នៅក្នុងត្រីមាសដំបូង និងត្រីមាសទី៣នៃការមានផ្ទៃពោះ ស្ត្រីភាគច្រើនតែងតែកើតមានអាការអស់កម្លាំង។ ដូច្នេះ ដើម្បីទប់ស្តាត់កុំឲ្យមានអាការបែបនេះកើតមានឡើង អ្នកគួរតែអនុវត្តតាមជំហ៊ានដូចខាងក្រោម៖
ជំហ៊ានទី១៖ ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់
ការគេងឆ្អែតពេញមួយយប់ ហើយពេលថ្ងៃគេងមួយស្របក់ទៀត គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបញ្ជជៀសបញ្ហាអស់កម្លាំងសម្រាប់ស្ត្រីមានផ្ទៃពោះ។
ជំហ៊ានទី២៖កាត់បន្ថយកិច្ចការផ្ទះ
រាល់កិច្ចការផ្ទះមួយចំនួន ដូចជាលាងចាន បោកខោអាវ លាងបន្ទប់ទឹក ឬជូតសម្អាតផ្ទះ អ្នកគួរតែប្រគល់ឲ្យស្វាមីធ្វើជំនួសវិញ ព្រោះវាអាចធ្វើឲ្យអ្នកអស់កម្លាំង ហើយអាចប៉ះពាល់ដល់សុខភាពថែមទៀត។
ជំហ៊ានទី៣៖ ព្យាយាមធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ អាចជួយពង្រឹងរាងកាយ និងបង្កើនចរន្តឈាមរត់បានល្អ។ ជាពិសេសការដើរ ហែលទឹក ធ្វើលំហាត់ប្រាណយូហ្គា ជាសកម្មភាពដ៏មានប្រយោជន៍បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ។
ជំហ៊ានទី៤៖ ទទួលទានអាហារដែលមានសុខភាពល្អ
អ្នកគួរតែបន្ថែមបន្លែ និងផ្លែឈើទៅក្នុងរបបអាហារជាប្រចាំ ព្រោះវាសម្បូរជាតិសរសៃ ប្រភពសារធាតុចិញ្ចឹម និងថាមពល ដែលស្ត្រីខ្សោយកម្លាំងភាគច្រើនត្រូវការ។
ជំហ៊ានទី៥៖ ជៀសវាងសារធាតុរំញោច និងជាតិស្ករ
នៅពេលអស់កម្លាំង កុំព្យាយាមទទួលទានកាហ្វេអ៊ីន ឬភេសជ្ជៈប៉ូវកម្លាំង ព្រោះវាមិនល្អសម្រាប់សុខភាពមាតា និងទារកឡើយ។ យកល្អ អ្នកគួរតែទទួលទានទឹកស្អាតឲ្យបានច្រើនជំនួសវិញ ព្រោវាជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់ទ្រទ្រងរាងកាយម្តាយ និងកូនក្នុងផ្ទៃ៕