ការរមួលក្រពើ គឺជារោគសញ្ញាទូទៅសម្រាប់ស្ត្រីពេលមានផ្ទៃពោះ។ វាត្រូវបានគេរកឃើញញឹកញាប់បំផុតក្នុងរយៈពេល ៦ខែនៃការមានផ្ទៃពោះ ហើយរោគសញ្ញាកាន់តែធ្ងន់ធ្ងរក្នុងរយៈពេល ២ខែបន្ទាប់ពីសម្រាល។ ជារឿយៗបញ្ហារមួលក្រពើកើតឡើងតំបន់កំភួនជើង និងម្រាមជើង ហើយនៅពេលដែលវាកើតត្រូវតែមានដំណោះស្រាយដើម្បីកាត់បន្ថយភាពឈឺចាប់។
មូលហេតុអ្វីដែលបណ្តោលឲ្យអ្នកម្តាយមានបញ្ហារមួលក្រពើ?
មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាការរមួលក្រពើកើតមានចំពោះស្ត្រីមានផ្ទៃពោះ។ អ្នកវេជ្ជសាស្ត្រជឿជាក់ថា បញ្ហានេះបណ្តោលមកពីជាតិកាល់ស្យូមនៅក្នុងឈាមមានកម្រិតទាប ពីព្រោះទារកនៅក្នុងផ្ទៃបានស្រូបយកកាល់ស្យូមពីម្តាយ ដើម្បីបង្កើតឆ្អឹង និងធ្មេញ។ វាក៏អាចបណ្តោលមកពីការរអាក់រអួលនៃលំហូរឈាម ដែលធ្វើឲ្យស្ទះឈាមនៅក្នុងកំភួនជើង កង្វះអុកស៊ីសែន និងការឈឺចុកចាប់កើតឡើង។
ទោះជាយ៉ាងណា បញ្ហារមួលក្រពើសម្រាប់ស្ត្រីមានផ្ទៃពោះអាចគ្រប់គ្រងបាន ប្រសិនបើអ្នកអនុវត្តបច្ចេកទេសទាំងនេះ៖
១.អ្នកត្រូវអង្គុយសណ្តូកជើងឲ្យត្រង់ ហើយរកក្រមា ឬកន្សែងវែង មកទាក់ចុងជើង ប្រសិនបើកំភួនជើងមានបញ្ហារមួលក្រពើ។ បន្ទាប់មកអ្នកត្រូវទាញក្រមានោះឡើង ឬឲ្យនរណាម្នាក់ពត់ចុងជើងរបស់អ្នកឡើង ដើម្បីឲ្យសាច់ដុំកំភួនជើងលាតសន្ធឹង។
២.អ្នកម្តាយគួរទទួលទានអាហារដែលមាសម្បូរជាតិកាល់ស្យូមខ្ពស់ រួមមានទឹកដោះគោ បន្លែបៃតងគ្រប់ប្រភេទ ល្ងខ្មៅ សណ្តែកក្រហម ទឹកគោក្តៅមុនពេលចូលគេង។ វិធីនេះអាចជួយឲ្យអ្នកម្តាយគេងលក់ស្រួល និងជួយបំពេញតម្រូវការជាតិកាល់ស្យូម សម្រាប់ម្តាយ និងកូនមិនទាន់កើតបានគ្រប់គ្រាន់។
៣.ការម៉ាស្សាកំភួនជើង ក៏ជាវិធីសាស្ត្រកាត់បន្ថយបញ្ហាឈឺចាប់ដោយសារតែបញ្ហារមួលក្រពើដែរ ប៉ុន្តែត្រូវមានអ្នកជួយម៉ាស្សាទើបបានប្រសើរ។
៤.ប្រសិនបើអ្នកអនុវត្តតាមវិធីខាងលើនេះ ពីរទៅបីដងហើយនៅតែមិនបានធូរស្បើយ ឬរោគសញ្ញានៅតែបន្តកើតជារៀងរាល់ថ្ងៃទៀតនោះ ត្រូវប្រញាប់ទៅជួនគ្រូពេទ្យជាបន្ទាន់។
បញ្ហារមួលក្រពើ អាចកើតមានឡើងចំពោះស្ត្រីមានផ្ទៃពោះភាគច្រើន ប៉ុន្តែដើម្បីដោះស្រាយបញ្ហា អ្នកគួរតែព្យាយាមបរិភោគអាហារបំប៉ន និងមាននរណាម្នាក់នៅចាំថែរក្សាអ្នកទើបប្រសើរ៕