ការញ៉ាំ និងផឹកភេសជ្ជៈអំឡុងពេលមានផ្ទៃពោះ នឹងជួយអោយអ្នកទទួលបាននូវតុល្យភាពនៃសារធាតុចិញ្ចឹមសម្រាប់ទារកដែលកំពុងតែលូតលាស់ និងសម្រាប់រាងកាយរបស់អ្នកម្តាយផងដែរ។ ដូច្នេះការញាំចំណីអាហារមានតុល្យភាពដូចជាបន្លែ ផ្លែឈើ អាហារមានផ្ទុកជាតិម្សៅ ប្រូតេអ៊ីន និងទឹកដោះគោ គឺជារឿងមួយដែលអ្នកគួរព្យាយាមធ្វើនៅពេលមានផ្ទៃពោះ។
អ្នកគួរបំពេញបន្ថែមរបបអាហារជាមួយនឹងថ្នាំវីតាមីន D ដែលអាចជួយអោយដល់ការលូតលាស់នៃឆ្អឹង។ ការញ៉ាំចំណីដែលជាប្រភពដ៏ល្អនៃជាតិដែក នឹងជួយការពារពីភាពស្លេកស្លាំង ហើយអាហារទាំងនោះមានដូចជា សាច់មាន់ ស៊ុត គ្រាប់ធញ្ញជាតិ សណ្តែក អង្ករសំរូប នំប៉័ង ស្លឹកបន្លែពណ៌បៃតង និងផ្លែឈើស្ងួត ជាដើម។
ការញ៉ាំអាហារច្រើនអំឡុងពេលមានផ្ទៃពោះ នឹងធ្វើអោយអ្នកឡើងទម្ងន់ ប៉ុន្តែប្រសិនបើអ្នកគ្រប់គ្រងរបបអាហារបានល្អ និងធ្វើលំហាត់ប្រាណទៀងទាត់ អ្នកនឹងរក្សាទម្ងន់បន្ថែមជាមធ្យមប្រហែលជា ១១គីឡូងក្រាម៕