ក្នុងត្រីមាសទី៣ គឺជាដំណាក់កាលប្រឈមនឹងបញ្ហាគេងច្រើនបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ ហើយប្រសិនបើបញ្ហានេះកើតឡើងញឹកញាប់ពេក វាអាចបង្កផលប៉ះពាល់ដល់សុខភាពទាំងម្តាយ និងកូន។ ដូច្នេះ អ្នកគួរអនុវត្តតាមតិចតិចមួយចំនួនដូចខាងក្រោម ដើម្បីគេងលក់ស្រួលនៅពេលយប់។
១.កុំគេងផ្ងារ៖ ការគេងផ្ងារអាចរាំងស្ទះដល់លំហូរឈាមទៅកាន់ទារក ហេតុនេះអ្នកគួរគេងចំហៀងវិញទើបលំហូរឈាមរត់បានល្អ ហើយអ្នកក៏គេងលក់ស្រួលផងដែរ។
២.ប្រើខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះ៖ ដំណាក់កាលនេះអ្នកគួរទិញខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះមកប្រើ ព្រោះវាអាចជួយសម្រួលដល់ទីតាំងគេងរបស់អ្នកបានយ៉ាងល្អ។
៣.បន្ថយសម្ពាធរាងកាយ៖ នៅពេលគេង អ្នកត្រូវយកខ្នើយមួយកល់ត្រង់ចន្លោះជើងទាំងពីរ ធ្វើបែបនេះអាសម្រាលសម្ពាធរាងកាយ ហើយមិនប៉ះពាល់ដល់ពោះថែមទៀត។
៤.កាត់បន្ថយញ៉ាំទឹកច្រើនពេលយប់៖ ការញ៉ាំទឹកច្រើននៅពេលយប់ អាចធ្វើឲ្យអ្នកភ្ញាក់ច្រើនដងដោយសារតែការឈឺនោម ហេតុនេះការគេងរបស់អ្នកក៏មិនបានពេញលេញដែរ។
៥.ម៉ាស្សា៖ រឿងសំខាន់មួយទៀតដើម្បីឲ្យគេងលក់ស្រួល គឺត្រូវឲ្យស្វាមីរបស់អ្នកធ្វើការម៉ាស្សាជើងយ៉ាងតិចបំផុត១៥នាទីជាប្រចាំ។ ព្រោះការម៉ាស្សាមិនត្រឹមតែធ្វើឲ្យឈាមរត់ស្រួលនោះទេ វាក៏អាចជួយឲ្យអ្នកគេងលក់ស្រួលផងដែរ៕