ការកើតជំងឺឬសដូងបាត អំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យមានការឈឺចាប់ ជាពិសេសធ្វើឲ្យស្ត្រីមួយចំនួនពិបាកបន្ទោរបង់យ៉ាងខ្លាំង។ ដូច្នេះ ប្រសិនបើអ្នកមិនចង់ឲ្យមានការឈឺចាប់ដោយសារតែជំងឺឬសដូងបាត ទេ គួរអនុវត្តតាមការណែនាំទាំងប៉ុន្មានចំណុចនេះ។
១.ទទួលទានអាហារសម្បូរជាតិសរសៃ
ការបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ជាប្រចាំ ដូចជាបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិផ្សេងៗ អាចធ្វើឲ្យលាមកទន់ងាយក្នុងការបន្ទារបង់។
២.ផឹកទឹកឲ្យបានច្រើន
មូលហេតុទូទៅបំផុតនៃជំងឺឬសដូងបាត គឺការទល់លាមក។ ហេតុនេះស្ត្រីមានផ្ទៃពោះទាំងឡាយគួរព្យាយាផឹកទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ ដើម្បីការពារជំងឺនេះកុំឲ្យមានសភាពកាន់តែធ្ងន់ធ្ងរ។
៣.ធ្វើលំហាត់ប្រាណ
ស្ត្រីគួរតែធ្វើលំហាត់ប្រាណ៣០នាទី ក្នុងមួយថ្ងៃ ដើម្បីជួយឲ្យរាងកាយរំលាយអាហារបានល្អ។ លំហាត់ប្រាណដូចជា ការហែលទឹក ហាត់យូហ្គា ដើរ សុទ្ធតែអាចជួយសម្រួលដល់ការទល់លាមកទាំងអស់។
៤.ត្រាំក្នុងទឹកក្តៅឧណ្ឌៗ
ការចុះត្រាំក្នុងទឹកក្តៅឧណ្ឌៗប្រមាណជា១៥ ទៅ ២០នាទី ក៏អាចជួយបន្ធូរបន្ថយបញ្ហាឬសដូងបាត បានផងដែរ។ ប៉ុន្តែពេលត្រាំទឹក អ្នកមិនគួរប្រើសាប៊ូដុំ សាប៊ូទឹកមានក្លិនក្រអូប ឬប្រេងផ្សេងៗនោះទេ ព្រោះវាអាចធ្វើឲ្យឬសដូងបាតរលាកកាន់តែខ្លាំង។
៥.ប្រើទឹកកក
អ្នកអាចប្រើទឹកកច្រកចូលក្នុងថង់ រួចយកទៅស្អំត្រង់តំបន់រន្ធគូថ ដើម្បីកាត់បន្ថយការហើម និងកាត់បន្ថយការឈឺចាប់។
៦.ប្រើកន្សែងជំនួសក្រដាសអនាម័យ
ជំនួសដោយការប្រើប្រាស់ក្រដាសអនាម័យ ក្រោយពេលបន្ទោរបង់រួច អ្នកត្រូវប្រើកន្សែងស្អាតមកផ្តិតតំប់គូថឲ្យស្ងួត ដើម្បីកាត់បន្ថយបញ្ហាឆ្លងមេរោគ។
៧.ពិក្សាជាមួយគ្រូពេទ្យ
អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ អំពីការប្រើប្រាស់ថ្នាំលាបដែលមានសុវត្ថិភាព ដើម្បីកម្ចាត់ភាពឈឺចាប់ដោយសារតែជំងឺឬសដូងបាត។
ការព្រមាន៖ ក្នុងករណីដែលជំងឺឬសដូងបាត បណ្តោលឲ្យមានការឈឺចាប់ហូតឈាមញឹកញាប់ ឬមិនធូរស្បើយ ជាមួយនឹងការប្រើវិធីធម្មជាតិផ្សេងៗ អ្នកគួរតែទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់៕