តើអ្នកកំពុងតែតមអាហារ ឬភ្លេចញ៉ាំអាហារញឹកញាប់មែនទេ? ចំពោះមនុស្សដែលចង់សម្រកទម្ងន់មិនជាបញ្ហានោះទេ ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញ គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ នៅពេលក្រពះទទេនឹងបណ្តោលឲ្យរមួលក្អួត ហើយប្រសិនបើអ្នកញ៉ាំនៅពេលឃ្លានខ្លាំងពេកអ្នកនឹងជួបអាការក្អួតដូចគ្នា។ ដូច្នេះស្ត្រីមានផ្ទៃពោះមិនគួរបណ្តោលឲ្យពោះនៅទទេនោះទេ ហើយគួរធ្វើតាមការណែនាំដូចខាងក្រោម ដើម្បីកាត់បន្ថយអាការចាញ់កូន៖
១.មានអាហារសម្រន់នៅក្បែរផ្ទះជានិច្ច
នៅពេលមានផ្ទៃពោះ អ្នកគួរតែរកអាហារសម្រន់ទុកក្បែរខ្លួនជានិច្ច ឬញ៉ាំបង្អែមដែលអ្នកចូលចិត្ត បន្ទាប់ពីភ្ញាក់ពីគេង ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។
២.ញ៉ាំអាហារតិចៗតែច្រើនដង ដើម្បីបំបាត់ភាពអត់ឃ្លាន
នៅពេលថ្ងៃ អ្នកជំនាញបានគេណែនាំឲ្យម៉ាក់ៗព្យាយាមបែងចែកអាហារជាអាហារជាចំណែកតិចៗសម្រាប់ញ៉ាំឲ្យបានច្រើនដង ប៉ុន្តែត្រូវជៀសវាងអាហារដែលមានជាតិខ្លាញ់ និងហិរ។ អ្នកអាចញ៉ាំអាហារបានគ្រប់ពេលដែលមានអារម្មណ៍ថាឃ្លាន ដោយផ្តោតទៅលើអាហារស្រស់ៗ និងឆ្អិនល្អ។
៣.ផ្តោតទៅលើសារធាតុចិញ្ចឹមដែលអ្នកម៉ាក់ត្រូវការ
ព្យាយាមជ្រើសរើសមុខម្ហូបដែលសម្បូរទៅដោយប្រូតេអ៊ីន និងកាបូអ៊ីដ្រាត។ លើសពីនេះ អាហារគួរតែមានផ្ទុកវីតាមីន B6 ព្រោះវាជួយក្នុងការបំបាត់អាការក្អួតចង្អោរ ឬចាញ់គភ៌នៅពេលព្រឹកផងដែរ។
៤.ការផឹកទឹកឲ្យបានត្រឹមត្រូវ
អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយមិនត្រូវផឹកទឹកច្រើនក្នុងពេលតែមួយនោះទេ។ ព្រោះការផឹកទឹកច្រើនបែបនេះ នឹងធ្វើឲ្យក្អួត ចង្អោរ ចាញ់កូនពេលព្រឹក។ ប៉ុន្តែត្រូវផឹកទឹកបន្តិចម្តងៗ ដើម្បីបំបាត់ការស្រេកទឹករបស់អ្នកក្នុងពេលថ្ងៃ ហើយជំនួសមកវិញសូមទទួលទានទឹកផ្លែឈើស្រស់ ឬខែខ្ញី ក៏អាចជួយបំបាត់អាការចាញ់កូននៅពេលព្រឹកបានដែរ។
៥.ញ៉ាំការ៉េម
ដោយសារតែគ្រឿងផ្សំនៃការរ៉េមច្រើនតែមានក្លិនផ្អែមឆ្ងាញ់ ងាយរំលាយ ហើយត្រជាក់ អាចជួយបំបាត់អាការចាញ់កូនបានយ៉ាងងាយស្រួល។
សាកល្បងវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រខាងលើនេះ វានឹងជួយឲ្យអ្នកម៉ាក់រួចផុតពីបញ្ហាក្អួតចង្អោរនៅពេលចាញ់កូនបាន។ ប៉ុន្តែអ្នកម៉ាក់មិនត្រូវទុកឲ្យពោះនៅទទេ រហូតដល់ឃ្លានខ្លាំងនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកចាញ់កូនកាន់តែខ្លាំង៕