មិនគួរឲ្យជឿ គ្រាន់តែចេះតិចនិចដកដង្ហើមក៏អាចបន្ថយអាការឈឺពោះ អំឡុងពេលតាំងគភ៌បានដែរ

0
1

តើអ្នកដឹងទេថា នៅពេលដែលមនុស្សមានអារម្មណ៍ធុញថប់នឹងមានដង្ហើមខ្លី? កត្តាមួយនេះហើយដែលធ្វើឲ្យអុកស៊ីសែនស្រូបចូលក្នុងរាងកាយបានតិច ហើយសម្ពាធផ្សេងទៀតនឹងកើតមានឡើងបន្ថែមទៀត។

ការដកដង្ហើមបានវែងៗនឹងធ្វើឲ្យអុកស៊ីសែនចូលក្នុងសួតបានច្រើន។ ហេតុនេះ ការវឹកហាត់ដកដង្ហើមបានត្រឹមត្រូវ នឹងជួយឲ្យអ្នកសម្រាកបានស្រួល ជាពិសេសចំពោះអ្នកម្តាយតាំងគភ៌ ប្រសិនបើមានអាការៈឈឺពោះ គួរតែអនុវត្តគោលការណ៍ដកដង្ហើមឲ្យបានត្រឹមត្រូវ។

ខាងក្រោមនេះជាបច្ចេកទេសដកដង្ហើម ដើម្បីបំបាត់ភាពឈឺចាប់អំឡុងពេលតាំងគភ៌៖

១.បច្ចេកទេសដកដង្ហើមចូលជ្រៅៗ

ចាប់ផ្តើមពីការគេងលើគ្រែ ហើយយកខ្នើយពីរកល់ពីក្រោមក្បាលស្ត្រីតាំងគភ៌។ បន្ទាប់មកដកដង្ហើមយឺតៗតាមច្រមុះ ដើម្បីឲ្យអុកស៊ីសែនហូរឆ្ពោះទៅកាន់ទារក និងដើមទ្រូង រហូតដល់ពោះចាប់ផ្តើមប៉ោង។ បន្ទាប់មកទៀតបញ្ចេញខ្យល់មកវិញតាមមាត់ ឬច្រមុះឲ្យអស់។ ការដកដង្ហើមតាមចង្វាក់នេះ វានឹងជួយសម្រាលអាការៈឈឺពោះ របស់ស្ត្រីមានផ្ទៃពោះទាំងឡាយបាន។

២.តិចនិចដើម្បីបន្ធូរអារម្មណ៍តាមរយៈដង្ហើម

អ្នកម្តាយត្រូវគេងបែរចំហៀង បន្ទាប់មកបិទភ្នែកបញ្ចេញអារម្មណ៍ឈឺចាប់ចេញមក។ បន្ទាប់មកបញ្ចេញខ្យល់ចេញពីសួត ដោយបិទមាត់ឲ្យជិត រួចដកដង្ហើមឲ្យវែងៗ ហើយបញ្ចេញដង្ហើមមកវិញតាមរយៈមាត់ ឬច្រមុះ។ ការបញ្ចប់ដំណើរការដកដង្ហើមចេញ និងចូលនេះត្រូវការចំណាយពេលប្រហែលជា ៣០វិនាទីប៉ុណ្ណោះ។

៣.បច្ចេកទេសបំបាត់ការកន្ត្រាក់នៃស្បូន

ចាប់ផ្តើមការគេងចំហៀង និងដកដង្ហើមចូលខ្លីៗតាមច្រមុះ។ ដកដង្ហើមខ្លីៗពីរដងចូរតាមច្រមុះ និងបញ្ចេញមកវិញ។ បន្ទាប់មកដកដង្ហើមវែងៗចូលម្តង ហើយបញ្ចេញមកវិញយឺៗឲ្យអស់។ ចុងបញ្ចប់នៃបច្ចេកទេសនេះ គឺសម្រាកមួយភ្លែក ហើយចាប់ផ្តើមធ្វើឡើងវិញម្តងទៀត គឺជាដង្ហើមចង្វាក់ចូល និងចង្វាក់ចេញ ធ្វើឲ្យដង្ហើមដាច់វែងៗជាងដង្ហើមធម្មតា។ ការដកដង្ហើមវែងៗនឹងជួយបន្ធូរការកន្ត្រាក់នៃស្បូនបានយ៉ាងល្អ។

៤.បច្ចេកទេសដកដង្ហើមដើម្បីពង្រឹងអាងត្រគាក

ក្នុងអំឡុងពេលនៃការជិតសម្រាល ស្បូនបានបង្រួមយ៉ាងខ្លាំង ដូច្នេះអ្នកគួរអនុវត្តដង្ហើមខ្លីៗយឺតៗ ជាប់ៗគ្នា ហើយបង្កើនល្បឿនបន្តិចម្តងៗ នៅពេលក្រោយ។ ការដកដង្ហើបែបនេះ នឹងជួយពង្រឹងឆ្អឹងអាងត្រគាក បំបាត់ការឈឺចចាប់មុនពេលសម្រាលមកដល់។

វាជារឿងមិនគួរឲ្យជឿ គ្រាន់តែការដកដង្ហើមសោះក៏អាចជួយបន្ធូរការឈឺចាប់នៅពេលតាំងគភ៌បានដែរ។ ប៉ុន្តែប្រសិនបើអ្នកអនុវត្តបាន អ្នកច្បាស់ជាមិនសូវបារម្ភពីការឈឺចាប់ពេលចាប់កំណើតខាងមុខឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here