ដំណាក់កាលពពោះ រាងកាយរបស់មនុស្សស្រីត្រូវការរៀបចំខ្លួន ដើម្បីសម្របសម្រួល និងចិញ្ចឹមជីវិតថ្មីមួយទៀតដែលកំពុងចាប់កំណើត ដូច្នេះការផ្លាស់ប្តូរជាច្រើននឹងកើតមានឡើងទាំងផ្នែកខាងក្នុង និងខាងក្រៅ។
ទន្ទឹមនឹងនេះផងដែរ ស្ត្រីចាំបាច់ត្រូវការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមអោយបានច្រើន ដើម្បីចែករំលែកទៅទារកក្នុងផ្ទៃ។ ចំណែកឯជាតិដែក គឺជាផ្នែកមួយនៃសមាសធាតុសំខាន់បំផុត ដែលរាងកាយស្ត្រីមានផ្ទៃពោះខ្វះមិនបាន។ ប្រសិនបើអ្នកម្តាយខ្វះជាតិដែក ការអភិវឌ្ឍទៅរកជំងឺខ្វះឈាមនឹងកើតមានឡើងផងដែរ។
កង្វះជាតិដែក អាចបណ្តោលមកពីមូលហេតុជាច្រើនដូចជា របបអាហារមិនល្អ ភាពតានតឹង ការឆ្លងមេរោគ.ល. កត្តាទាំងនេះហើយ ដែលធ្វើអោយហិនហោចដល់ការផលិតកាសិកាគ្រាប់ឈាមក្រហម ហើយនាំអោយខ្វះឈាម។
ប្រសិនបើមានជំងឺខ្វះឈាម អាចបង្កអោយមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកម្តាយ និងកូនក្នុងផ្ទៃ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាកង្វះឈាមកើតឡើង សូមអ្នកម្តាយទាំងឡាយព្យាយាមទទួលទានរបបអាហារដូចខាងក្រោម៖
១. អ្នកម្តាយអាចទទួលទានទឹកផ្លែប៉ោម ការ៉ុត ឬគ្រឿងផ្សំធម្មជាតិផ្សេងៗទៀត ដែលសម្បូរ ជាតិដែក។
២. ប្រសិនបើអ្នកចង់ញ៉ាំសាច់ អ្នកគួរតែបន្ថែមសាច់ក្រហមដូចជាសាច់ជ្រូក សាច់គោ ទៅក្នុងរបបអាហារ តែត្រូវមានបរិមាណកំណត់។
៣. គ្រឿងផ្សំដែលសម្បូរកាបូនអ៊ីដ្រាតដូចជា នំប៉័ងដែលផលិតពីស្រូវសាលី អង្កសំរូប Pasta .ល. អាចជួយក្នុងការស្រូបយកជាតិដែក បានល្អបំផុតសម្រាប់រាងកាយ។
៤. ស្ត្រីមានផ្ទៃពោះអាចបន្ថែមថ្នាំគ្រាប់វីតាមីន C ឬផ្លែក្រូច ទៅក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះវាអាចជួយព្យាបាលភាពស្លេកស្លាំងតាមបែបធម្មជាតិ។
៥. ការស្រាវជ្រាវថ្មីមួយបានអះអាងថា ការបន្ថែមគ្រាប់ល្ង និងស្លឹកជីវ៉ាន់ស៊ុយ ទៅក្នុងរបបអាហារ ក៏អាចជួយកាត់បន្ថយភាពស្លេកស្លាំងមានប្រសិទ្ធិភាពផងដែរ៕