មិនចង់ឲ្យកូនក្នុងផ្ទៃមានរឿងអី អ្នកម៉ាក់ត្រូវប្រយ័ត្នប្រយែងរឿងទាំងនេះ

0
1

ជាការពិតណាស់ ពេលមានផ្ទៃពោះជាពេលវេលាមួយដ៏រំភើប ហើយក៏ជាពេលដែលលំបាកបំផុតសម្រាប់ស្ត្រីគ្រប់រូបផងដែរ។ ព្រោះស្ត្រីត្រូវសម្របខ្លួនជាមួយការផ្លាស់ប្តូរទាំងរាងកាយ និងផ្លូវចិត្តផងដែរ។ ប៉ុន្តែដើម្បីជួយឲ្យកូនក្នុងផ្ទៃ និងខ្លួនឯងមានសុខភាពល្អ អ្នកគួរប្រុងប្រយ័ត្នរឿងមួយចំនួន។

១.ជំងឺធ្លាក់ទឹកចចិត្ត និងភាពតានតឹង

ដោយសារតែស្ត្រីសព្វថ្ងៃត្រូវទទួលបន្ទុកជាមេផ្ទះផង និងការរកលុយជួយផ្គត់ផ្គង់គ្រួសារផង ធ្វើឲ្យពួកគេអាចប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តបានយ៉ាងងាយ។ ដូច្នេះពេលពពោះត្រូវមានការលើកទឹកចិត្តពីសមាជិកគ្រួសារ ជាពិសេសស្វាមីតែម្តង ទើបអាចជួយសម្រាលភាពធុញថប់រហូតដល់ពេលសម្រាល។ តែប្រសិនបើអ្នកម្តាយងាយនឹងមានបញ្ហាស្ត្រេសត្រូវតែចាប់ផ្តើមរកមូលហេតុឲ្យឃើញ ហើយគ្រប់គ្រងដើម្បីដោះស្រាយមុនពេលហួសពេល។

២.កុំប្រើថ្នាំមួយចំនួនអំឡុងពេលពពោះ

អ្នកម្តាយមួយចំនួនដែលមានបញ្ហាសុខភាព ប្រហែលជាត្រូវលេបថ្នាំបំប៉នវីតាមីនជាទៀងទាត់។ ប៉ុន្តែអ្នកជំនាញបានណែនាំថា ពេលមានផ្ទៃពោះស្ត្រីមិនគួរប្រើថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់កូនមិនទាន់កើត។ ថ្នាំមួយចំនួនដែលត្រូវបានណែនាំឲ្យជៀសវាង គឺថ្នាំបន្ថយមុន ថ្នាំប្រឆាំងនឹងមុន ថ្នាំគ្រាប់វីតាមីន ថ្នាំផ្តាសាយ… លើកលែងករណីដែលបានពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ដោយសារតែគ្រោះថ្នាក់នៃជាតិគីមីនៅក្នុងថ្នាំវេជ្ជសាស្ត្រ អាចប៉ះពាល់ដល់ទារករហូតដល់រលូតបាន។

៣.ជៀសវាងអាហារពាក់កណ្តោលឆ្អិន ពាក់កណ្តោលឆៅ

ជាទូទៅអ្នកម្តាយមានផ្ទៃពោះនៅពេលដែលចាញ់កូន តែងតែចង់ញ៉ាំអាហារផ្តេសផ្តាសមានទាំងស្ទើរឆ្អិនស្ទើរឆៅ ឬឆៅតែម្តង ដូចជាក្តាមសមុទ្រ ងាវ អ័យស្ទីរ ជាដើម។ ប៉ុន្តែអាហារទាំងនោះ ពិតជាមិនសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ ព្រោះវាអាចបង្កឲ្យមានបញ្ហាពុល និងប៉ះពាល់ដល់ទារកមិនទាន់កើត។

៤.ជៀសវាងការជក់បារី

ដោយសារតែបារី​ មានផ្ទុកសារធាតុមួយដែលហៅថា នីកូទីន មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះទារក។ វាអាចបណ្តោលឲ្យរលូត កើតមិនគ្រប់ខែ ចង្វាក់បេះដូងលោតមិនទៀងទាត់ ករណីខ្លះខូចខាតសរីរាង្គណាមួយ។

៥.កុំធ្វើដំណើរផ្លូវឆ្ងាយ

ការធ្វើដំណើរដោយជិះម៉ូតូ អាចបង្កឲ្យមានការរំញ័រ ជាពិសេសបើផ្លូវរលាក់ខ្លាំង អាចធ្វើឲ្យកូនក្នុងផ្ទៃរលូតបាន។ ហេតុនេះកុំជិះម៉ូតូ ឬទូកគ្រប់ប្រភេទ ជាពិសេសបើផ្លូវឆ្ងាយ។

ទាំងនេះគឺជារឿងសាមញ្ញៗដែលអ្នកត្រូវដឹង ពីព្រោះប្រសិនបើអ្នកបង្ខំ ឬប្រថុយ ប្រព្រឹត្តិវាទៀត នោះនឹងមានផលអវិជ្ជមានដល់សុវត្ថិភាពកូនមិនទាន់កើតជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here