អស្ចារ្យដល់ម្លឹង! គ្រាន់តែញ៉ាំទឹកក្រូចឆ្មារ ម៉ាក់ៗ​នឹងទទួលបាន​ប្រយោជន៍​ដល់​ទៅ៥យ៉ាង

0

ក្រូចឆ្មារ គឺជាផ្លែឈើមួយប្រភេទដែលគេនិយមប្រើសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ហើយវាក៏ត្រូវបានគេប្រើសម្រាប់ធ្វើជាថ្នាំព្យាបាលជំងឺទូទៅមួយចំនួន។ លើសពីនេះ ក្រូចឆ្មារក៏មានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ ព្រោះវាមានផ្ទុកវីតាមីន C ដែលអាចកាត់បន្ថយភាពស្រេកទឹក និងអាការៈចាញ់កូនជាដើម។ ជាពិសេសប្រសិនបើស្ត្រីមានផ្ទៃពោះញ៉ាំទឹកក្រូចឆ្មារជាប្រចាំ នឹងទទួលបានអត្ថប្រយោជន៍អស្ចារ្យ៥យ៉ាង។

១.ល្អសម្រាប់ខួរក្បាលទារក

នៅក្នុងទឹកក្រូចឆ្មារ មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា “ប៉ូតាស្យូម” សារធាតុនេះអាចជួយបំប៉នខួរក្បាលទារកឲ្យលូតលាសបានល្អ។ ចំណែកឯវីតាមីន C ក៏អាចជួយពង្រឹងឆ្លឹងរបស់ទារកនៅក្នុងផ្ទៃឲ្យមានភាពរឹងមាំផងដែរ។ ដូច្នេះប្រសិនបើអ្នកចង់ឲ្យកូនធំឡើងក្លាយជាក្មេងឆ្លាត កុំភ្លេងទទួលទានទឹកក្រូចឆ្មារពេលមានផ្ទៃពោះ។

២.ជួយបណ្តេញជាតិពុលពីរាងកាយ

អ្នកជំនាញបានបង្ហាញថា បើអ្នកព្យាយាមញ៉ាំទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកក្តៅជារៀងរាល់ព្រឹក ជាតិពុលក្នុងរាងកាយនឹងត្រូវបានសម្អាតចេញយ៉ាងងាយ។ ជាពិសេសវាអាចជួយកាត់បន្ថយអាការៈចាញ់កូន និងធ្វើឲ្យអ្នកម៉ាក់មានអារម្មណ៍ស្រស់ស្រាយឡើងវិញ។

៣.ជួសជុលស្បែកឲ្យមានភាពស្រស់ស្អាត

វីតាមីន C នៅក្នុងក្រូចឆ្មារត្រូវបានគេទទួលស្គាល់ថា ពិតជាល្អសម្រាប់ស្បែក ព្រោះវាអាចជួយសម្អាតសំណល់ក្នុងរាងកាយ ធ្វើឲ្យស្បែកមានភាពភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ រួមទាំងអាចកាត់បន្ថយស្នាមសង្វារបានផងដែរ។

៤.ការពារការទល់លាមក

ការទល់លាមក វាជារឿងធម្មតាទេសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ ដោយសារតែពោះរីកធំជាងមុន ធ្វើឲ្យសរីរាង្គរំលាយអាហារត្រូវបានផ្លាស់ប្តូរទី ហើយចលនាពោះវៀនដំណើរការខុសធម្មតា។ ប៉ុន្តែប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានទឹកក្រូចឆ្មារ​ វានឹងជួយជំរុញឲ្យពោះវៀនមានការស្រូបយកសារធាតុចិញ្ចឹមពីអាហារបានល្អ ហើយចលនាពោះវៀនក៏ដំណើរការល្អឡើងវិញដែរ។

៥.ពង្រឹងប្រព័ន្ធភាពស៊ាំ

ប្រសិនបើអ្នកធ្លាក់ខ្លួនឈឺពេលមានផ្ទៃពោះ ច្បាស់ជាប្រើថ្នាំព្យាបាលជាពុំខាន ហើយក្តីបារម្ភដ៏ធំបំផុត គឺការប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តែចំណុចនេះទឹកក្រូចឆ្មារអាចដោះស្រាយបាន ព្រោះវាអាចជួយសម្រួលដល់សម្ពាធតុល្យភាពរាងកាយ និងបង្កើនភាពធន់ ការពារពីជំងឺផ្តាសាយ ដោយមិនចាំបាច់ពឹងផ្អែកលើថ្នាំឡើយ។

ទាំងអស់នេះហើយជាគុណសម្បត្តិគ្មានអ្វីផ្ទឹមរបស់ទឹកក្រូចឆ្មារ ដែលអ្នកមានផ្ទៃពោះទាំងឡាយគួរតែព្យាយាមទទួលទានឲ្យបានទៀងទាត់ ដើម្បីកូន និងខ្លួនឯងមានសុខភាពល្អ៕