នៅពេលមានផ្ទៃពោះ ជារឿយៗអ្នកម៉ាក់មួយចំនួនធំតែងតែទទួលរងនូវបញ្ហាគេងមិនលក់ដោយសារតែការផ្លាស់ប្តូរនៃកម្រិតអ័រម៉ូនក្នុងរាងកាយ រួមទាំងអ័រម៉ូន progesterone ឡើងខ្ពស់ហួសកម្រិតពេលខ្លះធ្វើឲ្យមានអារម្មណ៍ធុញថប់ ធ្លាក់ទឹកចិត្ត និងគេងពុំលក់ ទោះប្រឹងធ្មិចភ្នែកយ៉ាងណាក៏ដោយ។ ជាពិសេសនៅដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ អ្នកម៉ាក់នឹងឈឺចាប់ឆ្អឹងខ្នង ឧស្សាហ៍បត់ជើងតូចញឹកញាប់ ក៏ជាមូលហេតុដែលធ្វើឲ្យពិបាកក្នុងការគេងផងដែរ។
ការគេងមិនលក់រាល់យប់ អាចជះឥទ្ធិពលអវិជ្ជមានទាំងសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។ ដូច្នេះតើធ្វើយ៉ាងណាទើបអ្នកម៉ាក់អាចគេងលក់ស្រួលអំឡុងពេលមានអាអូន? តាមពិតមានវិធីមួយចំនួនដែលអ្នកម៉ាក់អាចសាកល្បងបាន ព្រោះវានឹងជួយកែសម្រួលការគេងឲ្យមានភាពប្រសើរឡើងវិញ។
១.ប្តូរទីតាំងនៃការគេង គឺគេងផ្អៀងមកខាងឆ្វេង វានឹងជួយឲ្យអ្នកម៉ាក់មានអារម្មណ៍សុខស្រួលបំផុត។ តាមរយៈការប្រើខ្នើយកល់នៅចន្លោះជើងទាំងពីរទៀតសោទ វានឹងកាត់បន្ថយសម្ពាធកៀបសង្កត់របស់ស្បូនមកលើសរសៃវ៉ែនផ្នែកខាងស្តាំង ជួយបំបាត់ការឈឺចុកចាប់ឆ្អឹងខ្នង និងកាត់បន្ថយបញ្ហាហើមពោះជាដើម។
២.ជៀសវាងទទួលទានទឹក ៣ម៉ោងមុនពេលចូលគេង ព្រោះវានឹងធ្វើឲ្យអ្នកម៉ាក់ចូលបន្ទប់ទឹកញឹក។
៣.ព្យាយាមកំណត់ពេលវេលាចូលគេង និងភ្ញាក់ក្នុងពេលតែមួយជារៀងរាល់ថ្ងៃ។
៤.ទទួលទានទឹកដោះគោក្តៅៗមុនពេលចូលគេង នឹងជួយឲ្យគេងលក់ស្រួល។
៥.ធ្វើលំហាត់ប្រាណស្រាលៗជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យចរាចរឈាមរត់បានស្រួល និងទទួលទានដំណេកបានល្អប្រសើរ។
៦.ស្តាប់បទចម្រៀងបន្ធូរអារម្មណ៍។
នេះជាបច្ចេកទេសសាមញ្ញដែលអាចជួយឲ្យអ្នកម៉ាក់គេងលក់ស្រួល ប៉ុន្តែតម្រូវឲ្យមានការព្យាយាម និងអនុវត្តជារៀងរាល់ថ្ងៃ៕