បច្ចុប្បន្ននេះ ទូរស័ព្ទបានក្លាយទៅជាឧបករណ៍សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ក្នុងការទំនាក់ទំនងគ្នា លេងបណ្តោញសង្គម ទស្សនាបទចម្រៀង ឬវីដេអូកំសាន្តផ្សេងៗ។ ប៉ុន្តែតើស្ត្រីមានផ្ទៃពោះអាចប្រើទូរស័ព្ទបានទេ?
ស្ត្រីមានផ្ទៃពោះអាចប្រើបាននៅពេលដែលចាំបាច់ ក្នុងរយៈពេលដ៏ខ្លី វាមិនបង្កឲ្យមានផលប៉ះពាល់អ្វីឡើយ។ ប៉ុន្តែអ្នកគួរតែជៀសវាងនិយាយទូរស័ព្ទយូរ ឬលេងទំនាក់ទំនងសង្គមយូរពេក ព្រោះវាអាចប៉ះពាល់ដល់ការវិវត្តទារក ហើយអ្នកម្តាយក៏មានការឈឺចាប់ផងដែរ ជាពិសេសតំបន់ក។
តើការប្រើទូរស័ព្ទអំឡុងពេលមានផ្ទៃពោះ មានផលប៉ះពាល់អ្វីខ្លះ?
ផលប៉ះពាល់ចំពោះអ្នកម្តាយ៖ ការនិយាយទូរស័ព្ទយូរ មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកខួរក្បាល។ លើសពីនេះទៅទៀត ការប្រើទូរស័ព្ទក្នុងរយៈពេលយូរ ក៏ជះឥទ្ធិពលដល់ការឈឺខ្នង ឈឺស្មា ឈឺក…។
ផលប៉ះពាល់ចំពោះទារកមិនទាន់កើត៖ តាមការស្រាវជ្រាវបានរកឃើញថា ទូរស័ព្ទមានរលកវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច ដែលជារលកកម្តៅអាចជ្រាបចូលស្បែកបានត្រឹម ១ទៅ២សង់ទីម៉ែត្រ ហើយរលកកម្តៅនេះអាចបំផ្លាញកោសិកាប្រសាទយ៉ាងខ្លាំងនៅពេលអ្នកនិយាយយូរ ឬលេងទូរស័ព្ទយូរ។ ការបំផ្លាញកោសិកាទារកអាចបណ្តោលឲ្យទារក មានការពន្យាពេលក្នុងការអភិវឌ្ឍខួរក្បាលខុសប្រក្រតី បាត់បង់ការផ្ចង់អារម្មណ៍ និងមានប្រព័ន្ធភាពស៊ាំទាប។
តាមការស្រាវជ្រាវក៏បានរកឃើញដែរថា រលកវិទ្យុសកម្មអាចបំផ្លាញជាលិកាខួរក្បាលកុមារនៅអាយុ ៥ឆ្នាំ ច្រើនជាងមនុស្សពេញវ័យរហូតដល់ទៅ៥ដង។ ជាពិសេសប្រសិនបើកុមារទម្លាប់លេងទូរស័ព្ទយូរ អាចប្រឈមនឹងជំងឺមហារីកខួរក្បាល ជះឥទ្ធិពលដល់ការអភិវឌ្ឍរាងកាយ និងភាពឆ្លាតវៃរបស់កុមារ។
ដូច្នេះអ្នកម្តាយគួរតែជៀសវាងការប្រើប្រាស់ទូរស័ព្ទយូរពេក ហើយប្រសិនបើចាំបាច់ត្រូវនិយាយយូរគួរតែប្រើកាស។ ដើម្បីកាត់បន្ថយវិទ្យុសកម្ម អ្នកមិនត្រូវទុកទូរស័ព្ទនៅក្បែរខ្លួនអំឡុងពេលគេងនោះទេ ឬបិទទូរស័ព្ទចោលកាន់តែល្អ៕