បើនិយាយឲ្យចំទៅ មិនត្រឹមតែរូបរាងកាយរបស់ស្ត្រីនោះទេ ដែលមានការប្រែប្រួល សូម្បីតែសុដន់ក៏ដូចគ្នាដែរ។ គ្រាន់តែការផ្លាស់ប្តូរនោះ ពេលខ្លះអាចមានការឈឺចាប់ ដោយសារតែសុដន់រីកមាឌធំខ្លាំងពេក។ ប៉ុន្តែ នេះគឺជាសញ្ញាធម្មតា ដែលបញ្ជាក់ថា សុដន់កំពុងតែត្រៀមខ្លួនផលិតទឹកដោះ ដើម្បីបំពេញតម្រូវការរបស់ទារកនៅពេលចាប់កំណើតមក។
ទាំងនេះ គឺជាភាពប្រែប្រួលមួយចំនួននៃសុដន់មនុស្សស្រីនៅពេលតាំងគភ៌៖
១.សុដន់រីកកាន់តែធំ អ្នកម្តាយប្រឈមនឹងការកើតស្នាមសង្វារ
វាជារឿងធម្មតានោះទេ សម្រាប់សុដន់ដែលកើនទំហំអំឡុងពេលតាំងគភ៌ ព្រោះវាកំពុងតែផលិតទឹកដោះកាន់តែច្រើនឡើង។ តែទោះជាយ៉ាងណាក៏ដោយ សូមចាំថា សុដន់រីកធំកាន់តែខ្លាំង ឱកាសនៃការវិវត្តស្នាមបែកសង្វារ ក៏ប្រឈមកាន់តែខ្លាំងដែរ។
២.សរសៃឈាមអណ្តែតចេញកាន់តែច្បាស់
អំឡុងពេលតាំងគភ៌ ការផ្គត់ផ្គង់ឈាមកើនឡើងរហូតដល់ ៥០ភាគរយ ដើម្បីបំពេញតាមការកើនឡើងនៃតម្រូវការនៃរាងកាយ និងទារក មិនទាន់កើត។ ហេតុនេះ សរសៃឈាមវ៉ែនកាន់តែអណ្តែតចេញមក និងអាចមើលឃើញកាន់តែច្បាស់ ជាពិសេសនៅតំបន់សុដន់ ហើយជួនកាល ក៏អាចកើតមាននៅតំបន់ក្បាលពោះផងដែរ។ សរសៃឈាមទាំងនេះ អាចបាត់ទៅវិញ ឬនៅសេសសល់តិចតួច បន្ទាប់ពីសម្រាលកូនរួច។
៣.ចុងសុដន់ប្រែជាពណ៌ខ្មៅ
ខណ:ពេលដែលសុដន់ ទាំងមូលមានការផ្លាស់ប្តូរ ចុងសុដន់ក៏មានការផ្លាស់ប្តូរដូចគ្នាដែរ។ ចុងសុដន់ អាចប្រែក្លាយទៅជាពណ៌ខ្មៅ ជាងពេលធម្មតា ជាពិសេសក្នុងអំឡុងពេលពីរបីសប្តាហ៍ចុងក្រោយ នៃការមានផ្ទៃពោះ ហើយចុងសុដន់ក៏អាចរីកកាន់តែធំ ដើម្បីត្រៀមខ្លួនក្នុងការបញ្ចេញទឹកដោះមកក្រៅ។ ក្រៅពីនេះ វាអាចមានដុំពកតូចៗ លេចឡើងនៅក្បែរចុងសុដន់ ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់នោះទេ ព្រោះទាំងនេះ គឺជាក្រពេញ សេប៊ូម (sebaceous) ដែលមានតួនាទីបញ្ចេញប្រេង ដើម្បីរក្សាសុដន់ឲ្យមានសុវត្ថិភាពពីការឆ្លងមេរោគបាក់តេរី៕