បច្ចេកទេសដកដង្ហើម​បែបនេះ អាចបង្កើនអុកស៊ីសែន បំបាត់ភាពតានតឹងអ្នកម្តាយពេលជិតសម្រាល

0
1

នៅពេលជិតសម្រាលស្ត្រីភាគច្រើនតែងតែមានអារម្មណ៍ខ្វល់ខ្វាយមិនឈប់ ហើយបញ្ហាស្ត្រេសកើតឡើងមិនអាចគ្រប់គ្រងបានឡើយ។ តែទោះជាយ៉ាងណាអ្នកជំនាញបានបង្ហាញថា ការបន្ធូរអារម្មណ៍តាមរយៈបច្ចេកទេសដកដង្ហើមអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។

តើការរៀនដកដង្ហើមមុនពេលសម្រាលពិតជាល្អមែនទេ?

ការអនុវត្តដកដ្ហើមតាមចង្វាក់ អាចជួយផលិតអុកស៊ីសែន និងធ្វើឲ្យមានស្មារតីល្អសម្រាប់អ្នកម្តាយ និងកូនមិនទាន់កើត។ វានឹងធ្វើឲ្យមានអារម្មណ៍ធូរស្រាល និងស្ងប់ស្ងាត់ជាងមុន ព្រោះការដកដង្ហើមក្នុងស្ថានភាពស្ត្រេស ព្រមទាំងថប់អារម្មណ៍​ អាចធ្វើឲ្យដង្ហើមខ្លី និងលឿន។ បើខ្វះអុកស៊ីសែន រយៈពេលច្រើនម៉ោង នឹងកើតមានអាការស្ពឹកស្រពន់នៅតាមម្រាមដៃ និងឈឺដូចគេចាក់។ ប៉ុន្តែការរៀនដកដង្ហើមបានត្រឹមត្រូវមុនពេលសម្រាល អាចជួយឲ្យរាងកាយអ្នកម្តាយមានថាមពល មិនសូវហត់នឿយក្នុងការរុញច្រានកូនចេញមកក្រៅ។

បច្ចេកទេសក្នុងការដកដង្ហើមមុនពេលសម្រាល

១.ចាប់ផ្តើមដកដង្ហើមយឺតៗ

អ្នកត្រូវតែរំលឹកខ្លួនឯងជានិច្ចថា ការដកដង្ហើមញាប់ ឬខ្លីៗមិនបានធ្វើឲ្យរាងកាយប្រសើរឡើងនោះទេ ពេលខ្លះយើងគួរបន្ថយល្បឿន។ ការដកដង្ហើមយឺតៗត្រូវបានបែងចែកជាពីរ គឺដង្ហើមចូល និងដង្ហើមចេញ។ តាមរយៈការដកដង្ហើមចូល អ្នកត្រូវដកដង្ហើមយឺតៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យរាងកាយទទួលអុកស៊ីសែនកាន់តែច្រើន។

២.ការដកដង្ហើមចូល និងចេញ

ការដកដង្ហើមគួរតែត្រូវបានដាក់ចន្លោះសម្រាប់ដង្ហើមនីមួយៗ ដើម្បីឲ្យដង្ហើមមិនឆ្លងកាត់ឆាប់រហ័យពេក។ ឧទាហរណ៍ការដកដង្ហើមចូលរាប់យឺតៗ១-២-៣ បន្ទាប់មកបញ្ចេញមកវិញរាប់យឺតៗ ១-២-៣។ ធ្វើបែបនេះជាប្រចាំ ហើយមានការផ្តោតអារម្មណ៍កាន់តែខ្លាំង គឺកាន់តែប្រសើរសម្រាប់អ្នកម្តាយ។

៣.ស្រូបដង្ហើមតាមច្រមុះ និងបញ្ចេញតាមមាត់

ការដកដង្ហើមចូលតាមច្រមុះ ហើយបញ្ចេញមកវិញតាមមាត់ អាចធ្វើឲ្យអារម្មណ៍របស់អ្នកម្តាយកាន់តែប្រសើរឡើង ជាពិសេសអំឡុងពេលសម្រាល គឺអាចកាត់បន្ថយភាពតានតឹងបាន។

បច្ចេកទេសដកដង្ហើមនេះ ត្រូវបានគេជឿជាក់ថា អាចធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ធូរស្បើយ ហើយបង្កភាពងាយស្រួលដល់ការផ្តល់កំណើតដល់កូន។ មិនថាឡើយស្ត្រីជិតសម្រាល សូម្បីតែស្ត្រីដែលកំពុងតែពពោះក៏ទទួលបានអត្ថប្រយោជន៍ពិការដកដង្ហើមនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here