នៅពេលឭដំណឹងថាខ្លួនមានផ្ទៃពោះភ្លាម ស្ត្រីទាំងឡាយមិនត្រឹមតែសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាននោះទេ ពួកគេច្បាស់ជាខំថ្នមខ្លួនមិនហ៊ានធ្វើអ្វីធ្ងន់ៗនោះទេ សូម្បីតែការដេក ដើរ អង្គុយ ឈរ រួមទាំងការបរិភោគក៏ប្រយ័ត្នដែរ។
ទន្ទឹមនឹងភាពសប្បាយរីករាយនេះ អ្នកម្តាយគ្រប់រូបច្បាស់ជាចង់ឲ្យឃើញកូនកើតមកមានសុខភាពល្អ ហើយឆ្លាតទៀត តើមែនទេ? តើគួរធ្វើដូចម្តេច ទើបកូនកើតមកឆ្លាត?
បើទោះបីជាហ្សែនរបស់អ្នកមិនឆ្លាតវៃដូចជាមនុស្សផ្សេងទៀតក៏ពិតមែន ក៏ប៉ុន្តែទម្លាប់មួយចំនួនអាចជួយឲ្យកូនរបស់អ្នកឆ្លាតជាងអ្នកបាន។
យកដៃអង្អែលពោះ
ពេលដែលអ្នកនៅម្នាក់ឯងគួរតែឧស្សាហ៍ម៉ាស្សាក្បាលពោះ ព្រោះទារកអាចភ្ជាប់ទំនាក់ទំនងជាមួយពិភពខាងក្រៅកាន់តែជិតស្និត ហើយអាចជួយជំរុញដល់ការលូតលាស់រាងកាយ និងខួរក្បាលទារកផងដែរ។
ដើរក្រោមពន្លឺព្រះអាទិត្យ
ការដើររយ:ពេល ២០នាទី ក្រោមពន្លឺព្រោះអាទិត្យ គឺជារឿងដ៏ប្រសើរសម្រាខួរក្បាកទារក។ វីតាមីន D អាចជួយដល់ការរីកលូតលាស់របស់កុមារ ហើយវាអាចជំរុញដល់ប្រព័ន្ធភាពស៊ាំ និងថែបំប៉នឲ្យឆ្អឹងរឹងមាំ។ ដូច្នេះ ក្នុងពេលព្រឹក អ្នកជាម្តាយគួរតែដើរក្រោមពន្លឺព្រះអាទិត្យរាល់ថ្ងៃ។
អានសៀភៅមុនពេលគេង
ការអានសៀវភៅក្នុងអំឡុងពេលថ្ងៃ គឺជាទម្លាប់ល្អសម្រាប់អ្នក។ ប៉ុន្តែ ការអានសៀភៅនៅពេលយប់ពិតជាល្អសម្រាប់ទារក ព្រោះវាអាចជួយបង្កើនថាមពលខួរក្បាលទារក ហើយជួយឲ្យទារកមានអារម្មណ៍ស្រស់ថ្លា ដែលល្អសម្រាប់ការអភិវឌ្ឍខួរក្បាល។
ទទួលទានអាហារមានតុល្យភាព
របបអាហារមានតុល្យភាព គឺជាកត្តាចាំបាច់បំផុតសម្រាប់ការលូតលាស់ទារកក្នុងផ្ទៃ។ ការញ៉ាំអាហារបានត្រឹមត្រូវអាចជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹម និងប្រូតេអ៊ីនបានគ្រប់គ្រាន់ក្នុងការបំពេញកម្លាំង ព្រមទាំងការអភិវឌ្ឍខួរក្បាលទារក។
ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណអំឡុងពេលមានផ្ទៃពោះ គឺជារឿងចាំបាច់មួយដែលអ្នកម្តាយត្រូវតែធ្វើ។ ទម្លាប់មួយនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយឲ្យទារកមានសុខភាពល្អ និងមានគំនិតឆ្លាតវៃ៕