មនុស្សមួយចំនួនយល់ថា ការផឹកស្រា ឬស្រាបៀរអាចជួយលាងសម្អាត សារធាតុសៗដូចជាក្រែមរុំនៅជុំវិញទារក (ភាសាបច្ចេកទេសហៅថាwax)។ ប៉ុន្តែអ្នកជំនាញបានបង្ហាញថា វាអាចជៈឥទ្ធិពលអាក្រក់ដល់ទារកដែលមិនទាន់កើត។
តាមពិតសារធាតុសៗ ឬលឿង ដែលរុំនៅជុំវិញទារក មានប្រយោជន៍ច្រើនជាងភាពអវិជ្ចមាន។ វាមានតួនាទីការពារទារកអំឡុងពេលមានផ្ទៃពោះ ទាក់ទងនឹងសីតុណ្ហភាពរាងកាយមុនពេលកើត គឺផ្តល់ភាពកក់ក្តៅដល់ទារក និងជាខែការពារប្រឆាំងនឹងមេរោគ ព្រមទាំងបាក់តេរីផងដែរ។ ព្រោះទារកមិនទាន់កើតមិនទាន់មានប្រព័ន្ធភាពស៊ាំពេលលេញទេ សូម្បីតែក្រោយពេលសម្រាលបានពីរបីថ្ងៃក៏ដោយ ក៏សារធាតុសៗមិនគួរលាងសម្អាតចេញឡើយ។ ប៉ុន្តែគួរតែរង់ចាំវារលាយបាត់ដោយខ្លួនឯងផ្ទាល់ ព្រោះប្រព័ន្ធភាពស៊ាំនឹងបង្កើតបានជាបណ្តើរៗ យោងតាមយន្តការធម្មជាតិ ប៉ុន្តែប្រសិនបើអ្នកចង់សម្អាត និងលាងសារធាតុសៗនេះចេញ គួរតែប្រើក្រណាត់ទន់ៗជូតសម្អាត។ ដូច្នេះ ជំនឿថាការផឹកស្រាអាចសម្អាតជាតិសារធាតុសៗនៅជុំវិញខ្លួនទារក វាមិនពិតឡើយ តែផ្ទុយទៅវិញវាអាចបង្កគ្រោះថ្នាក់ដល់កូនមិនទាន់កើត។
ហេតុផលមួយទៀតនៅពេលផឹកស្រា ជាតិអាល់កុលនឹងបញ្ចូនទៅកាន់ទារក បន្ទាប់មកវាប៉ះពាល់ផ្ទាល់ដល់សរីរាង្គទារក រួមមានបេះដូង ថ្លើម តម្រងនោម ខួរក្បាល ដែលកំពុងតែលូតលាស់។ នៅពេលជាតិអាល់កុលចូលក្នុងខ្លួន ទារកមិនអាចបណ្តេញចេញមកក្តៅបានទេ ហើយទីបំផុតជាតិពុលនឹងកើតឡើង។ ជាពិសេសចំពោះស្ត្រីដែលពពោះទើបតែបាន៣ខែ កាន់តែមានគ្រោះថ្នាក់បំផុត។ ដោយសារតែ ដំណាក់កាលនេះសរីរាង្គទារកកំពុងតែបង្កើតឡើង ដែលអាចបណ្តោលឲ្យទារកខូចខួរក្បាល កើតជំងឺវិកលចរិក រាងកាយទន់ខ្សោយ បេះដូងដំណើរការខុសប្រក្រតី ប្រព័ន្ធអភិវឌ្ឍរាងកាយមិនល្អ ឬធ្ងន់ធ្ងររហូតដល់រលូតបាន។
ការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទសុទ្ធតែបង្កផលប៉ះពាល់ដល់ទារក ដូច្នេះសូមជំនួសដោយទឹកផ្លែឈើស្រស់វិញ ដើម្បីផ្តល់ប្រយោជន៍ដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ៕