ជាទូទៅក្រុមគ្រូពេទ្យបានផ្តល់អនុសាសន៍ ឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយធ្វើការពិនិត្យរកមើលជាតិស្ករនៅក្នុងត្រីមាសទី២ ឬចន្លោះសប្តាហ៍ទៅ២៤ ទៅទី២៨ ដើម្បីរកមើលជំងឺទឹកនោមផ្អែម ព្រោះជំងឺនេះភាគច្រើនតែងតែកើតឡើងចំពោះស្ត្រីអំឡុងពេលពពោះ។
ដើមហេតុដ៏ធំបំផុតដែលបណ្តោលឲ្យស្ត្រីមានផ្ទៃពោះកើតជំងឺទឹកនោមផ្អែម គឺការផ្លាស់ប្តូរកម្រិតអ័រម៉ូន ទម្លាប់ញ៉ាំចំណីអាហារមានផ្ទុកកាឡូរីច្រើនពេក ស្ត្រីមានផ្ទៃពោះក្នុងវ័យ៣៥ឆ្នាំ ស្ត្រីដែលធាត់ខ្លាំង និងស្ត្រីដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ។
តាមរបាយការណ៍បានបង្ហាញថា ជាមធ្យមប្រសិនបើស្ត្រីមានផ្ទៃពោះធ្វើតេស្តជាតិស្ករឃើញលើសពី ១៤០មីលីក្រាម/ដេស៊ីលីត្រ នោះបញ្ជាក់ថា ពួកគេកំពុងតែមានជំងឺទឹកនោមផ្អែមហើយ។ អ្នកឯកទេសរោគស្ត្រីមានប្រសាសន៍ថា (ការធ្វើតេស្តរកមើលកម្រិតជាតិក្នុងឈាម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះក្នុងករណីដែលអ្នកម្តាយកើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ អាចបណ្តោលឲ្យកូនថ្លោស់ជ្រុល ពិបាកសម្រាល ឬមានបញ្ហាសុខភាពផ្សេងៗទៀត)។
អាស្រ័យហេតុនេះ បើអ្នកម្តាយទាំងឡាយដឹងថា ខ្លួនកំពុងតែមានជំងឺទឹកនោមផ្អែម គួរតែពិគ្រោះជាមួយគ្រូពេទ្យពីវិធីព្យាបាលឲ្យបានឆាប់ ដើម្បីជៀសផុតពីផលលំបាកផ្សេងៗ៕