អាចឆ្លងកាត់តាមរយៈសុក រួចបញ្ជូនទៅកាន់ទារកដោយផ្ទាល់។ ជាពិសេស សារធាតុទាំងនេះ អាចធ្វើឲ្យទារកខ្វះអុកស៊ីសែន ខ្វះសារធាតុចិញ្ចឹម ទារកកើតមកមានទម្ងន់ស្រាល កើតមិនគ្រប់ខែ ហើយបើធ្ងន់ធ្ងរអារលូតក៏មានដែរ។
៣.ជៀសវាងប្រើថ្នាំគ្មានវេជ្ជបញ្ជា
ថ្នាំ គីជាអាវុធមុខពីរ ដែលអាចបំផ្លាញ់ជីវិតរបស់មនុស្សបាន ប្រសិនបើអ្នកមិនបានប្រើប្រាស់តាមវេជ្ជបញ្ជាត្រឹមត្រូវ។ ដូចគ្នានេះផងដែរ ស្ត្រីមានផ្ទៃពោះក៏មិនគួរប្រើថ្នាំផ្តេសផ្តាស ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យនោះទេ ព្រោះវាអាចបង្កឲ្យមានផលអាក្រក់ដល់កូនក្នុងផ្ទៃ។
៤.ជៀសឲ្យឆ្ងាយពីភេសជ្ជៈមួយចំនួន
មិនថាកាហ្វេ ឬភេសជ្ជៈផ្តល់ថាមពលនោះទេ ស្ត្រីមានផ្ទៃពោះគួរតែជៀសឲ្យឆ្ងាយ ព្រោះជាតិកាហ្វេអ៊ីនដែលមាននៅក្នុងភេសជ្ជៈទាំងនោះអារំញោចដល់ស្បូន ដែលអាចបង្កឲ្យមានហានិភ័យផ្សេងៗកើតមានឡើង៕