គ្រឿងស្រវឹង គឺជាភេសជ្ជៈមួយប្រភេទដែលអាចបំផ្លាស់សុខភាពមនុស្សគ្រប់គ្នា នៅពេលដែលយើងទទួលទានច្រើនលើសកំណត់។ ជាពិសេសចំពោះស្ត្រីដែលកំពុងតែបំបៅដោះកូនតែម្តង វាអាចនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ បើទោះបីជាទទួលទានតិចតួចក៏ដោយ។
ខាងក្រោមនេះ ជាផលអាក្រក់ដែលបង្កឡើងដោយសារតែការទទួលទានគ្រឿងស្រវឹងអំឡុងពេលបំបៅដោះកូន៖
១.ជាតិអាល់កុលចូលក្នុងខ្លួនកូន
នៅពេលអ្នកម្តាយទទួលទានគ្រឿងស្រវឹងម្តងៗ ស្ទើរតែ ០,៥ ទៅ ៣ភាគរយ នៃជាតិអាល់កុលនឹងបញ្ចូនទៅកាន់កូនតាមរយៈទឹកដោះ។ បរិមាណជាតិអាល់កុលនេះ មើលទៅតិចតួចទេ ប៉ុន្តែវាអាចប៉ះពាល់យ៉ាងខ្លាំងដល់ទារកទើបនឹងកើត ព្រោះវាអាចបំផ្លាញ់ថ្លើមរបស់ពួកគេនៅទីបំផុត។
២.បំផ្លាញ់តម្លៃអាហារូបត្ថម្ភទឹកដោះ
វត្តមាណនៃជាតិអាល់កុលក្នុងខ្លួនអ្នកម្តាយ ត្រូវបានគេរកឃើញថា អាចរារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមសំខាន់ និងគុណតម្លៃអាហារូបត្ថម្ភជាច្រើនទៀត។ ជាពិសេសសារធាតុ folate មិនត្រូវបានស្រូបចូលទឹកដោះម្តាយ ដោយសារតែជាតិអាល់កុល។ ដូច្នេះទារកមិនបានទទួលសារធាតុចាំបាច់ពីទឹកដោះម្តាយ សម្រាប់បំពេញតម្រូវការលូតលាស់នោះទេ។
៣.កាត់បន្ថយភាពស៊ាំ
ប្រព័ន្ធភាពស៊ាំទារកទើបនឹងកើត ស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍជាច្រើនខែ បន្ទាប់ពីកំណើត។ ពួកគេទទួលបានអង្គបដិប្រាណទាំងអស់ពីទឹកដោះ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងមេរោគ។ ប៉ុន្តែរាងកាយរបស់ទារកមិនអាចស្រូបយក អង្គបដិប្រាណពីទឹកដោះបាននោះទេ ប្រសិនបើមានជាតិអាល់កុលតិចតួចនៅក្នុងទឹកដោះ។ នេះអាចបណ្តោលឲ្យទារកងាយនឹងមានជំងឺ និងឆ្លងមេរោគក្នុងដំណាក់កាលដំបូងនៃជីវិត ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
៤.ក្រិនខួរក្បាល
ប្រសិនបើទារកត្រូវបានប៉ះពាល់នឹងជាតិអាល់កុលក្នុងបរិមាណច្រើននៅវ័យដំបូងនៃជីវិត ពួកគេមិនត្រឹមតែងាយនឹងមានបញ្ហាថ្លើមនៅពេលក្រោយនោះទេ ប៉ុន្តែវាងាយនឹងមានការថយចុះនៃកោសិកាខួរក្បាលយ៉ាងឆាប់រហ័ស ហើយអាចបង្កឲ្យមានហានិភ័យកើនឡើង ដែលអ្នកវេជ្ជសាស្ត្រហៅថា ខ្សោយប្រាជ្ញា។
៥.ប៉ះពាល់ដល់ការលូតលាស់
ទារកដែលត្រូវបានបៅទឹកដោះម្តាយមានជាតិអាល់កុល គេងមិនបានស្កប់ស្កល់ឡើយ។ នេះជាកត្តាមួយដែលជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍ទូទៅរបស់ទារក ព្រោះការគេងត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ណាស់សម្រាប់ជំរុញដល់ការលូតលាស់។
៦.ទារកអាចស្លាប់ភ្លាមៗ
រោគសញ្ញានៃការទទួលទានគ្រឿងស្រវឹងក្នុងអំឡុងពេលបំបៅដោះកូន ត្រូវបានគេដឹងថា មានឥទ្ធិពលអាក្រក់ទៅលើថ្លើមរបស់ទារក ហើយអាចបង្កើនឱកាសនៃការស្លាប់ភ្លាមៗចំពោះទារកផងដែរ៕