ស្នាមបែកសង្វារ ត្រូវបានគេចាត់ទុកជាបញ្ហាសម្រស់ទូទៅមួយដែលស្ត្រីជាច្រើនតែងតែជួបប្រទះ ហើយតំបន់ដែលងាយរង់ផលប៉ះពាល់ខ្លាំងជាងគេគឺ ភ្លៅ ត្រគាក ទ្រូង ដើមដៃ គូទ និងពោះ។
មូលហេតុចម្បងដែលធ្វើឲ្យកើតមានស្នាមបែកសង្វារ គឺការទទួលទានរបបអាហារគ្មានផាសុខភាពអត្រានៃការរំលាយដំណើរការមិនល្អ ខ្ជិលធ្វើលំហាត់ប្រាណ ផ្លាស់ប្តូរអ័រម៉ូន ខ្សោះជាតិទឹកក្នុងខ្លួន និងកត្តាហ្សែនជាដើម។
ជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះ បើស្ត្រីទទួលទានអាហារទាំងនេះច្រើនពេក ស្នាមបែកសង្វារក៏កើតមានកាន់តែខ្ពស់ដែរ។
អាហារប្រៃ
កុំព្យាយាមទទួលទានអាហារប្រៃពេក ព្រោះវាអាបង្កឲ្យចាល់ជាតិទឹកនៅក្នុងខ្លួន ដែលជាមូលហេតុទូទៅនៃការកើតស្នាមបែកសង្វារ។ ជាតិប្រៃ ស្ថិតនៅក្នុងលំដាប់កំពូលនៃបញ្ជីនៃអាហារដែលបណ្តោលឲ្យកើតស្នាមសង្វារ ដូច្នេះស្ត្រីមានផ្ទៃពោះគួរប្រយ័ត្ន។
អាហារសម្បូរខ្លាញ់
ជាតិខ្លាញ់ក៏មានមុខងារសំខាន់សម្រាប់រាងកាយផងដែរ ប៉ុន្តែអ្នកត្រូវគ្រប់គ្រងចំនួនខ្លាញ់ដែលរាងកាយទទួលយកក្នុងមួយថ្ងៃ។ ការបន្ថែមជាតិខ្លាញ់ច្រើនលើសកម្រិត អាចបណ្តោលឲ្យស្នាមបែកសង្វារលេចចេញនៅផ្នែកណាមួយនៃរាងកាយ។
អាហារផ្អែមពេក
ជាតិស្ករ គឺជាសត្រូវលាក់មុខដែលធ្វើឲ្យកើតមានស្នាមសង្វារ ប្រសិនបើអ្នកប្រើប្រាស់លើសកម្រិតរាល់ថ្ងៃ។ ជាតិស្ករមានសមត្ថភាពបង្កើតអាំងស៊ុយលីន ដែលអាចជំរុញដល់ការបង្កើតនៃជាលិកាខ្លាញ់កាន់តែច្រើនឡើង។ នេះជាមូលហេតុមួយទៀត ដែលធ្វើឲ្យស្បែកលេចចេញស្នាមបែកសង្វារ។
គ្រឿងស្រវឹង
ប្រសិនបើអ្នកចង់ខ្លួនឯង និងកូនក្នុងផ្ទៃមានសុខភាពល្អ គួរតែឲ្យឆ្ងាយពីគ្រឿងស្រវឹង។ មិនតែប៉ុណ្ណោះការសេពគ្រឿងស្រវឹង អាចបង្កើនកាឡូរីនៅក្នុងខ្លួនរបស់អ្នកកាន់តែច្រើន នេះហើយជាមូលហេតុដែលបណ្តោលឲ្យកើតមានស្នាមបែកសង្វារចេញមក។
អាហារកែច្នៃ
អាហារកែច្នៃដូចជា នំភីហ្សា សាន់វ៉ិច សាច់ក្រក សាច់ផាត់… សុទ្ធតែជាអាហារដែលអាចធ្វើឲ្យស្ត្រីមានផ្ទៃពោះប្រឈមនឹងការកើតស្នាមបែកសង្វារកាន់តែខ្ពស់។ ដូច្នេះហើយ ប្រសិនបើអ្នកស្រឡាញ់សុខភាព និងសម្រស់ខ្លួនឯង គួរតែកាត់បន្ថយអាហារប្រភេទនេះ៕