ក្នុងនាមជាអ្នកម៉ាក់ ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីឲ្យកូនជាទីស្រឡាញ់របស់ខ្លួនកើតមកប្រកបដោយផាសុខភាព ហើយត្រូវដឹងរៀនបន្ថែមជានិច្ច ព្រោះមានរឿងជាច្រើនដែលអ្នកត្រូវដឹង ដើម្បីធ្វើឲ្យកូនធំឡើងមានសុខភាពល្អ។ ជាពិសេសរយៈពេល៣ខែដំបូង អ្នកម៉ាក់ត្រូវជៀសវាងទង្វើ ៥ចំណុចនេះឲ្យបាន។
១.ជៀសវាងញ៉ាំអាហារស្ទើរឆ្អិនស្ទើរឆៅ
អាហារដែលមិនត្រូវបានចម្អិន ឬចម្អិនមិនបានល្អ មានគ្រោះថ្នាក់ខ្លាំងណាស់ដល់ស្ត្រីកំពុងមានផ្ទៃពោះ។ ព្រោះវាមានភាពកខ្វក់ច្រើន ទាំងហានិភ័យបាក់តេរី ប៉ារ៉ាសិត ដែលបណ្តោលឲ្យរាករួស ឬបង្ករោគផ្សេងៗ។ ដូច្នេះអ្នក គួរតែជៀសឲ្យឆ្ងាយពីអាហារមិនបានចម្អិន ឬចម្អិនមិនបានឆ្អិនល្អ។
២.ហាមស្ទីម ឬសូណា
ការស្ទីម ឬសូណា ពិតជាល្អសម្រាប់អ្នកនៅខ្លួនមួយ ប៉ុន្តែវាមិនល្អសម្រាប់អ្នកដែលលំពុងមានផ្ទៃពោះឡើយ។ ដោយសារតែកំដៅនៃការស្ទីម ឬសូណា អាចបណ្តោលឲ្យបាត់បង់ជាតិទឹក និងសារធាតុរ៉ែសំខាន់ៗ។ មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យឈាមខាប់ ប្រឈមនឹងដាច់សរសៃឈាមខួរក្បាល ហើយជួបវិបត្តិចំពោះកូនដែលមិនទាន់កើត គឺស្លាប់ក្នុងផ្ទៃ។
៣.គេចចេញពីភាពតានតឹង
ទោះបីជាមានការព្រួបារម្ភនៅក្នុងការមានផ្ទៃពោះយ៉ាងណាក្តី ម៉ាក់ៗទាំងឡាយត្រូវធ្វើឲ្យបាននូវចិត្តរីករាយស្រស់ថ្លា។ ព្រោះការស្ត្រេសច្រើន អាចបណ្តោលឲ្យអ័រម៉ូន និងការផលិតជាតិគីមីក្នុងខ្លួនកាន់តែច្រើន ធ្វើឲ្យការបញ្ចូនឈាម និងសារធាតុចិញ្ចឹមទៅកាន់ទារកត្រូវបានកាត់បន្ថយយ៉ាងធ្ងន់ធ្ងរ។ ទីបំផុតទារកអាចជួបផលវិបាកលូតលាស់យឺត កើតមិនគ្រប់ខែ ឬកើតជំងឺអូតូអ៊ុយមីន។
៤.នៅឲ្យឆ្ងាយពីបារី
មានការផ្សព្វផ្សាយជាច្រើនអំពីការជក់បារី ថាវាពិតជាជះឥទ្ធិពលដល់អ្នកម៉ាក់កំពុងតែពពោះយ៉ាងខ្លាំង ដោយសារតែជាតិនីកូទីនក្នុងបារីត្រូវបានបញ្ចូនបន្តទៅទារក។ ការស្រូបយកផ្សែងបារី កាន់តែច្រើនធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលទារក ចង្វាក់បេះដូងដំណើរការមិនបានល្អ និងកើតមានបញ្ហាផ្លូវដង្ហើមពេលធំឡើយ។
៥.ហាមដាច់ខាតសេពគ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងច្រើនពេក មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ វាថែមទាំងធ្វើឲ្យទារកក្នុងផ្ទៃកើតមកមានសតិបញ្ញាខ្សោយ ការចង់ចាំតិច ឬបាត់បង់អវៈយវៈណាមួយនៅពេលកើតមក។ សូមអត់ទ្រាំបន្តិចសិនទៅ បន្ទាប់ពីទារកចាប់កំណើតរួច ហើយឈប់បៅដោះរបស់អ្នក វាមិនយឺតពេលសម្រាប់ការសេពគ្រឿងស្រវឹងនោះទេ៕