មនុស្សភាគច្រើនយល់ថា ការផឹកទឹកដូងច្រើនអំឡុងពេលមានផ្ទៃពោះ អាចជួយបង្កើនទឹកភ្លោះបាន។ ទោះជាយ៉ាងណាអ្នកជំនាញបាននិយាយថា នេះគឺជាការយល់ខុស។
ទឹកដូង ត្រូវបានគេចាត់ទុកជាភេសជ្ជៈធម្មជាតិដ៏ពេញនិយមបំផុតសម្រាប់មនុស្សទាំងឡាយ ជាពិសេសនារដូវក្តៅតែម្តង។ វាមិនត្រឹមតែផ្តល់ប្រយោជន៍យ៉ាងច្រើនចំពោះមនុស្សទៅទូនោះទេ សូម្បីស្ត្រីមានផ្ទៃពោះ និងកូនមិនទាន់កើតក៏ទទួលបានប្រយោជន៍ដូចគ្នាដែរ។
ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះនៅតែមានមនុស្សជាច្រើនយល់ថា ការផឹកទឹកដូង អាចបំពេញទឹកភ្លោះដែលខ្វះខាតបាន តើជាការពិតទេ? ទឹកភ្លោះ គឺជាសារធាតុរាវសម្បូរទៅដោយសារធាតុចិញ្ចឹមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតទារក និងការវិវត្តនៅក្នុងស្បូន។ ការមានទឹកភ្លោះគ្រប់គ្រាន់ គឺជាសញ្ញាមួយដែលបង្ហាញថា ទារកកំពុងតែមានការលូតលាស់ល្អតាមដំណាក់កាល ហើយស្បូនរបស់អ្នកម្តាយក៏មានសុខភាពល្អផងដែរ។
អ្នកជំនាញបានបន្តទៀតថា ទឹកដូងមានពណ៌ស្រដៀងទៅនឹងទឹកភ្លោះដែរ ដូច្នេះមនុស្សមួយចំនួនគិតថា ការទទួលទានទឹកដូង អាចជួយបង្កើតទឹកភ្លោះបានគ្រប់គ្រាន់។ តែការទទួលទានទឹកដូង មិនអាចជួយបង្កើនបរិមាណទឹកភ្លោះបាននោះទេ គឺមានតែគ្រូពេទ្យប៉ុណ្ណោះទើបអាចជួយបាន។
ត្រូវចាំថា កម្រិតទឹកភ្លោះទាប អាចមានផលវិបាកដល់ការវិវត្តនៃសួតរបស់ទារក ប៉ះពាល់ដល់ចរន្តនៃទងផ្ចិតក្នុងការរក្សាគភ៌ និងការរំលាយអាហាររបស់ទារកក៏មានបញ្ហាដែរ។ យកល្អស្ត្រីត្រូវទៅពិនិត្យពោះឲ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ ប្រសិនបើខ្វះទឹកភ្លោះមែននោះគ្រូពេទ្យនឹងណែនាំថាត្រូវយ៉ាងណាហើយ៕