ក្តាម គឺជាអាហារមួយប្រភេទដែលអាចជួយជំរុញដល់ការអភិវឌ្ឍន៍ការលូតលាស់ទារក ពង្រឹងប្រព័ន្ធភាពស៊ាំ បង្ការភាពស្លេកស្លាំង និងជួយឲ្យឆ្អឹងមានភាពរឹងមាំល្អ។ នេះដោយសារតែវាសម្បូរសារធាតុចិញ្ចឹម ប្រូតេអ៊ីន ក៏ដូចជាអាស៊ីតខ្លាញ់អូមេហ្គា ៣ វីតាមីន A វីតាមីនD និងជាតិដែក។
លើសពីនេះទៅទៀត ក្តាមមានកម្រិតកាឡូរី និងជាតិខ្លាញ់ឆ្អែតទាប ដូច្នេះស្ត្រីតាំងគភ៌នឹងមិនឡើងទម្ងន់ នៅកម្រិតចាំបាច់ណាមួយ។ ដូចគ្នានេះផងដែរ វាជាអាហារដ៏ល្អបំលុតក្នុងការអភិឌ្ឍខួរក្បាល និងភ្នែករបស់ទារក ហើយវាក៏អាចប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តអំឡុងពេលតាំងគភ៌ និងក្រោយពេលសម្រាលកូនផងដែរ។ទោះជាយ៉ាងណាស្ត្រីគួរតែប្រុងប្រយ័ត្នចំពោះការទទួលទានក្តាម អំឡុងពេលតាំងគភ៌ ដោយត្រូវដឹងពីកត្តាមួយចំនួនដូចខាងក្រោម៖
ជៀសវាងទទួលទានក្តាមឆៅ ឬក្តាមចម្អិនមិនបានឆ្អិនល្អ ព្រោះវាមានផ្ទុកប៉ារ៉ាស៊ីត និងបាក់តេរីដែលបង្កគ្រោះថ្នាក់។ ក្រៅពីក្តាម សូម្បីតែគ្រឿងសមុទ្រដ៏ទៃទៀត ក៏ស្ត្រីមានផ្ទៃពោះពុំគួរទទួលទានឆៅដែរ។
មុនពេលចម្អិន ត្រូវធ្វើអនាម័យឲ្យបានត្រឹមត្រូវ និងបំបាត់ចោលទាំងស្រុងនូវផ្នែកមួយចំនួនដែលមិនគួរទទួលទាន។
យកល្អ ក្តាមដែលចម្អិនឲ្យកុំទុកយូរពេក ត្រូវទទួលទានភ្លាមៗទើបឆ្ងាញ់ ហើយគ្មានហានិភ័យដោយសារតែការឆ្លងមេរោគផ្សេង។
អ្នកឯកទេសភាគច្រើនបានផ្តល់អនុវសាសន៍ឲ្យញ៉ាំអាហារសមុទ្រមិនលើសពី ១៨០ក្រាមក្នុងមួយសប្តាហ៍ឡើយ ដើម្បីជៀសវាងហានិភ័យនៃជាតិបារ៉តធ្វើឲ្យប៉ះពាល់ដល់ទារក។
ដូច្នេះ មុនពេលទទួលទានអាហារសមុទ្រ អ្នកត្រូវតែដឹងថា គួរទទួលទានក្តាមកម្រិតណាទើបមានសុវត្ថិភាព ខណៈដែលមានប្រភេទអាហារសមុទ្រមួយចំនួនត្រូវបានហាមឃាត់អំឡុងពេលមានផ្ទៃពោះ ព្រោះវាមានផ្ទុកជាតិបារ៉តច្រើន៕