ខំទ្រាំពពោះ៩ខែដូចគ្នា ហេតុអ្វីម៉ាក់ៗខ្លះមានស្នាមសង្វារ តែម៉ាក់ៗខ្លះទៀតបែរជាអត់មាន?

0

ប្រសិនបើអ្នកកំពុងតែមានផ្ទៃពោះ ហើយក្បាលពោះកំពុងតែរីកធំ អ្នកប្រហែលជាពិបាកជាមួយនឹងអារម្មណ៍រមាស់ និងស្បែកតឹងណែនស្ទើរតែចង់ប្រេះហើយ។ នេះជាក្តីបារម្ភជាទូទៅរបស់ស្ត្រីគ្រប់រូប ប៉ុន្តែអ្វីដែលជាក្តីបារម្ភធំបំផុតសម្រាប់ពួកគេនោះ គឺការកើតមានស្នាមសង្វារ។

ស្នាមសង្វារ គឺជាស្លាកស្នាមដែលអាចលេចឡើងគ្រប់ទីកន្លែងនៃរាងកាយដែលមានផ្ទុកជាតិខ្លាញ់ដូចជា ក្បាលពោះ ដើមដៃ ភ្លៅ សុដន់ និងគូថជាដើម។

តើមូលហេតុអ្វីដែលធ្វើឲ្យម៉ាក់ៗខ្លះកើតមានស្នាមសង្វារក្នុងពេលពពោះ? មូលហេតុដ៏ធំបំផុត កើតឡើងដោយសារតែស្បែកលាតសន្ធឹងខ្លាំងពេក នៅពេលដែលពោះកាន់តែរីកធំ ជាពិសេសម៉ាក់ៗដែលធាត់លើសទម្ងន់។ នៅពេលស្បែកចាប់ផ្តើមលាតសន្ធឹងខ្លាំង ស្រទាប់កូឡាជែនមិនអាចជួយការពារស្បែកបានឡើយ ហើយស្នាមសង្វារនឹងលេងឡើង។

ចំពោះអ្នកម៉ាក់ៗដែលមិនមានស្នាមសង្វារ ដោយសារតែពួកគេមិនសូវឡើងទម្ងន់ ឬតំបន់ផ្សេងទៀតដូចជាពោះ មិនសូវរីកធំ ស្បែកមិនមានការលាតសន្ធឹងខ្លាំង។ ហេតុនេះស្បែករបស់ពួកគេអាចរក្សាភាពដើមបានល្អ ហើយគ្រប់យ៉ាងនឹងត្រលប់មកវិញក្រោយពេលសម្រាលកូនរួច។

សូមចាំថា នៅពេលកើតស្នាមសង្វារម៉ាក់ៗមិនអាចប្រើប្រាស់ផលិតផលផ្តេសផ្តាសបាននោះទេ ព្រោះផលិតផលភាគច្រើនមានផ្ទុកសារធាតុគីមីពុល ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក និងកូន។ ដូច្នេះប្រសិនបើអ្នកចង់ព្យាបាល សូមរងចាំរហូតកូនឈប់បៅសិន ហើយពិភាក្សាជាមួយគ្រូពេទ្យជំនាញអំពីវិធីព្យាបាលទើបប្រសើរ៕