ការហើមរាងកាយត្រូវបានគេចាត់ទុកជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះទូទៅ ជាពិសេសការហើមជើង កំភួនជើង និងតំបន់ខ្លះទៀតនៅត្រីមាសទី៣។
ក៏ប៉ុន្តែ ប្រសិនបើអ្នកសម្គាល់ឃើញថា ជើងម្ខាងរបស់អ្នកជាពិសេសត្រង់កំភួនជើង ហើមខ្លាំងជាងជើងម្ខាងទៀត អាចជាសញ្ញាគួរឲ្យបារម្ភដែលបណ្តោលមកពីបញ្ហាកកឈាម។ សម្រាប់បញ្ហានេះ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយភ្លាមៗ។
ការហើមក្នុងពេលមានផ្ទៃពោះសប្តាហ៍ទី២៤ ហើយបន្តកើតមានម្តងម្កាលទៀត អាចមានជាប់ទាក់ទងជាមួយនឹងជំងឺម្យ៉ាងដែលហៅថា ជំងឺ សម្ពាធឈាម។ ជំងឺសម្ពាធឈាមនេះរាប់បញ្ចូលទាំង ការឡើងសម្ពាធឈាម ប្រូតេអ៊ីននៅក្នុងទឹកនោម និងហើមជើង ដែលជាចំណុចពិសេសនៃជំងឺនេះ។
សញ្ញាផ្សេងទៀតដែលយើងអាចសម្គាល់បាន គឺឈឺក្បាល ព្រិលភ្នែក និងឈឺពោះផ្នែកខាងលើ ប៉ុន្តែប្រសិនបើការហើមភ្លាមៗមានសភាពធ្ងន់ធ្ងរជាងផ្នែកណាមួយនៃរាងកាយ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ៕