អ្នកម្តាយដែលមានបុខរបរជាអ្នកទទួលភ្ញៀវ អ្នកលក់ដូរ ឬចូលចិត្តឈរធ្វើម្ហូបដោយខ្លួនឯង ឬក៏ធ្វើកិច្ចផ្ទះរាល់ថ្ងៃ តើអាចប្រឈមនឹងហានិភ័យ ឬមានផលប៉ះពាល់ណាមួយដល់ទារកមិនទាន់កើតដែរទេ? ប្រសិនបើប៉ះពាល់ តើប៉ះពាល់កម្រិតណា?
អ្នកជំនាញបានណែនាំថា អ្នកម្តាយដែលឈរច្រើនពេកអំឡុងពេលពពោះ អាចមានផលអាក្រក់ដល់ទារកមិនទាន់កើត។ ជាពិសេសអ្នកដែលឈររាប់ម៉ោងរាល់ថ្ងៃ មានហានិភ័យសម្រាលកូនមិនគ្រប់ខែ ព្រោះឥរិយាបទនេះរំខានដល់ការលូតលាស់ និងការវិវត្តរបស់ទារក។ ទារកមានក្បាលតូច និងមានទម្ងន់ស្រាល ដោយសារតែកំឡុងពេលដែលអ្នកម្តាយឈរជារឿយៗធ្វើឲ្យមានសម្ពាធឈាមខ្ពស់។ មិនតែប៉ុណ្ណោះ អ្នកម្តាយនឹងមានការឈឺចាប់ផ្នែកខាងក្រោមរាលដាលដល់ភ្លៅ ហើមជើង ហើមដងខ្លួន និងបង្កឲ្យមានការឈឺចាប់តំបន់អាងត្រគាក។
នៅពេលស្ត្រីមានផ្ទៃពោះត្រូវឈរយូរ តើគួរធ្វើអ្វី?
១.ធ្វើចលនាដងខ្លួនៅពេលឈរឲ្យបានញឹកញាប់ ដើម្បីការពារកុំឲ្យឈាមកក និងធ្វើឲ្យរាងកាយហើម។
២.ទទួលទានទឹកឲ្យបានច្រើន។
៣.ជ្រើសរើសទ្រនាប់ជើងដែលសមល្មមនឹងជើង ហើយមានសភាពទន់ ដើម្បីការពារការឈឺខ្នង។
៤.បន្ទាប់ពីឈរយូរសូមអង្គុយ និងសម្រាលនៅកន្លែងដែលមានផាសុខភាពរយៈពេល ១៥ទៅ ២០នាទី។
៥.ប្រសិនបើអ្នកដឹងថាត្រូវឈរមានរយៈពេលយូរ ព្យាយាមរកកៅអីតូចមួយដាក់នៅក្បែរខ្លួន ហើយដាក់ជើងពីលើ នឹងផ្លាស់ប្តូរជើងឲ្យញឹកញាប់ វានឹងជួយបំបាត់ការឈឺខ្នង។
ប្រសិនបើអ្នកម្តាយរូបណាមានតម្រូវការឈរយូរ អាចសាកល្បងអនុវត្តល្បិចទាំងនេះ ដើម្បីសម្របខ្លួនទៅនឹងជីវិតប្រចាំថ្ងៃរបស់អ្នក៕